រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើងថា គណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងបញ្ចប់សង្គ្រាម ដូច្នេះគ្មានគណបក្សណាមួយអាចជំនួសបានឡើយក្នុងការការពារ និងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើងក្នុងវេទិកាសាធារណៈជួបជាមួយប្រជាពលរដ្ឋនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ថា គណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម និងបញ្ចប់សង្គ្រាម ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល ហើយការលះបង់នេះបានធ្វើឱ្យប្រជាជនខ្មែររស់ក្នុងភាពសុខសាន្ត និងការអភិវឌ្ឍដល់សព្វថ្ងៃនេះ។
លោក នេត្រ ភក្ត្រា អះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នឹងការពារ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជារកបានដោយពិបាកនេះ ឱ្យស្ថិតស្ថេរគង់វង្សជាអមតៈសម្រាប់ជាប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត ហើយកម្ពុជាក៏នឹងប្រឆាំងដាច់ខាតមិនឱ្យមានការបំផ្លិចបំផ្លាញសុខសន្តិភាពនេះដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោក ហ៊ុន សែន ប្រទេសកម្ពុជាបានចាកចេញពីប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃ មកជាប្រទេសមានសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលនាំមកនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរល្បីរន្ទឺនៅលើពិភពលោកសព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងត្រូវគេមើលឃើញថាជាការលើកឡើងផ្ទុយស្រឡះពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលចង់បានការផ្លាស់ប្ដូរ ដើម្បីបញ្ចប់នូវវប្បធម៌ការដឹកនាំដោយឯកបក្សដូចគណបក្សប្រជាជនកម្ពុជាអនុវត្តសព្វថ្ងៃនេះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មករា នេះថា ការលើកឡើងថាគ្មានគណបក្សណាអាចជំនួសគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាតិ គឺជាសម្ដីប្រជាភិថុតិសុទ្ធសាធ ត្បិតរយៈពេលជាង ៣០ឆ្នាំដែលបក្សកាន់អំណាចដឹកនាំប្រទេស គឺមានតែធ្វើឱ្យពលរដ្ឋក្រីក្រ ជំពាក់បំណុលបរទេសវ័ណ្ឌក និងការអភិវឌ្ឍដែលពោរពេញដោយអំពើពុករលួយប៉ុណ្ណោះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ដោយឡែកការថែរក្សាសន្តិភាព ក៏ជាការលើកឡើងដែលមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាដែរ ព្រោះថាដើម្បីឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ មិនមែនជាសន្តិភាពក្រោមការគំរាមកំហែង និងសន្តិភាពដែលផ្ញើវាសនាប្រទេសជាតិខ្លួនលើបរទេសជិតខាង ទាល់តែកម្ពុជាអនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុន្តែជាង ៣០ឆ្នាំមកនេះ កម្ពុជាដែលក្រោមការដឹកនាំរបស់បក្សកាន់អំណាច បានអនុវត្តផ្ទុយពីស្មារតីនៃកិច្ចសន្យាអន្តរជាតិមួយនេះទាំងស្រុង។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ជាង ៣០ឆ្នាំនេះ ប្រសិនបើបក្សប្រឆាំងដឹកនាំប្រទេស ប្រាកដជាមានការរីកចម្រើន សុខសាន្តជាងគណបក្សប្រជាជនកម្ពុជាឆ្ងាយណាស់ ត្បិតបក្សប្រឆាំងប្រកាន់យករដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាផែនការអនុវត្តរាល់កម្មវិធីនយោបាយរបស់ខ្លួនគ្រប់កាលៈទេសៈទាំងអស់។
លោកបន្ថែមថា ការដឹកនាំប្រទេសជាង ៣ទសវត្សរ៍របស់គណបក្សប្រជាជនកម្ពុជា មានតែធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រទៅៗ ការគោរពច្បាប់ក៏លែងមាន សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋក៏ត្រូវអ្នកមានអំណាចរំលោភ ខណៈប្រជាធិបតេយ្យក៏ត្រូវរងនូវការជាន់ឈ្លីថែមទៀត។
ទាក់ទិននឹងការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០២២ ថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជាត្រូវបានលោក ហ៊ុន សែន គ្រប់គ្រងផ្ដាច់មុខទាំងស្រុង ក្នុងនោះគណបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងភាពភ័យខ្លាចគ្រប់ៗគ្នា។
ចំណែកអង្គការតម្លាភាពអន្តរជាតិ (Transparency International) បានលាតត្រដាងកាលពីដើមខែមករា ឆ្នាំ២០២២ ថា កម្ពុជាបានធ្លាក់ចូលទៅក្នុងប្រទេសដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០១២ មក គឺស្ថិតក្នុងចន្លោះលំដាប់លេខរៀងចាប់ពី ១៥៧ ដល់ជាង ១៦០ ក្នុងចំណោមប្រទេស ១៨០ នៅលើពិភពលោក៕