បន្ទាប់ពីធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍ដើម្បីស្វែងរកការគាំទ្រតាមភូមិដែលមានជនជាតិចាមរស់នៅ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកយកករណីស្ត្រីពីរនាក់ដែលនិយាយថា កូនស្រីរបស់ពួកគាត់ត្រូវបានជួញដូរទៅក្នុងអាជីវកម្មផ្លូវភេទ ក្នុងប្រទេសម៉ាឡេស៊ី។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានធ្វើសន្និសីទកាសែតកាលពីម្សិលមិញ នៅការិយាល័យរបស់លោកនៅរដ្ឋសភា ដែលអ្នកស្រី ម៉ាត់ ម៉ារី បានរៀបរាប់ពីសាច់រឿងកូនស្រីរបស់គាត់អាយុ១៥ឆ្នាំ ជាមួយស្ត្រី អាយុ២៣ឆ្នាំ ម្នាក់ទៀត បានចាកចេញពីភូមិរបស់ខ្លួនក្នុងស្រុកតំបែរទៅប្រទេសម៉ាឡេស៊ី កាលពីខែវិច្ឆិកា ជាអ្វីដែលពួកគាត់គិតថា ជាការងារស្របច្បាប់នោះ។
អ្នកស្រី ម៉ារី បាននិយាយថា “មួយសប្តាហ៍បន្ទាប់ពីពួកគេទៅដល់…ខ្ញុំបានទទួលទូរស័ព្ទពី កូនស្រីអាយុ១៥ឆ្នាំបស់ខ្ញុំ ដែលបាននិយាយថា នាងត្រូវបានគេលក់ឲ្យធ្វើជាទាសករផ្លូវភេទរបស់បុរសជនជាតិចិនម្នាក់ ហើយត្រូវបានលក់ជាថ្មីម្តងទៀតទៅឲ្យមនុស្សផ្សេងទៀត”។
អ្នកស្រី ម៉ារី បាននិយាយថា និយោជករបស់នាងបានប្រាប់គាត់នៅចម្ការដំឡូងថា កូនស្រីរបស់គាត់ នឹងទទួលបានប្រាក់ខែ៥០០ដុល្លារក្នុងមួយខែ ដោយធ្វើការនៅរោងចក្រមួយ
ដែលផលិតកេសស្រាបៀរ។
អ្នកស្រី ស្មាន់ ស្រីណុប ដែលកូនស្រីអាយុ២៣ឆ្នាំរបស់គាត់ក៏បានស្ថិតក្នុងប្រទេសម៉ាឡេស៊ីផងដែរបាននិយាយថា មេខ្លោងបានយកប្រាក់ប្រហែល២.៥០០ដុល្លារពីគ្រួសារនីមួយៗ នោះ បានខ្ចីពីម្ចាស់បំណុលយកទៅធ្វើលិខិតស្នាម ដែលពួកគាត់អះអាងថា ជាការតម្រូវដើម្បីឲ្យជនរងគ្រោះទទួលបានការងារដែលមានប្រាក់កម្រៃខ្ពស់។
អ្នកស្រី ស្រីណុប បាននិយាយថា “ឥឡូវនេះយើងជំពាក់បំណុលគេ ហើយកូនស្រីរបស់យើងបានក្លាយជាទាសករផ្លូវភេទទៀត”។
លោក សម រង្ស៊ី ដែលបានជួបស្ត្រីទាំងពីរនាក់នេះ អំឡុងការធ្វើដំណើររបស់លោក ទៅខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា លោកបានស្នើសុំជួបប្រជុំជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃនេះ ដើម្បីជួយដល់ស្ត្រីជាម្តាយទាំងពីរនាក់ ដែលបានលើកឡើងថា ពួកគាត់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋានតែមិនត្រូវអើពើនោះ បានលើកឡើងពីកង្វល់របស់ពួកគាត់ទៅក្រសួងនេះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងចង់ឲ្យផ្សព្វផ្សាយព័ត៌មាននេះ ពីព្រោះយើងមិនចង់ជួយសង្គ្រោះតែស្ត្រីទាំងពីរនាក់នេះទេ។ យើងមិនគិតថា មានជនរងគ្រោះតែពីរនាក់ឡើយ ប៉ុន្តែ យើងជឿថា មានជនរងគ្រោះជាច្រើននាក់ផ្សេងទៀតជួបស្ថានភាពបែបនេះ “។ ស្ត្រីទាំងពីរនាក់នេះក៏បានដាក់ជូនពាក្យបណ្តឹងទៅគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាផងដែរកាលពីម្សិលមិញ៕សារុន