26.9 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថា​ថៃ​រំលោភ​សិទ្ធិមនុស្ស តែ​សហគមន៍​អន្តរជាតិ​នៅ​ស្ងៀម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ការ​វាយប្រហារ​មិន​រើស​គោលដៅ​ពី​សំណាក់​យោធា​ថៃ មក​លើ​ប្រទេស​កម្ពុជា ថា​ជា​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លានពាន ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) បាន​ចេញ​លិខិត​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​របស់​ប្រទេស​ថៃ ដោយ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់ រួម​មាន​យន្តហោះ​ចម្បាំង F-16 និង T-50TH នាវាចម្បាំង ផ្សែង​ពុល និង​គ្រាប់បែក​ចង្កោម មក​លើ​ទីតាំង​ជនស៊ីវិល​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​ឧត្ដរមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ព្រះវិហារ និង​ខេត្ត​កោះកុង រហូត​មក​នោះ។

ប្រភព​ដដែល លើកឡើង​ថា ការ​ប្រើ​កម្លាំង​យោធា​វាយប្រហារ​លើ​ទឹកដី​រដ្ឋ​អធិបតេយ្យ​មួយ​ផ្សេង​ទៀត គឺជា​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លានពាន (Crime of Aggression) រីឯ​ការ​វាយប្រហារ​យ៉ាង​ទូលំទូលាយ និង​ជា​ប្រព័ន្ធ​លើ​ជនស៊ីវិល និង​ទ្រព្យសម្បត្តិ​ស៊ីវិល ព្រមទាំង​ការ​បំផ្លាញ​បេតិកភណ្ឌ​វប្បធម៌ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម (War Crimes) និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ផង​ដែរ (Crimes Against Humanity)។

លើស​ពី​នេះ ទង្វើ​ដ៏​ឃោរឃៅ និង​អមនុស្សធម៌​នេះ មិន​ត្រឹមតែ​ជា​ការ​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា ជាពិសេស​សិទ្ធិ​រស់រាន​មាន​ជីវិត និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ជនស៊ីវិល​ថែមទៀត។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ព្រមាន​ថា ខ្លួន​នឹង​ដាក់​ញត្តិ​បន្ទាន់​ថែមទៀត​លើ​ករណី​អំពើ​ព្រៃផ្សៃ​របស់​រដ្ឋាភិបាល​ថៃ និង​យោធា​ថៃ ប្តឹង​ទៅ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺណែវ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ទាមទារ​ឱ្យ​ថៃ ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​រាល់​អំពើ​អមនុស្សធម៌​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​យោធា​ថៃ បាន​បង្កើន​ការ​វាយប្រហារ​លើ​កម្ពុជា​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់ រង​បួស និង​ភៀស​សឹក​ពី​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ នេះ ក៏​មាន​ចំនួន​កាន់តែ​កើន​ឡើង​ដែរ។

កាលពី​ថ្ងៃទី​២២ ធ្នូ កាសែត​ថៃ ខៅស៊ុត បាន​ស្រង់​សម្ដី​កងទ័ព​ភូមិភាគ​ទី​២ ថៃ ថា ប្រទេស​ថៃ មិនមែន​ជា​អ្នក​ចាប់ផ្ដើម​ទេ ខណៈ​សង្គ្រាម​ទាំង​ពីរ​លើក​មក​នេះ កម្ពុជា​បាន​បាញ់ និង​ចូល​លុកលុយ​ដែន​អធិបតេយ្យភាព​របស់​ថៃ មុន ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​ការ​ខូចខាត​នូវ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ថៃ ជាច្រើន។

ប្រភព​ដដែល បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា​នៅតែ​ប្រើ​អាវុធ​ធុន​ធ្ងន់​វាយប្រហារ​លើ​ប្រទេស​ថៃ ដូច្នេះ ថៃ​ត្រូវតែ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​ផ្អែកលើ​មាត្រា​១៥១ នៃ​សន្ធិសញ្ញា​សហប្រជាជាតិ ក្រោម​គោលការណ៍ «ចាំបាច់» និង «សមស្រប»។

ទោះយ៉ាងណា ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ​ថា គិត​ចាប់ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ១​រសៀល ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ អំពើ​ឈ្លានពាន​របស់​រដ្ឋាភិបាល និង​យោធា​ថៃ ជាពិសេស​ការ​ផ្លោង និង​ទម្លាក់​គ្រាប់​គ្រប់​ប្រភេទ គ្រប់​ទម្រង់ ចូល​តំបន់​ស៊ីវិល បាន​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល អះអាង​ថា គិត​សរុប​ពី​ថ្ងៃទី​៧ ខែ​ធ្នូ ដល់​ពេលនេះ មាន​ពលរដ្ឋ​ស្លាប់​ចំនួន ២១​នាក់ និង​របួស​ចំនួន ៨៦​នាក់​ហើយ ខណៈ​ពលរដ្ឋ​ជនភៀសសឹក​ក៏បាន​កើន​ឡើង​ជាង ៦​សែន​នាក់​ដែរ (៦០៩៨៨៩​នាក់)។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ត្រូវ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន​ដែរ រួម​មាន ផ្ទះ​ពលរដ្ឋ​ចំនួន ១២៣​ខ្នង អគារ​ឯកជន ៦​ទីតាំង សណ្ឋាគារ ៥​ទីតាំង ស្ថានីយ​ប្រេង ១​ទីតាំង រថយន្ត ២៧​គ្រឿង ម៉ូតូ ១​គ្រឿង លាន​ទិញ​ដំឡូង ១​កន្លែង ឃ្លាំង​ទំនិញ ១​កន្លែង និង​បង្គោល​អង់តែន​ទូរសព្ទ ២​កន្លែង​ផង​ដែរ។

ជាង​នេះ​ទៀត ក៏​មាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ដែរ រួម​មាន សាលារៀន ៦​កន្លែង មណ្ឌល​សុខភាព ២​កន្លែង អគារ ១២​កន្លែង វត្ត ៥​កន្លែង សាលាឆទាន ១​កន្លែង រថយន្ត ១​គ្រឿង ប្រាសាទ​បុរាណ​មួយ​ចំនួន ស្ពាន ៥​កន្លែង ផ្សារ ១​កន្លែង និង​ផ្លូវ ២​កន្លែង​ថែមទៀត។

ក្រសួង​មហាផ្ទៃ​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​រក្សា​ជំហរ​បន្ត​អំពាវនាវ​ឱ្យ​មិត្ត​បរទេស ជាពិសេស​អាម៉េរិក ចិន ម៉ាឡេស៊ី និង​មិត្ត​អាស៊ាន បន្ត​សកម្មភាព​ជ្រោមជ្រែង​ពន្លត់​ភ្លើងសង្គ្រាម​នេះ​ឱ្យ​បាន​ជា​ស្ថាពរ ដើម្បី​នាំមក​នូវ​សន្តិភាព​ជា​អចិន្ត្រៃយ៍ ដែល​ជា​បំណង​ប្រាថ្នា​របស់​កម្ពុជា​តាំងពី​ដើម​រៀង​មក។

ដំណាល​ពេល​ខាង​ភាគី​ខ្មែរ​រៀបរាប់​អំពី​ការ​ខូចខាត ទាំង​ជីវិត​មនុស្ស ទាំង​ទ្រព្យសម្បត្តិ ថ្កោលទោស​ថៃ ថា​រំលោភ​ឈ្លានពាន​ប្រាប់​ពិភពលោក ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ធ្វើ​សហប្រតិបត្តិការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ជាមួយ​ប្រទេស​ថៃឡង់ដ៍ រយៈពេល ៤​ថ្ងៃ ពី​ថ្ងៃទី​១៤-១៨ នៅ​ទីក្រុង​បាងកក ជាមួយ​ដៃគូ​ពិភពលោក​បង្ក្រាប​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អ៊ីនធឺណិត (online scams) ការ​រត់ពន្ធ​មនុស្ស និង​ការ​លាង​ប្រាក់​កខ្វក់។ តំណាង​ប្រទេស​ប្រមាណ​ជិត ៦០ អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់ ពី​គ្រប់​ទ្វីប បាន​ចូលរួម​ស្វែងរក​វិធី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ។

ពី​សហគមន៍​អាស៊ាន ក្រៅពី​ប្រទេស​ថៃ មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី លាវ ភូមា យៀកណាម រួម​ទាំង​មហាអំណាច​ក្នុង​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ ៣​ប្រទេស សហរដ្ឋ​អាមេរិក ចិន អង់គ្លេស សហភាព​អឺរ៉ុប ប្រទេស​ពី​អាស៊ី ទ្វីប​អាហ្វ្រិក និង​អាមេរិក​ឡាទីន។ រាជាណាចក្រ​កម្ពុជា គ្មាន​វត្តមាន។

រដ្ឋាភិបាល​ប្រទេស​ទាំងអស់​នោះ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​ដើម្បី​ធ្វើ​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជា​ដៃគូ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន ដែល​កាសែត​បរទេស​ធំៗ​មាន​កាសែត​អាមេរិកាំង The Wall Street Journal ទូរទស្សន៍​នៅ​អាស៊ី Asia News ទីភ្នាក់ងារ​ព័ត៌មាន Reuters ជាដើម ផ្សាយ​ថា ប្រទេស​ថៃឡង់ដ៍ បាន​បញ្ចេញ​សកម្មភាព​យ៉ាង​ម៉ឺងម៉ាត់​បំផ្លាញ​ទីតាំង​ឆបោក​ក្នុង​ប្រទេស​កម្ពុជា។ សហគមន៍​អន្តរជាតិ​មិន​បាន​និយាយ​អំពី​រឿង​ថា កងទ័ព​ថៃ ឈ្លានពាន​ប្រទេស​កម្ពុជា ទេ គេ​និយាយ​តែ​អំពី​សកម្មភាព​កម្ទេច​ទីតាំង​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ជុំវិញ​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​ជិត ២០០​ស្ថាប័ន (១៨២​ស្ថាប័ន) បាន​ចេញ​លិខិត​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ ដោយ​ថ្កោលទោស​ដាច់អហង្ការ​ថា ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ប្រទេស​កម្ពុជា គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ព្រមទាំង​បាន​បង្ហាញ​នូវ​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​ស៊ីវិល សន្តិភាព​ក្នុង​តំបន់ និង​នីតិ​សកល​ផង​ដែរ។

មាន​ពលរដ្ឋ​ខ្មែរ​សរសេរ​ចោទ​សួរ​ក្នុង​បណ្ដាញ​សង្គម​ជារឿយៗ​ថា ចុះ​ហេតុ​អ្វី​សហគមន៍​អន្តរជាតិ​នៅ​ស្ងៀម មិន​ចេញ​វាចា​ថ្កោលទោស​ប្រទេស​ថៃឡង់ដ៍ សោះ​អ៊ីចឹង?៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស