ក្រសួងការពារជាតិកម្ពុជា អះអាងថា ប្រាសាទព្រះវិហារបានរងការខូចខាតជិត ៦០០កន្លែង (៥៦២កន្លែង) ពីការវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៦ មីនា ថា យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញថា ប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំនួន ៥៦២កន្លែងពីការវាយប្រហាររបស់យោធាថៃ។
អ្នកនាំពាក្យរូបនេះអះអាងថា សកម្មភាពវាយប្រហាររបស់ថៃ ទាំងពីរលើកនេះ បានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបរិវេណជុំវិញប្រាសាទនោះ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ ការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសជាមរតកវប្បធម៌ខ្មែរ។
ក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងដាច់ខាតចំពោះការគំរាម ឬការប្រើប្រាស់កម្លាំងគ្រប់ទម្រង់។
ជុំវិញបញ្ហានេះ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ កាសែត Thai Enquirer បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែលប្រាប់នាយកអង្គការយូណេស្កូ (UNESCO) លោក Khaled Ahmed El-Enany Ali Ezz ថាប្រាសាទព្រះវិហារត្រូវបានប្រទេសកម្ពុជា ប្រើប្រាស់ក្នុងគោលបំណងយោធាជុំវិញជម្លោះព្រំដែននៃប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថា តំបន់ប្រាសាទព្រះវិហារពុំដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាម្តងណាឡើយ ព្រោះកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំងទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។
ក្រសួងការបរទេសកម្ពុជា ព្រមានថា ការប្រតិដ្ឋរបស់ភាគីថៃ ដែលចោទថាប្រាសាទព្រះវិហារត្រូវបានប្រើជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ថែមទៀត។
ប្រាសាទព្រះវិហារ គឺជាទីតាំងជម្លោះក្នុងប្រវត្តិសាស្ត្ររវាងកម្ពុជា-ថៃ ប្រមាណជា ៧០ឆ្នាំមុន ប៉ុន្តែកម្ពុជាបានឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយតុលាការសម្រេចឱ្យប្រាសាទនេះស្ថិតនៅក្នុងទឹកដីដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ កន្លងទៅ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

