ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា បានចេញលិខិតដាក់កំហិតមួយកាលពីថ្ងៃទី២៧ ខែឧសភា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ឧសភា ដោយកម្រិតឱ្យម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីអំពីការងារ អនុវត្តលក្ខខណ្ឌទូទៅនៃការងារឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាននៃប្រទេសកម្ពុជា ក្នុងនោះ រោងចក្រសហគ្រាសត្រូវតែរៀបចំបទបញ្ជាផ្ទៃក្នុង និងផ្សព្វផ្សាយក្នុងរោងចក្រសហគ្រាសរបស់ខ្លួនឱ្យបានត្រឹមត្រូវជូនដល់កម្មករនិយោជិតទាំងអស់។
ក្រសួងការងារ អះអាងថា រោងចក្រសហគ្រាសត្រូវតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងការងារ និងកម្មករនិយោជិតពេញសិទ្ធិ រួមទាំងប្រាក់រំឭកបំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិតទាំងនោះឱ្យបានត្រឹមត្រូវជាទីបំផុត។
ប្រភពដដែលបញ្ជាក់ថា ក្រៅពីរៀបចំប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត រោងចក្រសហគ្រាសក៏ត្រូវចុះបញ្ជិកាកម្មករនិយោជិតនៅបេឡាជាតិផ្នែកសន្តិសុខសង្គម ព្រមទាំងត្រូវបង់វិភាគទានឱ្យពួកគេផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពផងដែរ។ លើសពីនេះ រោងចក្រសហគ្រាសមិនត្រូវបង្ខិតបង្ខំឱ្យកម្មករនិយោជិតចូលរួម និងមិនចូលរួមក្នុងសហជីព ឬវិធានការវិវាទណាមួយនោះឡើយ។
ការចេញលិខិតដាក់កំហិតនេះ ធ្វើឡើងដើម្បីកំណត់ឱ្យរោងចក្រសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរទាំងអស់ត្រូវតែយកចិត្តទុកដាក់លើកម្មករនិយោជិតដែលបម្រើការងារនៅផ្នែកនេះឱ្យបានល្អប្រសើរគ្រប់ៗគ្នា។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ ឧសភា នេះថា នៅក្នុងច្បាប់ស្តីអំពីការងារបានប្រគល់សិទ្ធិឱ្យទៅក្រសួងការងារទាំងស្រុង ជាពិសេសនាយកដ្ឋានអធិការកិច្ចការងារតែម្តង។ លោកបន្ថែមថា ក្នុងច្បាប់ស្ដីពីការងារបានតម្រូវឱ្យនាយកដ្ឋានអធិការកិច្ចការងារចុះធ្វើអធិការកិច្ចលើដំណើរការតាមរោងចក្រសហគ្រាសទាំងអស់ ថាតើពួកគេបានអនុវត្តទៅតាមច្បាប់ស្ដីពីការងារ ព្រមទាំងបទដ្ឋានការងារនានាដែលប្រទេសកម្ពុជាបានសន្យាមកអនុវត្តបានត្រឹមត្រូវហើយឬនៅទាក់ទិននឹងសិទ្ធិរបស់កម្មករ ប្រាក់ឈ្នួល និងលក្ខខណ្ឌអំពីប្រព័ន្ធសុខភាពសុវត្ថិភាព ជាដើម។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះបញ្ជាក់ថា ប្រសិនបើក្រសួងការងាររកឃើញថារោងចក្រសហគ្រាសទាំងនោះមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវនៅឡើយទេ នាយកដ្ឋានអធិការកិច្ចការងារមានសិទ្ធិដាក់កំហិតឱ្យរោងចក្រសហគ្រាសទាំងនោះអនុវត្តទៅតាមច្បាប់ស្ដីពីការងារដែលមានចែងជាធរមាន ប៉ុន្តែការចុះធ្វើអធិការកិច្ចរបស់ក្រសួងកន្លងមកនៅមានភាពខ្វះចន្លោះនៅឡើយ ជាក់ស្តែងដូចជាការខកខានត្រួតពិនិត្យលើការរំលោភសិទ្ធិបុគ្គលិកពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងជាប់គាំងនៅពេលនេះ ជាដើម។
លោក មឿន តុលា សង្កត់ធ្ងន់ថា បើក្រសួងការងារដាក់វិធានការទៅតាមច្បាប់ដែលមានចែង នោះរោងចក្រសហគ្រាសមិនអាចបដិសេធនូវការគោរពសិទ្ធិកម្មករនិយោជិតបានទេ ប៉ុន្តែបើក្រសួងគ្រាន់តែបង្ហាញពីការយកចិត្តទុកដាក់លើកម្មករទៅតាមរដូវកាល ដូចជាមុនពេលបោះឆ្នោត និងធ្វើលែងដឹងលែងឮទៅវិញនៅក្រោយការបោះឆ្នោត នោះការចេញលិខិតបែបនេះគ្មានប្រសិទ្ធភាពក្នុងការធានានូវសិទ្ធិការពារដោយច្បាប់ចំពោះកម្មករនិយោជិតជាដាច់ខាត។
ទាក់ទិននឹងបញ្ហានេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ កម្មករនិយោជិតនៃក្រុមហ៊ុន ខេន ស្តត ស៊ូ នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រមាណ ៤ពាន់នាក់ បាននាំគ្នាចេញមកធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនគោរព និងអនុវត្តតាមលក្ខខណ្ឌការងារចំនួន ៣៥ចំណុច បន្ទាប់ពីពួកគេត្រូវរងការរំលោភសិទ្ធិការងារពីក្រុមហ៊ុននាពេលកន្លងមក។
ក្រុមកម្មករនិយោជិតទាំងនោះអះអាងថា ក្រុមហ៊ុនមិនត្រឹមតែមិនបើកលុយបាយថែមម៉ោងឲ្យទាន់ពេលវេលាដល់ពួកគេនោះទេ ថែមទាំងបានកេងប្រវ័ញ្ចកាត់លុយមុខងាររបស់ពួកគេថែមទៀត ហើយការធ្វើកូដកម្មអហិង្សានេះ គឺគ្មានការបង្ខិតបង្ខំ ឬក៏ញុះញង់ពីសំណាក់ស្ថាប័ន ឬភាគីណាមួយឡើយ ប៉ុន្តែវាជាឆន្ទៈពិតប្រាកដ និងជាការស្ម័គ្រចិត្តរបស់កម្មករទាំងអស់គ្នាដែលបានឯកភាពគ្នាដើម្បីទាមទារឲ្យមានដំណោះស្រាយពីភាគីនិយោជក។
មាត្រា៣៤ នៃច្បាប់ស្ដីពីការងារ បានចែងថា អធិការកិច្ចការងារត្រូវមានបេសកកម្មធានាដល់ការអនុវត្តច្បាប់ការងារ និងត្រួតពិនិត្យការអនុវត្តបទបញ្ញត្តិដែលទាក់ទងនឹងលក្ខខណ្ឌជីវភាពនៃកម្មករនិយោជិត និងគ្រួសារនៃជនទាំងនោះ៕