លោកហ៊ុន សែន នៅថ្ងៃច័ន្ទនេះ ក៏បានព្រមានដែរថា គង់តែមានថ្ងៃដែលលោកបញ្ជាឱ្យកូនចៅរបស់លោកទៅរុះរើផ្ទះក្រុមបក្សប្រឆាំងដែលធ្វើពីឈើចោលទេ ពីព្រោះក្រុមនេះតែងរិះគន់ថា របបរបស់លោកធ្វើឱ្យបាត់បង់ព្រៃឈើនៅកម្ពុជាយ៉ាងសន្ធឹកសន្ធាប់។
លោកអះអាងថា មានក្រុមបក្សប្រឆាំងបានយកឈើប្រណីតទៅធ្វើ ផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែចេះតែរិះគន់ថា របបរបស់លោកធ្វើឱ្យបាត់បង់ព្រៃឈើនៅស្រុកខ្មែរ។ លោកបន្តថា ការបាត់បង់ព្រៃឈើ ដោយសារការប្រើប្រាស់នៅក្នុងស្រុក និងការកាប់រានដីធ្វើចម្ការស្រែជាដើម។
ក្រុមអ្នកឃ្លាំមើលឃើញថា លោកហ៊ុន សែនកំពុងការពាររបបរបស់លោកនិងសាច់សាលោហិតរបស់លោកយ៉ាងច្រើនដែលកំពុងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា។
លោកឈើយ ឧត្តមរស្មីដែលជាប្រធានអង្គការការពារធនធានធម្មជាតិ វ័យក្មេង ស្នងតំណែងពីឪពុកគឺវិរជនការពារព្រៃឈើលោកឈុត វុទ្ធី នោះបានអះអាងថា អ្នករកស៊ីព្រៃឈើនៅតាមព្រំដែនចំនួនដល់ទៅ៧០%ទៅហើយសុទ្ធសឹងតែជាសមាជិករបស់កងកម្លាំងប្រដាប់អាវុធ។
ពួកគេនាំគ្នាលក់ឈើប្រណីតរបស់ខ្មែរយកលុយទៅចិញ្ចឹមគណបក្សប្រជាជនកម្ពុជាមានទឹករាប់លានដុល្លារ ជាពិសេសគឺលោកឧកញ៉ាមហាសេដ្ឋី ទ្រី ភាព ដែលកន្លងមកបានកាប់ឈើរាប់សែនរាប់លាន ម៉ែត្រគីបទៅលក់ឲ្យប្រទេសវៀតណាមតម្លៃជាង៣០លានដុល្លារក្នុង១ថ្ងៃៗ។
ក្រៅពីលោកឧកញ៉ាទ្រី ភាព លោកឈើយ ឧត្តមរស្មី បានរៀបរាប់ឈ្មោះជនបំផ្លាញព្រៃឈើជាច្រើនទៀត រួមមានឧកញ៉ាលីម ប៊ុណ្ណា ហៅ ខ្នា លោកឧកញ៉ា ស៊ឹង សំអុល ហៅអុល លោកឧកញ៉ា វ័ន្តថៃនិងមានមន្រ្តីយោធាកំពូលៗជាច្រើនរាប់មិនអស់ផ្សេងទៀត។ លោកបន្តថា ការបាត់បង់ឈើប្រណីតរបស់ខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏ដោយសារគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនរាប់លានហិកតា និងការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រក្នុងទម្រង់មិនច្បាស់លាស់ផ្សេងទៀត៕