28.1 C
Phnom Penh

ទាហានកម្ពុជា ៤នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅព្រំដែន ខណៈកម្ពុជា និងថៃផ្តល់ការអះអាងខុសគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហានកម្ពុជា ៤នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយនៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ដោយភាគីកម្ពុជាកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះ ខណៈកងទ័ពថៃបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២:៣៥នាទីរសៀល ខណៈកងល្បាតកម្ពុជាកំពុងបំពេញភារកិច្ចនៅតំបន់ចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាមការអះអាងរបស់ក្រសួង កងល្បាតកម្ពុជាបានជួបក្រុមល្បាតរបស់យោធាថៃ ដែលកំពុងស្ថិតនៅម្ខាងទៀតនៃរបងលួសបន្លា។ បន្ទាប់ពីកងកម្លាំងកម្ពុជាដើរហួសទីតាំងនោះបន្តិច ស្រាប់តែមានការផ្ទុះគ្រាប់បែកមួយគ្រាប់នៅពីក្រោយកងល្បាត បណ្តាលឱ្យទាហានកម្ពុជា ៤នាក់រងរបួសដោយសារអម្បែងគ្រាប់បែក។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ទាហានដែលរងរបួសកំពុងទទួលការព្យាបាល ហើយគណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់មូលហេតុនៃការផ្ទុះ។ ក្រសួងក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាគោរពកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ដែលមានគោលបំណងរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន។

ដោយឡែក នៅថ្ងៃដដែល អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានបដិសេធការចោទប្រកាន់ដែលថា កងទ័ពថៃបានប្រើអាវុធ ឬគប់គ្រាប់បែកដៃទៅលើកងកម្លាំងកម្ពុជា។

តាមសេចក្តីថ្លែងការណ៍របស់ភាគីថៃ ក្រោយការផ្ទៀងផ្ទាត់ជាមួយអង្គភាពយោធាដែលទទួលខុសត្រូវនៅតំបន់នោះ បានសន្និដ្ឋានថា ការផ្ទុះបានកើតឡើងនៅខាងទឹកដីកម្ពុជា ហើយមិនមែនជាលទ្ធផលនៃសកម្មភាពរបស់កងទ័ពថៃនោះទេ។

ភាគីថៃក៏បានអះអាងថា នៅពេលកើតហេតុ កងល្បាតរបស់ខ្លួនកំពុងការពារការសាងសង់ផ្លូវមួយនៅខាងទឹកដីថៃ ហើយបានឮសំឡេងផ្ទុះចេញពីខាងទឹកដីកម្ពុជា មុនពេលឃើញសកម្មភាពជួយសង្គ្រោះអ្នករងរបួស។

ការបដិសេធរបស់ភាគីថៃ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍មួយចំនួនដែលអះអាងថា ទាហានថៃបានគប់គ្រាប់បែកដៃចូលទៅក្នុងទីតាំងរបស់កម្ពុជា។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងឯករាជ្យណាមួយ ដែលអាចបញ្ជាក់ពីប្រភពនៃការផ្ទុះ ឬផ្ទៀងផ្ទាត់ការអះអាងរបស់ភាគីទាំងពីរបាននៅឡើយទេ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស