រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាកចេញពីកម្ពុជាធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រយៈពេលមួយសប្តាហ៍ ដើម្បីបន្តពិនិត្យតាមដានសុខភាពជាលើកទីពីរ តាមការតម្រូវរបស់វេជ្ជបណ្ឌិត។
ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះថា ក្រោយពីពិនិត្យសុខភាព និងទទួលការព្យាបាលសុខភាពនៅប្រទេសបារាំង កាលពីដើមខែសីហា ឆ្នាំ២០២១ អនុប្រធានបក្សកាន់អំណាច លោក ស ខេង ត្រូវបានវេជ្ជបណ្ឌិតប្រទេសបារាំង តម្រូវឱ្យត្រឡប់ទៅតាមដានស្ថានភាពសុខភាពរបស់លោកជាលើកទី២ នៅដើមខែឧសភា ឆ្នាំ២០២២ នេះម្តងទៀត។
ប្រភពដដែលបញ្ជាក់ថា ការចេញទៅពិនិត្យសុខភាពនៅប្រទេសបារាំងទាំងពីរលើកនេះ គឺសុទ្ធតែទទួលបានការអនុញ្ញាតពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ហើយក៏មិនមែនជាការចាកចេញដោយភ្ជាប់នូវរបៀបវារៈផ្សេងណាមួយក្រៅតែពីការពិនិត្យសុខភាពនេះឡើយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលលោក ស ខេង ជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានចាកចេញទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្តីជូនដំណឹងម្តងដែរថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានធ្វើដំណើរមកកាន់ប្រទេសបារាំង ចាប់ពីចុងខែសីហា រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២១ ដោយមានធុរៈផ្ទាល់ខ្លួន។
ជុំវិញបញ្ហានេះក៏ធ្លាប់មានការបំផុសបំផុលក្នុងដំណើរចាកចេញពីប្រទេសរបស់លោក ស ខេង ទៅប្រទេសបារាំង នេះដែរថា លោក ស ខេង នឹងមានជំនួបជាមួយអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ក្នុងការចរចានយោបាយ ដើម្បីបើកផ្លូវឱ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលត្រូវហាមឃាត់សិទ្ធិនយោបាយឱ្យចូលទៅកម្ពុជាវិញ។ ប៉ុន្តែការបំផុសបំផុលនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធទាំងស្រុង ដោយអះអាងថា ការធ្វើដំណើរទៅប្រទេសបារាំងរបស់លោក ស ខេង គឺដោយធុរៈផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមានកម្មវិធីផ្សេងនោះឡើយ។
ទាក់ទិននឹងបញ្ហានេះ កូនប្រុសលោក ស ខេង គឺលោក ស សុខា ធ្លាប់បានរិះគន់ក្រុមមន្ត្រីបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសជុំវិញការបំផុសបំផុលនេះថា ក្នុងនាមជាអ្នកនយោបាយជំនាន់មុនៗ គួរគប្បីធ្វើជាគំរូល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម ជាពិសេសត្រូវបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិដោយពិតប្រាកដ ចៀសវាងការធ្វើនយោបាយប្រជាភិថុតិចំពោះពលរដ្ឋខ្លួនឯង។
ជុំវិញការចាកចេញរបស់លោក ស ខេង ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពជាលើកទី២ នេះ មិនត្រូវបានមន្ត្រីបក្សប្រឆាំងនៅក្រៅស្រុកលើកឡើងពីរបៀបវារៈណាមួយនៅឡើយទេ ខណៈសេចក្តីជូនដំណឹងនេះបានបញ្ជាក់ច្បាស់ហើយថា ជាការចេញទៅក្រៅប្រទេស គឺដើម្បីពិនិត្យសុខភាពប៉ុណ្ណោះ៕