គណបក្សក្រៅរដ្ឋាភិបាលចំនួន ៦ ទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. រក្សាទុកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ ឱ្យនៅដដែល និងឱ្យចែកកំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់១១០២ នេះ ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោតដូចការបោះឆ្នោតមុនៗបន្តទៀត។
គណបក្សដែលនឹងចូលរួមការបោះឆ្នោតនាពេលខាងមុខចំនួន ៦ បានចេញញត្តិរួមគ្នានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះថា ដើម្បីឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ខាងមុខនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដើម្បីទទួលបានការទុកចិត្តពីសំណាក់គណបក្សនយោបាយ និងពលរដ្ឋម្ចាស់ឆ្នោតគ្រប់រូប ព្រមទាំងបញ្ចៀសនូវជម្លោះនយោបាយនៅពេលក្រោយ គ.ជ.ប. ត្រូវតែរក្សាទុកទម្រង់នៃការរាប់សន្លឹកឆ្នោត១១០២ ជាដាច់ខាត។
ប្រភពដដែលអះអាងថា ពួកគេមិនអាចទទួលយកបានឡើយចំពោះការបំភ្លឺ និងការបកស្រាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីមូលហេតុថាការលុបចោលនូវកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ នេះ គឺដើម្បីកាត់បន្ថយកំហុសឆ្គងមួយចំនួនដែលធ្លាប់ឆកល្វែងដែលបានកើតឡើងដោយអចេតនារបស់មន្ត្រីការិយាល័យបោះឆ្នោតដូចឆ្នាំមុនៗនោះ។
គណបក្សទាំងនោះបញ្ជាក់ថា មូលហេតុរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនសមហេតុផលនោះទេ ដូច្នេះដើម្បីធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ.ជ.ប. ត្រូវតែបង្កើនសមត្ថភាពរបស់មន្ត្រីរៀបចំការបោះឆ្នោតរបស់ខ្លួនឱ្យមានសមត្ថភាពពេញលេញ ដើម្បីបំពេញភារកិច្ចនេះឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ គណបក្សចំនួន៦ បានចេញញត្តិរួមគ្នា ដូចជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន និងគណបក្សបំណងពលរដ្ឋ ជាដើម ដើម្បីទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរក្សានូវការប្រើប្រាស់កំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់១១០២ ដើម្បីធានានូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការកែប្រែកំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់១១០២ នេះ ក្រោមហេតុផលថា ក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស ១២ម៉ោង ហួសកម្លាំង ដូច្នេះអាចនឹងមានកំហុសឆ្គងក្នុងការសរសេរចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ។
ប្រភពដដែលបញ្ជាក់ថា ដើម្បីកែសម្រួលបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងកែប្រែនីតិវិធីចែកជូនលទ្ធផលរាប់សន្លឹកឆ្នោតដែលត្រូវថតចម្លងជាច្រើនច្បាប់ចែកជូនផ្ទាល់ដៃ មកត្រឹមតែជាការផ្សាយជាសាធារណៈតាមការិយាល័យបោះឆ្នោតជំនួសវិញ ហើយគណបក្សនយោបាយទាំងអស់អាចថតលទ្ធផលនៃការរាប់សន្លឹកឆ្នោតដែលបានបិទផ្សាយនេះដោយខ្លួនឯងផងដែរ ប៉ុន្តែការប្រើនីតិវិធីបែបនេះ គណបក្សក្រៅរដ្ឋាភិបាលទាំងនោះរិះគន់ថា ជានីតិវិធីដែលគ្មានតម្លាភាពសម្រាប់ពួកគេ។
កាលពីចុងឆ្នាំ២០២០ របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា មានគណបក្សនយោបាយជាង ៤០ បានចុះបញ្ជីជាផ្លូវការដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះជាកំហិត៕