26.7 C
Phnom Penh

ទេសចរបរទេស ធ្លាក់ចុះក្នុងដើមឆមាស២០២៦ ប៉ះពាល់អាជីវកម្ម តើរដ្ឋាភិបាលធ្វើដូចម្តេច?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មានបរទេស បានចុះផ្សាយអំពីការធ្លាក់ចុះចំនួនទេសចរបរទេសទៅទស្សនាប្រទេសកម្ពុជា ក្នុងរយៈ ពេល៥ខែក្នុងឆ្នាំ២០២៦នេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុកក្នុងអាជីវកម្មខាងសណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន រថយន្តជួល ហាងលក់វត្ថុអនុស្សាវរីយគ្រប់ប្រភេទតាមទីក្រុង ទីរមណីយដ្ឋានជាដើម។ល។

កាសែតក្នុងស្រុក ខ្មែរថែមស្ស៍ កាលពីដើមសប្តាហ៍នេះ ផ្សាយថា ការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញទេសចរដោយក្រសួង និង ភា្នក់ងារទេសចរណ៍ មានថវិកាតិចតួចស្តួចស្តើង គឺប្រមាណ ១លាន ៥ សែនដុល្លារ។ ប្រទេសជិតខាងចំណាយផ្សព្វផ្សាយទាក់ទាញទេសចរដល់ទៅ២០០លានដុល្លារ។ អ្នកជំនាញ

ខាងទេសចរណ៍ ឲ្យយោបល់ ហើយរាជរដ្ឋាភិបាលក៏កំពុងចាប់ផ្តើមសាកល្បងបន្តរយៈពេលបើកចំហរឲ្យទេសចរបរទេសមកស្រុកខ្មែរដោយមិនបាច់មានទិដ្ឋាការ ឬ វីហ្សា visa free ដល់ពលរដ្ឋកូរ៉េខាងត្បូង ជប៉ុន

អូស្រា្តលី និង អាមេរិកាំង ឲ្យដូចទេសចរជាពលរដ្ឋចិន។ មកទល់ពេលនេះ ទេសចរពីប្រទេសជិតខាងនិង ទីផ្សារធំ គឺប្រទេសចិន ពីប្រទេសថៃសឹងតែគ្មានសោះ ទេសចរចិនក៏ធ្លាក់ចុះជិត១សែននាក់ ឬ១៩%តិចជាងឆ្នាំមុន ទេសចរយៀកណាមក៏ធ្លាក់ចុះជាង១សែននាក់ ឬជិត២៦%តិចជាងពីឆ្នាំមុន។ កត្តាធំៗ៣ ដែលធ្វើឲ្យទេសចរបរទេសមិនសូវហ៊ានមកលេងស្រុកខ្មែរ មានជម្លោះព្រំដែននៅប៉ែកខាងលិច ឱនភាពសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះមិនល្អបញ្ហា វញ្ចកម្ម ឬទង្វើឆបោកបញ្ឆោតតាមអន្តរបណ្តាញ។ ក្រសួង ទេសចរណ៍ ឲ្យ ដឹងថា ចំនួនទេសចរបរទេសមានតែ ១លាន ៥សែន ធ្លាក់ចុះពីចំនួនជិត៣លាននាក់ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន សមាគមភ្នាក់ងារទេសចរណ៍ ពោលប្រាប់កាសែតថា៖ ត្រូវការប្រើពេលយូរដើម្បីលួងចិត្តទេសចរ បរទេសឲ្យវិលមកវិញ ពីព្រោះ រឿងអាក្រក់វាហោះហើរលឿនជាងរឿងល្អៗ។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ ២០២៥ មុនមានការប្រយុទ្ធគ្នាតាមព្រំដែនខ្មែរ−ថៃ ទេសចរថៃមកលេងស្រុកខ្មែរមានចំនួនជិត ១លាននាក់ ច្រើនជាងទេសចរពីប្រទេស៩ទៀត មានប្រទេសចិន យៀកណាម ស.រ.អា ចក្រ ភពអង់គ្លេស បារាំង ឥណ្ឌូនេស៊ី អូស្រ្តលី ជប៉ុន និង កូរ៉េខាងត្បូង។ រីឯរាជាណាចក្រ ថៃឡង់ដ៍ ឆមាសទី១ ឆ្នាំ២០២៦ ពីខែមករា ដល់ខែដើមកក្កដា ទេសចរបរទេសទៅលេងប្រទេសថៃឡង់ដ៍ មានចំនួនជាង១៦លាននាក់ ធ្លាក់ចុះតែជាង៣%ប៉ុណ្ណោះ។

ព័ត៌មានដោយឡែកវិញ ប្រទេសកម្ពុជា លាវ និង ភូមា មិនបានចូលរួមជាមួយប្រទេស១០ផ្សេងទៀតទេ ក្នុងពេលភ្នាក់ងារមានសមត្ថកិច្ចថៃ បានផ្តើមបើកទីស្នាក់ការ ចែករំលែកភ្ជាប់ព័ត៌មានស៊ើបការណ៍សម្ងាត់តាមប្រព័ន្ធអេឡិកត្រូនិកអំពីអំពើវញ្ចកម្មនិងរត់ពន្ធមនុស្ស (Scam and Human Trafficking Information Exchange and Linked Database) ហៅកាត់តាមអង់គ្លេសថា SHIELD នាដើមខែកក្កដានេះ នៅទីក្រុងបាងកក។ តាមទី ភ្នាក់ងារព័ត៌មានចិន ស៊ីនហួ និង កាសែត បាងកកប៉ុស្តិ៍ ប្រទេស១០ ដែលចូលរួមធ្វើកិច្ចសហប្រតិបត្តិការ បង្រ្កាបសកម្មភាពបោកបញ្ឆោត បោកប្រាស់តាមបច្ចេកវិទ្យា scams នៃការបង្កើតបេសកកម្មប្រឆាំងនឹង ឧក្រិដ្ឋកម្មប្រភេទនេះ ក្រោមអធិបតីភាពអគ្គអធិការីកងរាជតម្រួតថៃ ឧត្តមសេនីយ៍ ថាតឆៃ ពិតានីលឡាបុត្រ (Thatchai Pitaneelaboot) មានប្រទេស អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ហ្វីលីពីន កូរ៉េខាង ត្បូង ស.រ.អា និង យៀកណាម។ ឆ្លើយនឹងសំណួរអ្នកកាសែត ដែលសួរថា ហេតុអ្វីពុំមានវត្តមានប្រទេសកម្ពុជា លាវ និង ភូមា លោក ថាតឆៃ ពិតានីលឡាបុត្រ ឆ្លើយថា ការចូលរួមទៅថ្ងៃអនាគត អាស្រ័យលើការ

ជឿទុកចិត្ត និង ការយល់ព្រមគ្នាទៅវិញទៅមក។ ប្រទេសទាំងបី ដែលមិនបញ្ចូលក្នុងទីស្នាក់ការថ្មីនោះ មាន មណ្ឌលធ្វើប្រតិបត្តិការ វញ្ចកម្ម ឬ បោកបញ្ឆោត ពលរដ្ឋប្រទេសដទៃអស់ជាច្រើពាន់លានដុល្លារ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស