ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង (CDPLA) និងពលរដ្ឋជាច្រើនគ្រួសារបានរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរឃុំត្រពាំងស្ដៅ ស្រុករមាសហែក ដែលតែងតែរំលោភបំពានសិទ្ធិកាន់កាប់លំនៅឋានរបស់ពលរដ្ឋ ដើម្បីយកដីទៅលក់យកលុយដាក់ហោប៉ៅខ្លួនឯង។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង លោក ព្រុំ ប៊ុនថន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះថា អាជ្ញាធរឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានគំរាមកំហែងរំលោភបំពានសិទ្ធិកាន់កាប់លំនៅឋានដែលជាកម្មសិទ្ធិរបស់លោក និងប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងរស់នៅ និងអាស្រ័យផលលើដីកេរ្តិ៍ដូនតាតកូនតចៅយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់សព្វថ្ងៃនេះ។
លោក ព្រុំ ប៊ុនថន លើកឡើងថា កាលពីថ្ងៃអង្គារដើម្បីសប្តាហ៍នេះ អាជ្ញាធរឃុំត្រពាំងស្ដៅ ស្រុករមាសហែក បានចុះទៅហាមឃាត់មិនឲ្យគ្រួសាររបស់លោក និងពលរដ្ឋជាច្រើនទៀត ប្រើសិទ្ធិក្នុងនាមជាម្ចាស់ដី ចាត់ចែង និងប្រើប្រាស់ដើម្បីដាំដំណាំលើដីរបស់ខ្លួនដែលបានកាន់កាប់តាំងពីយូរលង់មកហើយទេ។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀងរូបនេះ អំពាវនាវឱ្យអភិបាលខេត្តស្វាយរៀង ជួយពិនិត្យលើករណីរំលោភសិទ្ធិលំនៅឋានលើក្រុមគ្រួសាររបស់លោក និងពលរដ្ឋក្នុងឃុំត្រពាំងស្ដៅ ស្រុករមាសហែក ដែលកំពុងរងគ្រោះដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរឃុំត្រពាំងស្ដៅ សព្វថ្ងៃនេះ ដើម្បីផ្តល់យុត្តិធម៌សម្រាប់រូបលោក និងប្រជាពលរដ្ឋរងគ្រោះដទៃទៀត។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ការរំលោភសិទ្ធិលំនៅឋាននៅក្នុងប្រទេសកម្ពុជា កំពុងកើតមានយ៉ាងអនាធិបតេយ្យស្ទើរតែពេញប្រទេសសព្វថ្ងៃនេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញរបាយការណ៍របស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅថា ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២៣ គម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាទុកនូវអត្ថបទជាច្រើនស្ដីពីប្រព័ន្ធផ្សព្វផ្សាយនានាដែលផ្ដោតតែទៅលើការបណ្ដេញចេញពីលំនៅឋានដោយបង្ខំដែលមានចំនួនសរុបរហូតដល់ ២២ករណី។
ប្រភពដដែលអះអាងថា ការបណ្ដេញចេញដោយបង្ខំចំនួន ២២ករណីខាងលើនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ (១៣១១១គ្រួសារ) ដែលត្រូវបានបណ្តេញចេញ និងកំពុងប្រឈមនឹងការបណ្ដេញចេញនៅក្នុងខេត្ត-ក្រុង-រាជធានីចំនួន ១១ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាដើម។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ការបណ្ដេញចេញដោយបង្ខំនាពេលថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្គាល់ថាមានការប្រើប្រាស់កម្លាំង ការគំរាមកំហែង ឬការបំភិតបំភ័យ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងដីស្រែចម្ការដោយគ្មានការជូនដំណឹងជាមុនពីមន្ត្រី ឬក្រុមហ៊ុនឯកជននិងខ្វះការពិគ្រោះយោបល់ជាទូទៅជាមួយសហគមន៍ដែលរងផលប៉ះពាល់ផងដែរ ខណៈជនរងគ្រោះភាគច្រើនបំផុត គឺជាសមាជិកសហគមន៍ក្រីក្រ និងក្រុមងាយរងគ្រោះ រួមទាំងសហគមន៍ជនជាតិដើមភាគតិច ជាដើម។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា លោក នី សុខា អំពាវនាវដល់រដ្ឋាភិបាលអាណត្តិថ្មីរបស់លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយពីសិទ្ធិលំនៅឋានសមរម្យ និងលក្ខខណ្ឌអប្បបរមាស្ដីពីសិទ្ធិលំនៅឋានដែលកំណត់ដោយអង្គការសហប្រជាជាតិឱ្យបានទូលំទូលាយ ទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីធានាការរស់នៅរបស់ពលរដ្ឋប្រកបដោយសុវត្ថិភាព។
លោក នី សុខា អះអាងថា រយៈពេលជាង ៣០ឆ្នាំមកនេះ រដ្ឋាភិបាលមិនដែលបានផ្សព្វផ្សាយពីសិទ្ធិលំនៅឋានទៅដល់អាជ្ញាធរ និងពលរដ្ឋឱ្យមានការយល់ដឹងនោះទេ ដែលនេះគឺជាយន្តការមួយក្នុងការធានានូវសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋដោយសមរម្យ ខណៈការបណ្ដេញពីលំនៅឋានក្រោមវិធានការរបស់អាជ្ញាធរ តែងតែកើតមានជាបន្តបន្ទាប់នៅពេលនេះ។
ទាក់ទិននឹងបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលជាច្រើនបានបង្ហាញថា ដោយសារប្រព័ន្ធចុះបញ្ជីដីធ្លីមិនរឹងមាំ បាននាំឱ្យមានជម្លោះដីធ្លីកើនឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះ របាយការណ៍របស់អង្គការសមាគមធាងត្នោត ធ្លាប់បានបង្ហាញកាលពីពេលកន្លងទៅថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញមួយប៉ុណ្ណោះមានពលរដ្ឋជិត ១ម៉ឺនគ្រួសារដែលមានមនុស្សប្រមាណជា ៤ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីលំនៅឋាន ដោយពុំបានអនុវត្តតាមនីតិវិធីត្រឹមត្រូវតាំងពីអំឡុងទសវត្សរ៍១៩៨០ មក។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការបណ្តេញពលរដ្ឋចេញពីលំនៅឋាននៅក្នុងប្រទេសកម្ពុជា បានកើតឡើងយ៉ាងផុសផុលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ខេត្តសៀមរាប ក៏មានការបណ្តេញពលរដ្ឋចេញពីតំបន់អង្គរ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងសហគមន៍ជាច្រើនទៀតនៅក្នុងទីក្រុងភ្នំពេញ ជាដើម ប៉ុន្តែជាលទ្ធផលគេមិនដែលឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនេះជូនប្រជាពលរដ្ឋឱ្យទទួលបានដីវិញទេ គឺមានតែការចាប់ខ្លួន និងការចោទប្រកាន់ពីបទផ្សេងៗប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

