មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ រិះគន់ថា ការប្រកាសចងសម្ព័ន្ធភាពរវាងគណបក្សក្រៅរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជា គ្រាន់តែជាការឆក់ឱកាសរកលាភសក្ការៈបុណ្យស័ក្តិ តួនាទីរបស់គណបក្សទាំងនោះប៉ុណ្ណោះ ក្រោយពួកគេអស់សមត្ថភាពទាក់ទាញការចូលរួមរបស់ប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងសកម្មភាពនយោបាយសម្រាប់បក្សរបស់ខ្លួនកន្លងមក។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ តុលា នេះថា ការប្រកាសចងសម្ព័ន្ធរវាងបក្សក្រៅរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជា គឺជាដំណើរនយោបាយមួយដែលបិទផ្លូវចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលចង់បានការផ្លាស់ប្ដូរតាមរយៈនៃការបោះឆ្នោតប៉ុណ្ណោះ ចំណែកការប្រកាសចងសម្ព័ន្ធរវាងគណបក្សក្រៅរដ្ឋាភិបាល ៤ ផ្សេងទៀត ក៏ទំនងមិនអាចទៅមុខបានដែរ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការសម្រេចចងសម្ព័ន្ធជាមួយបក្សកាន់អំណាចរបស់គណបក្សក្រៅរដ្ឋាភិបាលទាំងនោះ លោកមើលមិនឃើញថានឹងមានផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋឡើយ ប៉ុន្តែនឹងមានប្រយោជន៍សម្រាប់តែមន្ត្រីជាន់ខ្ពស់បក្សនយោបាយទាំងនោះប៉ុណ្ណោះ ដូចជា ការទទួលបុណ្យស័ក្តិតួនាទីក្នុងកម្រិតណាមួយសម្រាប់ពួកគេ ជាដើម ព្រោះថាបក្សនយោបាយទាំងនោះមិនអាចកែប្រែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដែលចងសម្ព័ន្ធភាពរវាងគ្នា និងគ្នាបានទេ គឺមានតែគណបក្សទាំងនោះធ្វើតាមគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ទោះមានការសម្រេចចិត្តបែបណាក៏ដោយ គឺជាសិទ្ធិក្នុងការសម្រេចចិត្តរបស់ពួកគេ ដែលមិនខុសទាស់ទៅនឹងច្បាប់អ្វីនោះឡើយ ប៉ុន្តែសម្រាប់ឆាកជីវិតនយោបាយរបស់បក្សទាំងនោះសម្រាប់ការគាំទ្ររបស់ប្រជាពលរដ្ឋទៅថ្ងៃក្រោយ គឺគ្មានឱកាសទៀតឡើយ។
លោក មាជ សុវណ្ណារ៉ា គូសបញ្ជាក់ថា ក្នុងឆាកនយោបាយរបស់កម្ពុជាសព្វថ្ងៃនេះ គឺមានតែយុវជនជំនាន់ក្រោយដែលស្អាតស្អំប៉ុណ្ណោះ ទើបអាចកសាងថ្នាលនយោបាយសម្រាប់ប្រទេសជាតិបាន ដែលពួកគេមិនប្រឡូកប្រឡាក់នឹងល្បិចកលនយោបាយរបស់បក្សកាន់អំណាចកន្លងមក។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាគ្រោងជួបប្រជុំជាមួយគណបក្សនយោបាយជិត ៣០ ដែលបានប្រកាសចងសម្ព័ន្ធជាមួយនឹងខ្លួននៅថ្ងៃពុធសប្តាហ៍នេះ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បានចេញលិខិតអញ្ជើញប្រធានគណបក្សក្រៅរដ្ឋាភិបាលទាំង ២៧គណបក្សដែលបានប្រកាសចងសម្ព័ន្ធភាពជាមួយនឹងខ្លួនកាលពីពេលថ្មីៗនេះ ឱ្យចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងគណបក្សនយោបាយនៅកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ នៅក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងមានពិធីទទួលទានអាហារសាមគ្គីរវាងមេដឹកនាំគណបក្សទាំងអស់នោះផងដែរ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សក្រៅរដ្ឋាភិបាលចំនួន ២៧គណបក្ស ដូចជាគណបក្សឯកភាពជាតិខ្មែរ របស់លោក អ៊ុន ជឹម គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ គណបក្សបំណងពលរដ្ឋ របស់លោក អ៊ិត សារុំ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ជាដើម បានចេញលិខិតរួមគ្នាស្នើសុំមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន សុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះលោក ហ៊ុន សែន បានប្រកាសស្វាគមន៍ទទួលយកការស្នើសុំចងសម្ព័ន្ធភាពរបស់គណបក្សទាំងនោះផងដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ តុលា នេះដែរថា ការប្រកាសចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយ និងគណបក្សនយោបាយក្នុងប្រទេសកាន់របបប្រជាធិបតេយ្យ គឺជារឿងធម្មតាប៉ុណ្ណោះ គ្មានខុសទាស់អ្វីនោះទេ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា ការចងសម្ព័ន្ធនេះអាចលើកស្ទួយការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យបាន ឬក៏រកផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនបានឬក៏អត់ប៉ុណ្ណោះ។
លោក សេក សុជាតិ លើកឡើងថា ប្រសិនបើការចងសម្ព័ន្ធនេះដើម្បីកាត់បន្ថយការប្រើអំណាចរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលកុំឱ្យចេះតែប្រើអំណាចស្រេចតែនឹងចិត្តនោះ គឺជារឿងល្អ ប៉ុន្តែបើការចងសម្ព័ន្ធភាពនេះក្នុងបំណងដើម្បីទទួលបានផលប្រយោជន៍សម្រាប់គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងនោះក្នុងកម្រិតណាមួយទៅវិញនោះ ដែលនាំឱ្យពួកគេធ្លាក់ទៅក្រោមឥទ្ធិពលនៃការគ្រប់គ្រងរបស់គណបក្សកាន់អំណាចដោយផ្ទាល់ ឬដោយប្រយោលនោះ គឺជាសោកនាដកម្មរបស់ប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរទៅវិញប៉ុណ្ណោះ។
ក្នុងចំណោមគណបក្សនយោបាយទាំង ២៧ ដែលបានប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា មាន ១៤គណបក្សបានចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣ និងគណបក្ស១៣ ផ្សេងទៀត មិនបានចូលរួមបោះឆ្នោតអាណត្តិទី៧ នេះទេ។
ការប្រកាសចងសម្ព័ន្ធរវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងជាង ២០បក្សជាមួយគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងស្របពេលដែលគណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ ផ្សេងទៀត ដូចជាគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ បានប្រកាសចងសម្ព័ន្ធភាពជាមួយគ្នានៅពេលនេះដែរ ហើយការប្រកាសចងសម្ព័ន្ធរបស់គណបក្សទាំង ៤ នេះ ត្រូវបានតំណាងគណបក្សទាំងនេះអះអាងថា គឺក្នុងគោលដៅស្ដារលទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយសិទ្ធិមនុស្ស ដើម្បីធានាសង្គមមួយដែលមាននិរន្តរភាពលើការគោរពសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យឱ្យបានខ្ជាប់ខ្ជួន ជាដើម៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

