32 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ចេញ​វិធានការ​ដកហូត​តំណែង​មន្ត្រី​នគរបាល​ដោយសារ​ខុស​វិន័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ សម្រេច​ដកហូត​មុខតំណែង​ឋានន្តរស័ក្ដិ និង​បណ្ដេញ​មន្ត្រី​នគរបាល​មួយ​រូប​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ដោយសារ​មន្ត្រី​រូប​នោះ​ល្មើស​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ។

សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា លើកឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដកហូត​មុខតំណែង​ឋានន្តរស័ក្ដិ និង​បណ្ដេញ​មន្ត្រី​នគរបាល​ជាតិ លោក អ៊ុន សំអាត ដែល​មាន​តួនាទី​ជា​នាយរង​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ចេញពី​ក្របខ័ណ្ឌ​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោម​មូលហេតុ​ល្មើស​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ។

ក្រសួង​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​បាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​ដក​ឋានន្តរស័ក្តិ និង​បណ្តេញ​មន្ត្រី​នគរបាល​ជាតិ​ចេញពី​ក្របខ័ណ្ឌ​នេះ​នៅឡើយ​ទេ។

លោក​អនុសេនីយ៍ឯក អ៊ុន សំអាត ធ្លាប់​បែក​ធ្លាយ​សំឡេង​នា​ពេល​កន្លងមក ដោយ​បាន​អួតអាង​ថា «ក្នុង​១​អាទិត្យ លោក​ធ្វើការ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ»។ តាមរយៈ​សារ​សំឡេង​នោះ លោក អ៊ុន សំអាត និយាយ​ថា «អ្នក​ខ្លះ​យាម​ទាំង​យប់​ទាំង​ថ្ងៃ មិនមែន​ដូច​អញ ១​អាទិត្យ​ធ្វើ​ការ​តែ ១​ថ្ងៃ​ទេ រកស៊ី ៦​ថ្ងៃ ព្រលឹម​ឡើង​មក​ស្អាង ល្ងាច​ឡើង​ទៅ​តាខ្មៅ​វិញ»

ករណី​ដក​តំណែង​មន្ត្រី​នគរបាល​ជាតិ​នេះ​ដែរ រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដក​ស័ក្តិ​លោក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយសារ​អធិការ​រូប​នោះ​បាន​ដោះលែង​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ ចូល​ទឹកដី​កម្ពុជា ដោយ​គេចវេស​ពី​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​ដដែល។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា មាន​មន្ត្រី​នគរបាល មន្ត្រី​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​យោធា​ជាច្រើន​ទៀត​ដែល​ត្រូវ​បណ្តេញ​ចេញពី​តួនាទី​ដោយសារ​ពួកគេ​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ ដូចជា​ការ​បាញ់​រះ​ទៅលើ​ពលរដ្ឋ​ក្នុង​ពេល​ចុះ​អនុវត្ត​សាលក្រម​របស់​តុលាការ​ក្នុង​ការ​រឹបអូស​ដីធ្លី​ពី​ពលរដ្ឋ ការ​ប្រព្រឹត្ត​អំពើពុករលួយ​កាង​ពីក្រោយ​បទល្មើស​ព្រៃឈើ និង​ករណី​ជាច្រើន​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស