សមត្ថកិច្ចអាមេរិកបានបញ្ជូនពលរដ្ឋខ្មែរជិត៥០នាក់បន្ថែមទៀតមកកម្ពុជាវិញ ក្រោយពីពួកគេធ្លាប់រងការចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋក្នុងសហរដ្ឋអាមេរិក និងធ្លាប់បានជាប់គុកថែមទៀត។
សារព័ត៌មាន New York Timesរបស់អាមេរិកបានចុះផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន៤៦នាក់ បញ្ជូនពីសហរដ្ឋនៅថ្ងៃទី១៧ខែធ្នូ ហើយនឹងទៅដល់កម្ពុជានៅថ្ងៃពុធទី១៩ខែធ្នូនេះ។
ពលរដ្ឋខ្មែរដែលត្រូវសមត្ថកិច្ចអាមេរិកចាប់បញ្ជូនទៅប្រទេសកំណើត វិញទាំងនោះភាគច្រើនធំដឹងក្តីនៅសហរដ្ឋអាមេរិក គេចពីរបបប្រល័យពូជសាសន៍នៅកម្ពុជា។ ពួកគេភាគច្រើនមកដល់អាមេរិកតាំងពីអាយុ៣ខែ ខ្លះ១ឆ្នាំ ហើយខ្លះទៀតពីបីឆ្នាំរហូតដល់ប្រាំឆ្នាំ។ រហូតមកទល់ពេលនេះ មានពលរដ្ឋខ្មែរមួយចំនួនធំនៅតែគ្មានសញ្ជាតិអាមេរិកាំងនៅឡើយដែលធ្វើឲ្យពួកគាត់ត្រូវប្រឈមនឹងការបញ្ជូនមកស្រុកកំណើតវិញ ក្រោយពេលពួកគេបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងជាប់ពន្ធនាគារគ្រប់កាលកំណត់នៅសហរដ្ឋអាមេរិករួចហើយនោះ។
បទល្មើសព្រហ្មទណ្ឌទាំងនោះ រួមមានអំពើមនុស្សឃាត ការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការកុហកអំពីបញ្ហាពន្ធប្រចាំឆ្នាំ ការចាប់ជម្រិតមនុស្ស អំពើប្លន់និងបញ្ហាជាច្រើនទៀត។
ចាប់តាំងពីរដ្ឋាភិបាលលោកហ៊ុន សែនចុះកិច្ចព្រមព្រៀងទទួលយកពលរដ្ឋខ្មែរទាំងឡាយណាដែលប្រព្រឹត្តបទល្មើសក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០២ ដោយសារការដោះដូរការលើកលែងទិដ្ឋាការដល់លោកហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិនោះយ៉ាងហោចណាស់មានពលរដ្ឋខ្មែរជាង៦រយនាក់ហើយត្រូវបានបញ្ជូនមកដល់កម្ពុជា។
របាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសន៍សហរដ្ឋអាមេរិកឲ្យដឹងថា នៅឆ្នាំ២០១៨នេះ យ៉ាងហោចណាស់មានពលរដ្ឋខ្មែរជិត២ពាន់នាក់(១៨៥៥) កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ចអាមេរិក ដើម្បីបញ្ជូនមកកម្ពុជាវិញ។
អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹងឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរជាង៧រយនាក់ហើយត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ជូនកម្ពុជាវិញ។
ពលរដ្ឋខ្មែរដែលត្រូវគេបញ្ជូនមកដល់កម្ពុជាវិញទាំងនោះកំពុងរស់នៅក្នុងស្ថានភាពវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរខ្លះបានធ្លាក់ខ្លួនរស់នៅក្នុងភាពអស់សង្ឃឹម ខ្លះទៀតធ្លាក់ខ្លួនប្រព្រឹត្តគ្រឿងញៀន ខ្លះធ្លាក់ខ្លួនដើរសុំទាននៅតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុជាដើម៕