26.6 C
Phnom Penh

ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​ចម្បាំង​នឹង​ថៃ និង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​សេដ្ឋកិច្ច បាន​និយាយ​ជា​ហូរហែ​មក​ថា គ្រា​ណា​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ អ្វីៗ​ផ្សេង​ទៀត​ក៏​នឹង​ឡើង​ថ្លៃ​តាម​គ្នា​ដែរ។ បន្ទុក​ធ្ងន់​បំផុត​ធ្លាក់​លើ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការ​នាំចូល​ប្រេង​ពី​បរទេស ជាពិសេស​ពឹង​លើ​ប្រភព​តិច។

ប្រទេស​កម្ពុជា មុន​ពេល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ ពឹងផ្អែក​ការ​នាំចូល​ប្រេង​ឆេះ មាន​សាំង ម៉ាស៊ូត ជាដើម ប្រមាណ​ជាង ២៩%។ ក្រៅពី​នេះ នាំចូល​ពី​ប្រទេស​យៀកណាម ដែល​នាំចូល​ពី​ប្រទេស​ចិន។ ប្រទេស​យៀកណាម ត្រូវ​នាំចូល​ប្រេងសាំង​យន្តហោះ​ពី​ប្រទេស​ថៃឡង់ដ៍។

ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​អ៊ីរ៉ង់ បិទ​ច្រក​សមុទ្រ​ហ័រមូស​នៃ​សមុទ្រ​ពែក្ស ប្រទេស​ថៃឡង់ដ៍ ផ្អាក​លក់​ប្រេង​ឲ្យ​ប្រទេស​យៀកណាម ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​យៀកណាម កាត់បន្ថយ​ជើងយន្តហោះ​ទៅ​ប្រទេស​នានា។ ជាមួយ​គ្នា​នេះ ប្រទេស​ជាច្រើន​គិត​អំពី​បរិមាណ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​សម្រាប់​តម្រូវការ​ក្នុង​ស្រុក​រៀងៗ​ខ្លួន។

ប្រទេស​កម្ពុជា ងាក​ទៅ​រក​ទិញ​ប្រេង​ចម្រាញ់​ស្រេចៗ​ពី​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី ដែល​អាច​នឹង​ថ្លៃ​ជាង​ប្រេង​ដឹក​ពី​ប្រទេស​យៀកណាម និង​ពី​ប្រទេស​ថៃឡង់ដ៍ ដោយសារ​ចម្ងាយ។ មុន​ពេល​មាន​ជម្លោះ​ព្រំដែន ពលករ​ខ្មែរ​ជិត ១​លាន​នាក់​បាន​វិល​មក​ស្រុកកំណើត​វិញ។ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ចូល​មក​ប្រទេស​កម្ពុជា គិត​ជា​ផលទុន​ក្នុង​ស្រុក​សរុប GDP ប្រមាណ ៣៧% ពី​ជិត ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ មក​នៅ​ជិត ២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Straits Times ផ្សាយ​ថ្ងៃទី​៣១ ខែ​មីនា។

ក្រោយ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា ខ្មែរ​ឈប់​នាំ​ប្រេង​ឆេះ និង​ទំនិញ​ផ្សេងៗ​ពី​សៀម តាម​ច្រក​ចេញ​ចូល​ស្រប​ច្បាប់។ នេះ​បង្ក​ឲ្យ​មាន​សកម្មភាព​រត់ពន្ធ​ទំនិញ​គេច​ពន្ធ​តាម​ព្រំដែន​គោក និង​តាម​ផ្លូវ​ទឹក។

កាសែត​ខ្មែរថែមស៍ ផ្សាយ​ថា ក្រសួង​ពាណិជ្ជកម្ម បាន​ដំឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ពីរ​ដង​ក្នុង​រយៈពេល ៧២​ម៉ោង ពី​តម្លៃ ៧៥០០​រៀល​នៅ​ថ្ងៃទី​១ ខែ​មេសា ដល់ ៨១០០​រៀល ឬ ២​ដុល្លារ​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេង​ម៉ាស៊ូត​នៅ​ថ្ងៃទី​៤ ខែ​មេសា គឺ​ស្មើ​នឹង​ដំឡើង ៨% ក្នុង​រយៈពេល​បី​ថ្ងៃ។

បន្ទាប់ពី​អាជ្ញាធរ​ចាប់​ខ្លួន​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ឈ្មោះ Ly Xiong បញ្ជូន​ទៅ​ស្រុក​ចិន ធនាគារ​ជាតិ​នៃ​កម្ពុជា បិទ​ខ្ទប់​គណនេយ្យ​ម្ចាស់​ប្រាក់​ក្នុង​ធនាគារ​នេះ ហើយ​ប្រាប់​ម្ចាស់​ប្រាក់​តម្កល់​ទុក​ក្នុង​ធនាគារ​ទាំងអស់​ថា រដ្ឋ​គ្មាន​វិធានការ​ដោះស្រាយ​ប្រាក់​របស់​អតិថិជន​ទាំងនោះ​ទេ ហើយ​ថា​ខ្លួន​គ្មាន​មូលដ្ឋាន​ច្បាប់​ដើម្បី​ទទួលស្គាល់​ម្ចាស់​ប្រាក់​ដាក់​ក្នុង​ធនាគារ Huione Group នោះ​ទេ។

គួរ​បញ្ជាក់​ថា ធនាគារ​បរទេស​ដែល​ចង់​រកស៊ី​នៅ​ស្រុក​ខ្មែរ​ត្រូវ​មាន​ដើមទុន​យ៉ាងតិច ៧៥​លាន​ដុល្លារ ហើយ​ត្រូវ​តម្កល់​ប្រាក់ ១០% ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ដំណាលៗ​ពេល​គ្នា​នេះ ព្រឹត្តិបត្រ The Mekong Memo ផ្សាយ​ដោយ​ក្រុម​ពិគ្រោះ​ការងារ Horton International អំពី​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​បញ្ជា​ឲ្យ​ចាកចេញ​ពី​ដីធ្លី ផ្ទះសម្បែង​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដើម្បី​ឲ្យ​ដី​ទៅ​ក្រុមហ៊ុន​ចិន។ តាម​បញ្ជា ពលរដ្ឋ​ប្រមាណ ៤០០​គ្រួសារ ត្រូវ​ចាកចេញ​ឲ្យ​បាន​មុន​ថ្ងៃទី​១៣ ខែ​មេសា នេះ ព្រោះ​រាជរដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ទំហំ​ជិត ៦​ពាន់​ហិកតា​ដល់​ក្រុមហ៊ុន​បណ្ដាក់ទុន​មហា​មូលហេតុ​ចិន China Great Cause។ រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​សំណង​មួយ​ហិកតា ចំនួន ៣០០​ដុល្លារ។

កាលពី​ថ្ងៃទី​២ ខែ​មេសា សប្តាហ៍​មុន កាសែត​ថៃ ខាវស៊ុត ផ្សាយ​អំពី​កម្មករ​កាណូត​ខ្មែរ​រត់ពន្ធ​សាច់​ក្តាម​សមុទ្រ​ទម្ងន់​ជិត ២​តោន។ កង​នាវាចរណ៍​ថៃ បាន​ឃាត់​ទុក​កាណូត​ដែល​មាន​កម្មករ​ស៊ីឈ្នួល​បើកបរ​ពីរ​នាក់​នោះ ហើយ​រក​ឃើញ​មាន​ប្រអប់​ដាក់​សាច់​ក្តាម​បង្កក​ចំនួន ៦៦​ប្រអប់។ កាណូត​ពីរ​ទៀត​កំពុង​ប្រមូល​ទំនិញ​ផ្សេងៗ​ផ្ទុក​ត្រៀម​ដឹក​ចូល​មក​ស្រុក​ខ្មែរ​វិញ​នៅ​ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត។

កម្មករ​ខ្មែរ​ម្នាក់​អាយុ ៤៨​ឆ្នាំ ម្នាក់​ទៀត​អាយុ ៦៣​ឆ្នាំ បាន​សារភាព​ថា គាត់​បាន​ដឹក​ទំនិញ​គេច​ពន្ធ ៤-៥​ជើង​ហើយ ដោយ​មួយ​ជើងៗ​បាន​ប្រាក់ ១​ពាន់​បាត។ ពួកគាត់​សម្រេច​ចិត្ត​ធ្វើ​ដូច្នោះ មកពី​ខ្វះ​ថវិកា​ឧបត្ថម្ភ​គ្រួសារ និង​ឲ្យ​កូន​រៀនសូត្រ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស