34.1 C
Phnom Penh

អ្នក​សង្កេតការណ៍​ងឿងឆ្ងល់​ថា​ហេតុ​អ្វី​រដ្ឋាភិបាល​កម្ពុជា​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច ងឿងឆ្ងល់​ថា តើ​ហេតុ​អ្វី​កម្ពុជា​មិន​ប្តឹង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឱ្យ​បកស្រាយ​សាលក្រម​ម្តង​ទៀត​ជុំវិញ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​ធ្លាប់​ឈ្នះ​ថៃ។

បណ្ឌិត ជ័យ តិច លើកឡើង​ក្នុង​វីដេអូ​ឃ្លីប​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ មេសា នេះ​ថា ទីតាំង​ដែល​ភាគី​កម្ពុជា​ធ្លាប់​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​យោធា​ថៃ រុល​ចូល​រាល់​ថ្ងៃ ទាំង​ការ​រាយ​លួស​បន្លា ជីក​លេណដ្ឋាន រួម​ទាំង​ធ្វើ​សំណង់​រឹងមាំ និង​ធ្វើ​កាំជណ្តើរ​ឡើង​ទៅ​កាន់​តំបន់​ភ្នំទ្រព្យ​ថែមទៀត។

ចំណែក​តំបន់​ប្រាសាទ​ព្រះវិហារ ម្តុំ​វត្ត​កែវសិក្ខាគីរីស្វារៈ ក៏​ត្រូវ​យោធា​ថៃ ធ្វើ​សកម្មភាព​រំលោភ​យ៉ាង​គឃ្លើន​ក្នុង​ពេល​នេះ​ដែរ ខណៈ​ទីតាំង​នៅ​តំបន់​នេះ​ធ្លាប់​ត្រូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលក្រម​ឱ្យ​កម្ពុជា​ឈ្នះ​ថៃ ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​ពីរ​លើក​រួច​ទៅ​ហើយ​នោះ។

បណ្ឌិត ជ័យ តិច អះអាង​រថា យោធា​ថៃ រំកិល​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​គ្មាន​ឈប់ឈរ​រាល់​ថ្ងៃ​នេះ ប៉ុន្តែ​ខាង​កម្ពុជា​មិន​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​បំពាន​ជាក់ស្តែង​នេះ​ឡើយ ក្រៅតែ​ពី​ការ​ធ្វើ​សកម្មភាព​ការទូត ការ​ប្រមូល​ភស្តុតាង និង​រង់ចាំ​វិធានការ​ច្បាប់​នោះ ខណៈ​ភាគី​ថៃ មិន​ដែល​គោរព​ច្បាប់ មិន​ឱ្យ​តម្លៃ​លើ​កិច្ចការទូត​ម្តង​ណា​ឡើយ សូម្បី​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ក៏ដោយ។

អ្នក​ឃ្លាំមើល​រូប​នេះ​ត្អូញត្អែរ​ថា ក្នុង​ពេល​ដែល​កម្ពុជា​ខ្សោយ​បែប​នេះ ទោះ​មិន​ចង់​អត់ធ្មត់ ក៏​ត្រូវតែ​អត់ធ្មត់​ដែរ ប៉ុន្តែ​ហេតុ​អ្វី​កម្ពុជា​មិន​ប្តឹង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជុំវិញ​បញ្ហា​នេះ បាន​ជា​ទុក​ឱ្យ​ថៃ បំពាន​តាម​អំពើ​ចិត្ត​នោះ។

កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៦ ទាហាន​ថៃ បាន​ធ្វើ​សកម្មភាព​រាយ​លួស​បន្លា​ប្រវែង ១០០​ម៉ែត្រ និង​ពង្រាយ​រថពាសដែក រួម​ទាំង​ឈូស​ឆាយ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ភាគ​ខាងជើង​វត្ត​កែវសិក្ខាគីរីស្វារៈ ផង​ដែរ ដែល​ធ្វើ​ឱ្យ​ប៉ះ​សម្ដី​គ្នា​ជាមួយ​ទាហាន​ខ្មែរ​ក្នុង​ពេល​នោះ។

ទោះជា​យ៉ាងណាក៏ដោយ មក​ទល់​នឹង​ពេលនេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បញ្ជាក់​នៅឡើយ​ទេ​ថា តើ​ទាហាន​ថៃ ទាំងនោះ បាន​ដកថយ​ចេញពី​ទីតាំង​ដែល​ពួកគេ​បាន​ចូល​ទៅ​រាយ​លួស​បន្លា និង​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ​ហើយ​ឬ​នៅ​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៦ នេះ​ថា កម្ពុជា​ជំទាស់​នឹង​ប្រទេស​ថៃ ដាច់អហង្ការ​ចំពោះ​សកម្មភាព​ខុស​ច្បាប់ និង​កើតឡើង​ដដែលៗ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ នៅ​តំបន់​ដែល​កាន់កាប់​ដោយ​ខុស​ច្បាប់​ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស