សាលាឧទ្ធរណ៍បានសម្រេចឱ្យយុវជនជាសកម្មជនបរិស្ថាន ៣រូប អនុវត្តទោសក្នុងពន្ធនាគារព្រៃស ១ឆ្នាំ ២ខែ ហើយទោសនៅសល់ត្រូវព្យួរ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល ៣ឆ្នាំ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនផងដែរ។
ការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី៥ វិច្ឆិកា នេះ បន្ទាប់ពីយុវជនមាតាធម្មជាតិទាំង ៣នាក់ ក្នុងនោះមានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានប្ដឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារចន្លោះពី ១៨ខែដល់ ២០ខែ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
បន្ទាប់ពីបើកសវនាការសួរដេញដោលកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅថ្ងៃសុក្រ ទី៥ វិច្ឆិកា ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានសម្រេចកាត់ទោសឱ្យសកម្មជនមាតាធម្មជាតិទាំង ៣នាក់អនុវត្តទោសក្នុងពន្ធនាគារចំនួន ១ឆ្នាំ ២ខែ ដោយទោសនៅសល់ត្រូវព្យួរ និងដាក់ឱ្យពួកគេស្ថិតនៅក្រោមការត្រួតពិនិត្យរយៈពេល ៣ឆ្នាំ។
ក្នុងអំឡុងពេល ៣ឆ្នាំដែលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យនេះ បើសិនផ្លាស់ប្ដូរទីលំនៅ និងចេញទៅក្រៅប្រទេសនោះ ត្រូវជូនដំណឹងទៅតុលាការជាដើម។ លើសពីនេះទៀត រយៈពេល ៣ឆ្នាំ បើសិនជាពួកគេមិនបានអនុវត្តតាមលក្ខខណ្ឌតុលាការទេ ពួកគេនឹងប្រឈមនឹងការចាប់ខ្លួនជាថ្មីដែរ។
យុវជនមាតាធម្មជាតិទាំង ៣នាក់នោះ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០។ បើគិតតាំងពីថ្ងៃចាប់ខ្លួននោះ អ្នកទាំង ៣នាក់នឹងត្រូវបានដោះលែងនៅថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារគ្រប់ ១ឆ្នាំ ២ខែតាមការកំណត់របស់តុលាការ។
ភរិយាលោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី បានប្រាប់សារព័ត៌មាន The Cambodia Daily ខណៈកំពុងរង់ចាំទទួលស្វាមីនៅមុខពន្ធនាគារនាថ្ងៃទី៥ វិច្ឆិកា នេះថា អ្នកស្រីត្រេកអរដែលស្វាមីត្រូវបានដោះលែងវិញ ប៉ុន្តែអ្នកស្រីមិនសប្បាយចិត្តចំពោះសាលាឧទ្ធរណ៍ដែលមិនទម្លាក់ចោលបទចោទប្រកាន់លើគ្រួសារអ្នកស្រី និងសកម្មជនផ្សេងទៀត។ អ្នកស្រីចាត់ទុកការមិនទម្លាក់ចោលនេះ ថាជារឿងអយុត្តិធម៌សម្រាប់គ្រួសារពួកគាត់ដែលជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តកំហុស បែរជាជាប់ពន្ធនាគារដោយសារតែការការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ហើយក្រោយមក សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសក្នុងខែឧសភា ឆ្នាំ២០២១ ដាក់ពន្ធនាគារចន្លោះពី ១៨ខែទៅ ២០ខែ ពីបទ «ញុះញង់» ក្រោយពីពួកគេបង្ហោះសារពីគម្រោងស្លៀកសពាក់សដើរពីវត្តភ្នំទៅផ្ទះនាយករដ្ឋមន្ត្រី ដើម្បីសុំបញ្ឈប់ការលុប «បឹងកប់ស្រូវ» ឬ «បឹងតាមោក»។
ទោះបីជាពួកគេនឹងត្រូវដោះលែងក៏ពិតមែន ប៉ុន្តែយុវជនបរិស្ថានទាំង ៣នាក់នៅជាប់ចោទមួយករណីទៀតពីបទ «រួមគំនិតក្បត់ជាតិ» ដែលករណីនេះជាប់ពាក់ព័ន្ធនឹងយុវជនបរិស្ថានមាតាធម្មជាតិ ៣នាក់ដែលកំពុងជាប់ពន្ធនាគារព្រៃស រង់ចាំសវនាការ។ អ្នកទាំង ៣នាក់នោះមានកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ អំឡុងចុះថតវីដេអូមុខព្រះបរមរាជវាំង ពាក់ព័ន្ធនឹងការបង្ហូរទឹកស្អុយចូលទន្លេ។
ក្រោយពីមានការចាប់សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀត ក្រុមអង្គការសង្គមស៊ីវិលបាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គម ដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ៣រូប បានចេញសេចក្ដីថ្លែងការណ៍មួយដោយសម្ដែងការសោកស្តាយ និងបានរិះគន់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាមធ្យោបាយក្នុងការកាត់បន្ថយវិសាលភាពសម្រាប់សកម្មភាពរបស់ពលរដ្ឋ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការកាត់ទោសលើអ្នកហ៊ានក្រោកឈរដើម្បីសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា៕