តុលាការកំពូល បដិសេធសំណើសុំដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ ដោយសម្រេចបន្តឃុំខ្លួនពួកគេក្នុងពន្ធនាគារ ក្រោមបទចោទ «រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ» តាមសាលដីការបស់សាលាដំបូងដដែល។
តុលាការកំពូលក្រុងភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ បានបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដោយប្រកាសសាលក្រមឱ្យអ្នកទាំង ៥នាក់មានទោសពីបទ «រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ» តាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដូចមុនដដែល។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលបានបើកសវនាការពិនិត្យសំណើសុំដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ បន្ទាប់ពីពួកគេដាក់ពាក្យបណ្តឹងសាទុក្ខប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូង កាលពីខែកក្កដា ឆ្នាំ២០២៤ និងស្នើសុំការដោះលែងឱ្យមានសេរីភាពឡើងវិញនោះ។
កាលពីខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ ឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំដល់ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ» ប៉ុន្តែក្នុងចំណោមនោះ គឺមានតែសកម្មជន ៥នាក់ប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារសព្វថ្ងៃនេះ។
សកម្មជនទាំង ៥នាក់នេះ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការផ្ដន្ទាទោសពីបទ «រួមគំនិតក្បត់» ចំណែកលោក យីម លាងហ៊ី ត្រូវបានតុលាការផ្ដន្ទាទោសមួយបន្ថែមទៀត គឺពីបទ«ប្រមាថអង្គព្រះមហាក្សត្រ»។
សកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខុសៗពីគ្នា ក្នុងនោះ៖
- លោក ថុន រដ្ឋា ត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ
- កញ្ញា ភួន កែវរស្មី ត្រូវឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់
- លោក លី ចាន់ដារ៉ាវុធ ត្រូវបានឃុំនៅពន្ធនាគារខេត្តកណ្ដាល
- កញ្ញា ឡុង គន្ធា ត្រូវបានឃុំនៅពន្ធនាគារខេត្តព្រះវិហារ
- និងលោក យីម លាងហ៊ី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ។
គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នេះ អ្នកទាំង ៥នាក់ ត្រូវបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ៦០៨ថ្ងៃហើយ ដែលស្មើនឹង ២០ខែគត់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការសម្ព័ន្ធសង្គមស៊ីវិលសកល (CIVICU) បានប្រកាសធ្វើយុទ្ធនាការសកលដែលមានឈ្មោះថា សាក្សីរបស់ខ្ញុំ (Stand As My Witness) លើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិកម្ពុជាទាំង ៥នាក់នេះ។
ប្រភពដដែល បញ្ជាក់ថា សកម្មជនមាតាធម្មជាតិជាប់ពន្ធនាគារដោយសារការតស៊ូមតិដោយសន្តិវិធី ដើម្បីកិច្ចការពារបរិស្ថាន ហើយការផ្ដន្ទាទោសអ្នកទាំងនេះ គឺមានគោលបំណងយ៉ាងច្បាស់ក្នុងការទប់ស្កាត់សកម្មភាព និងបំបិទសំឡេងរបស់ពួកគេ ដូច្នេះអាជ្ញាធរកម្ពុជាត្រូវតែលុបចោលការផ្ដន្ទាទោសទាំងអយុត្តិធម៌ចំពោះពួកគេជាបន្ទាន់។
អង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្ស (លីកាដូ) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មេសា នេះថា សកម្មជនមាតាធម្មជាតិទាំងនេះ ស្ថិតក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទ្ធិជិត ១០០នាក់ (៩៧នាក់) រួមមាន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលត្រូវបានជាប់ក្នុងពន្ធនាគារដោយសារតែការបញ្ចេញមតិរបស់ពួកគេ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

