ពីប្រទេសភូមា ឯណោះវិញ មេដឹកនាំក្រុមចតុភាគីហៅថា Quad បានសម្រេចរួមគ្នាប្រាប់ទៅរបបរដ្ឋប្រហារភូមា ឱ្យបញ្ចប់ហិង្សា និងដោះលែងអ្នកជាប់ឃុំទាំងអស់។
សេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំ Quad ដែលបានធ្វើឡើងក្នុងជំនួបកំពូលនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន គឺមានប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison។
ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា យើងបន្តប្រាប់ទៅភាគីពាក់ព័ន្ធទាំងអស់ និងពួកយោធា ត្រូវស្វែងរកការបញ្ចប់ហិង្សា ហើយអ្នកជាប់ឃុំ និងអ្នកទោសទាំងអស់ត្រូវតែដោះលែង ក្នុងនោះមានទាំងជនបរទេសផងដែរ ហើយត្រូវស្ថាបនាការសន្ទនាគ្នាដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ។ ជាមួយគ្នានេះ មេដឹកនាំ Quad ក៏បានស្នើទៅអាស៊ានឱ្យអនុវត្តឱ្យបាននូវយន្តការប្រាំចំណុចដែលមេដឹកនាំអាស៊ានបានសម្រេចរួមគ្នាកាលពីថ្ងៃទី២៤ មេសា នៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី។
យន្តការប្រាំចំណុចរបស់សមាគមអាស៊ាន ក្នុងនោះមាន៖
- ការបញ្ចប់អំពើហិង្សា
- ការដោះលែងអ្នកជាប់ឃុំ
- ការទទួលយកប្រេសិតអាស៊ានទៅជួយសម្របសម្រួលឱ្យមានការចរចានយោបាយ
- ការទទួលយកជំនួយពីសហគមន៍អន្តរជាតិ
- និងការស្ដារប្រជាធិបតេយ្យឡើងវិញ។
តាមរបាយការណ៍សមាគមជំនួយអ្នកទោសនយោបាយ ឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាជនភូមាស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធាមានជិត ១១២០នាក់ និងចាប់ខ្លួនមនុស្សជាង ៨ពាន់នាក់។ ប្រទេសនេះបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលហើយនៅពេលនេះ។ ការវាយប្រយុទ្ធកំពុងកើតមាននៅទូទាំងប្រទេសរវាងកងទ័ពរបបសឹក និងកម្លាំងចម្រុះសហការគ្នា គឺកងទ័ពនៃរដ្ឋាភិបាលឯកភាពជាតិ និងកងទ័ពជនជាតិដើមភាគតិចមានជាង ១០តំបន់។
ការវាយប្រយុទ្ធគ្នានេះ បាននាំឱ្យមានជនភៀសខ្លួនរាប់សែននាក់រត់ទៅនៅតាមព្រំដែនប្រទេសជិតខាង ជាពិសេសនៅប្រទេសឥណ្ឌា និងប្រទេសថៃ៕