ការបោះឆ្នោតសភា Duma នៃប្រទេសរុស្ស៊ី ដែលបានប្រព្រឹត្តដល់ទៅរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា មើលទៅដូចជារឿងកំប្លែងដែលគ្រាន់តែធ្វើឲ្យសប្បាយចិត្តបន្តិចចំពោះអារម្មណ៍ទស្សនិកជនមិនចូលចិត្តតារាកំប្លែងតួកាចម្នាក់។
តារាកំប្លែងតួកាចរូបនេះចេញមកភ្លាមធ្វើឱ្យទស្សនិកជនសើចសប្បាយចិត្តបន្តិចត្រង់ថា តួកាចម្នាក់នេះទំនងមិនលេងល្បិចកិច្ចកលផ្ដួលគូប្រកួតដោយល្បែងទុច្ចរិតទៀតនោះទេ។ តែប៉ុន្មានម៉ោងក្រោយមក តារាកំប្លែងមុខស្ងួតមួយនេះវាយគូប្រកួតដួលព្រាត ដោយល្បិចលាក់កាំបិតស្នៀតពីក្រោយខ្នង។ ទស្សនិកជនស្រឡាំងកាំងដោយមិននឹកស្មានថា លទ្ធផលវាទៅជាដូច្នេះទៅវិញ។
ការបោះឆ្នោតសភាប្រទេសរុស្ស៊ី បានបិទបញ្ចប់ដោយនាំទៅជាមួយនឹងរឿងអាស្រូវកេងបន្លំសន្លឹកឆ្នោតរាប់លានសន្លឹក។ បក្សប្រឆាំងធំជាងគេដែលសង្ឃឹមថានឹងបានអាសនៈសភា បើមិនឈ្នះ គឺយ៉ាងហោចណាស់ក៏បានជិត ៥០% ដែរនៃអាសនៈសរុប ៤៥០ ប៉ុន្តែបានតែជិត ១៩ភាគរយប៉ុណ្ណោះ។
អ្វីដែលធ្វើឱ្យបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី សង្ឃឹមខ្លាំង ព្រោះលទ្ធផលបោះឆ្នោតដំបូងៗបង្ហាញថា បក្សប្រឆាំងដ៏ធំនេះបាននាំមុខខ្លាំង គឺនាំមុខបក្សរុស្ស៊ីរួបរួម ដែលជាបក្សដឹកនាំដោយបុរសខ្លាំង លោក វ៉្លាឌីមៀរ ពូទីន ដែលអ្នកនិពន្ធដាក់រហស្សនាមថា តារាកំប្លែងមុខស្ងួត អត្តចរិតកោងកាច។
តាមបណ្ដាញផ្សាយព័ត៌មានរបស់លោកសេរីដែលតាមដានលទ្ធផលបោះឆ្នោត គឺលទ្ធផលចាប់ផ្ដើមប្រែប្រួលយ៉ាងគំហុកនៅអំឡុងកំពុងសម្រុករាប់សន្លឹកឆ្នោត គឺស្រាប់តែភាគរយនៃការរាប់សន្លឹកឆ្នោតហក់ឡើងខ្ពស់មួយរំពេច គឺពេលនោះបក្សរុស្ស៊ីរួបរួម (United Russia party) របស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បានដណ្ដើមអាសនៈ និងសន្លឹកឆ្នោតកាន់តែកើនឡើង គឺវ៉ាដាច់បក្សប្រឆាំងតែម្ដង ដោយលោតទៅដល់ ៥០ភាគរយតែម្ដង។
តាមរយៈនេះ គឺបក្សរុស្ស៊ីរួបរួមបានកាន់កាប់សំឡេងភាគច្រើននៃការបោះឆ្នោតចេញពីបក្សនយោបាយដែលមានអាសនៈ ២២៥ សម្រាប់ការបោះឆ្នោត។
គណៈកម្មាធិការបោះឆ្នោតរបស់ប្រទេសនេះបានប្រកាសទៀតថា បក្សរុស្ស៊ីរួបរួមនេះក៏ដណ្ដើមបានអាសនៈនៃការបោះឆ្នោតចេញពីអ្នកបោះឆ្នោតដោយផ្ទាល់ ២២៥អាសនៈ ដែលគេហៅថាសភាជាន់ទាប បាននាំឱ្យបក្សកាន់អំណាចនេះកាន់កាប់បានអាសនៈសភា ដូម៉ា ៣២៤អាសនៈ គឺលើស ២ភាគ៣។
ចំណែកបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី ដែលបានសន្លឹកឆ្នោតទី២ ត្រូវបានប្រកាសឱ្យដឹងថា បក្សនេះទទួលបាន ៥៧អាសនៈ ដែលកើនជាងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ដោយទទួលបាន ៤២អាសនៈ។ នៅមានគណបក្សចំនួន ៤ ទៀត ក៏បានដណ្ដើមអាសនៈបានដែរ តែបក្សទាំងនោះមួយៗមិនបាន ៨ភាគរយនោះទេ។ មានបក្សខ្លះបានអាសនៈតែមួយប៉ុណ្ណោះ។ សរុបទៅ មានតែ ៦គណបក្សដែលបានទៅអង្គុយនៅក្នុងសភា ដូម៉ា មាន ៤៥០អាសនៈដែលចេញពីការបោះឆ្នោតរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ កញ្ញា។
មូលហេតុនៃការបោះឆ្នោតប្រើពេលដល់ ៣ថ្ងៃនេះ ដោយសារតែការបោះឆ្នោតមានការរឹតត្បិត គឺត្រូវឱ្យមានគម្លាត ព្រោះតែបារម្ភពីការឆ្លងជំងឺកូវីដ។
របាយការណ៍នៃការប្រកាសលទ្ធផលបោះឆ្នោត ដែលមានទិន្នន័យដូចនេះ ត្រូវបានចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន ABC News។
យ៉ាងណា ល្ខោនបានសារោងបិទបញ្ចប់ការសម្ដែងនាំទៅជាមួយរឿងអសោចកេរ្តិ៍ ដោយបក្សប្រឆាំង គឺទាំងបក្សតូចបក្សធំ ជាពិសេសបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី បានប្រមែប្រមូលអ្នកនយោបាយ និងបេក្ខជនសមាជិកសភាឡើងពីបណ្ដាទីប្រជុំជនឆ្ងាយៗមកកាន់រដ្ឋធានីម៉ូស្គូ ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលពួកគេហៅថាជាលទ្ធផលក្លែងក្លាយ និងលួចបន្លំ។
បក្សកុម្មុយនីស្តនេះ បានចេញសេចក្ដីថ្លែងការណ៍ដោយប្រកាសទាត់ចោលលទ្ធផលបោះឆ្នោតជាមួយនឹងការថ្លែងប្រាប់ប្រជាជនរុស្ស៊ី ថា បើនៅបណ្ដាក្រុងធំៗមានការលួចបន្លំដូចនេះទៅហើយ ចុះទម្រាំនៅជនបទដាច់ស្រយាលទៀត គឺពិតណាស់ការលួចបន្លំដូចនេះនឹងងាយបំផុត។
បក្សប្រឆាំងធំនេះប្រកាសថា នឹងតវ៉ាឱ្យមានការពិនិត្យឡើងវិញនូវការរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតដែលមានការសង្ស័យពីការបង្កើនតួលេខសន្លឹកឆ្នោតទៅឱ្យបក្សកាន់អំណាច។
ដោយឡែកបក្សប្រឆាំងមួយទៀតដឹកនាំដោយអ្នកទោសនយោបាយ Alexei Navalny ដែលមេបក្សប្រឆាំងរូបនេះកំពុងឃុំខ្លួន បានប្រកាសឱ្យពលរដ្ឋរុស្ស៊ីចេញដើរធ្វើបាតុកម្មតាមផ្លូវប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
សេចក្ដីថ្លែងការណ៍របស់អ្នកទោសនយោបាយនេះ បានប្រាប់ថា ការបោះឆ្នោតសភាលើកនេះមានការរឹតបន្តឹងកាន់តែខ្លាំងទៅលើសេរីភាពក្រុមប្រឆាំង ដោយការប្លុកវែបសាយ និងបណ្ដាញសង្គមរបស់សកម្មជនបក្សប្រឆាំង។
មិនតែប៉ុណ្ណោះ ការបោះឆ្នោតពុំមានតម្លាភាពឡើយ ព្រោះតែការបោះឆ្នោតប្រព្រឹត្តទៅដល់ ៣ថ្ងៃ ដែលទុកលទ្ធភាពនៃការរៀបចំផែនការបន្លំសន្លឹកឆ្នោតងាយកើតឡើង។ ក្រុមបក្សប្រឆាំងនៅប្រទេសរុស្ស៊ី បានហៅការបោះឆ្នោតថាដូចជាល្ខោនសៀករហស្សកម្មមួយ ជាមួយនឹងការសម្ដែងមិនសមនឹងស្ថានភាពជាក់ស្ដែងដែលលទ្ធផលដំបូងៗនៅទូទាំងប្រទេស នាំមុខដោយបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី ហើយក្រោយមកប្រែប្រួលយ៉ាងគំហុក គឺអ្នកនាំមុខលែងតាមទាន់អ្នករត់ពីក្រោយ។
តាមរបាយការណ៍របស់ក្រុមប្រឆាំង និងអ្នកសង្កេតការណ៍ឯករាជ្យ បង្ហាញថា បក្សកាន់អំណាចគឺបក្សរុស្ស៊ីរួបរួមដឹកនាំដោយបុរសខ្លាំង លោក វ៉្លាឌីមៀរ ពូទីន បានមិនដល់ ៣០% នោះទេ។ តែបែបណា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសរុស្ស៊ី បានបដិសេធចំពោះការចោទថាមានការលួចបន្លំសន្លឹកឆ្នោតសម្រាប់បក្សកាន់អំណាច។
រឿងអសោចកេរ្តិ៍នៃការបោះឆ្នោតសភាសហព័ន្ធរុស្ស៊ី បានផ្ទុះប្រតិកម្មពីសហគមន៍អន្តរជាតិ ព្រោះតែមានការបន្លំសន្លឹកឆ្នោតធ្ងន់ធ្ងរ។ ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស ប្រកាសថាការបោះឆ្នោតនេះមិនស្របនឹងស្តង់ដារអន្តរជាតិ ដោយមិនឆ្លើយតបនឹងប្រព័ន្ធបោះឆ្នោតគោលការណ៍ប្រជាធិបតេយ្យឡើយ។
យ៉ាងណា សម្រាប់ប្រធានាធិបតីរុស្ស៊ី ដែលគេហៅថាបុរសខ្លាំង ហើយអ្នកនិពន្ធឱ្យរហស្សនាមថា តួកំប្លែងមុខស្ងួត ចិត្តកោងកាច សង្ឃឹមថាសំឡេងរបស់បក្សរុស្ស៊ីរួបរួមនៅក្នុងសភា ដូម៉ា មានភាពរឹងមាំ គឺច្បាស់ណាស់ថាការបោះឆ្នោតប្រធានាធិបតីនៅខែមីនា ឆ្នាំ២០២៤ គឺរូបលោកនឹងតោងអំណាចដ៏កំពូលនេះបានទៀត៕