លោក ដេវីដ ឆាណាយវ៉ា ដែលជួយរកយុត្តិធម៌ឲ្យពលរដ្ឋនៅភូមិចំណោតរាម និងភូមិគគីរ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ឧសភា យកទៅដាក់ពន្ធនាគារខេត្តព្រះសីហនុ ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ»។
សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាឲ្យនាំខ្លួនលោក ដេវីដ ឆាណាយវ៉ា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ពីបទចោទប្រកាន់ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈដែលបានប្រព្រឹត្តនៅភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។
ការចាប់ខ្លួននេះ ធ្វើឡើងតាមបណ្តឹងគណៈមេធាវីកម្ពុជាដែលបានប្តឹងលោកកាលពីពេលកន្លងទៅបន្ទាប់ពីលោក ដេវីដ ឆាណាយវ៉ា បានចូលទៅជួយពលរដ្ឋរងគ្រោះពីការរំលោភដីធ្លីនៅខេត្តព្រះសីហនុ នៅពេលនេះ។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ តំណាងអយ្យការលោក ប្លង់ សុផល បានចេញដីកាកោះឱ្យលោក ដេវីដ ឆាណាយវ៉ា ចូលខ្លួនទៅបំភ្លឺនៅតុលាការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ អំពីដំណើររឿងដែលគណៈមេធាវីកម្ពុជាបានប្តឹងលោកពីបទអំពើក្លែងឋានៈជាមេធាវី អំពើផ្តល់យោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី និងជេរប្រមាថជាសាធារណៈលើគណៈមេធាវីកម្ពុជាកាលពីពេលកន្លងទៅ។
ការចេញដីកាកោះនេះ ធ្វើឡើងបន្ទាប់ពីគណៈមេធាវីកម្ពុជាបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយចោទប្រកាន់លោក ដេវីដ ឆាណាយវ៉ា ថាបានប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវី និងជេរប្រមាថជាសាធារណៈលើគណៈមេធាវីកម្ពុជាកន្លងមក។
យ៉ាងណាក៏ដោយ បន្ទាប់ពីការចោទប្តឹងរបស់គណៈមេធាវី និងការចេញដីការបស់តុលាការឲ្យលោកចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក ដេវីដ ឆាណាយវ៉ា បានចោទថា មន្ត្រីនៅក្រោមឱវាទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអនុវត្តតាមបទបញ្ជាដែលប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ឆ្វៀលដីនៅភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីគម្របព្រៃឱ្យប្រជាពលរដ្ឋដូចមានចែងក្នុងអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះទេ។
លោក ដេវីដ ឆាណាយវ៉ា អះអាងថា ចាប់តាំងពីរូបលោកចូលទៅជួយដោះស្រាយបញ្ហាដីធ្លីនៅភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មក គណៈមេធាវីកម្ពុជាព្យាយាមផ្ដន្ទាទោសលោកជាប់រហូត ខណៈការជួយប្រជាពលរដ្ឋរបស់លោកជុំវិញរឿងនេះមិនបានប្រព្រឹត្តខុសនឹងផ្លូវច្បាប់ទាល់តែសោះ។
បែបនេះក្តី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ គណៈមេធាវីកម្ពុជាធ្លាប់បានព្រមានប្តឹងលោក ដេវីដ ឆាណាយវ៉ា ថាលោកកំពុងប្រកបវិជ្ជាជីវៈជាមេធាវីខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ជុំវិញការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ភាគីវិវាទដីធ្លីនៅភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងមានទំនាស់សព្វថ្ងៃនេះម្តងរួចហើយ ប៉ុន្តែលោក ដេវីដ ឆាណាយវ៉ា នៅតែអះអាងថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់នោះឡើយ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ត្អូញត្អែរថា លោក ដេវីដ ឆាណាយវ៉ា ទំនងជាមិនអាចរកយុត្តិធម៌ក្នុងរឿងនេះបានឡើយ ព្រោះថាដីដែលរងការរំលោភបំពាននៅទីតាំងខាងលើសុទ្ធតែជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចទាំងអស់ ដែលពួកគេទទួលបានសិទ្ធិកាន់កាប់ដីនៅតំបន់នោះតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក។
ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទំហំ ៧៥ហិកតារ និង ៣០អា ចែកជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងកាន់កាប់ជាក់ស្តែង។
ប៉ុន្តែនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិឃុំខាងលើទំហំ ១០ហិកតារ ៤០អា និង ៣៩សង់ទីអា ឱ្យទៅធនាគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ ផងដែរ។
ជាងនេះទៀត កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យកូនៗរបស់គាត់ គឺអ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ថែមទៀតដែលបញ្ហានេះទំនងជាឱកាសមួយសម្រាប់មន្ត្រីពុករលួយកេងបន្លំយកដីប្រជាពលរដ្ឋនៅតំបន់នោះ ឬអាចមានលោក ហ៊ុន សែន នៅពីក្រោយនៃការរំលោភដីធ្លីនេះផងដែរ៕