ក្រសួងបរិស្ថាន ឱ្យសមត្ថកិច្ចពាក់ព័ន្ធដកខ្លួនចេញជាបន្ទាន់រាល់ការចុះហត្ថលេខាលើឯកសារស្នើសុំកាន់កាប់ដីធ្លី និងលិខិតទិញ-លក់ផ្សេងៗនៅក្នុងតំបន់ការពារធម្មជាតិ បន្ទាប់ពីមានសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិក្នុងរយៈពេលចុងក្រោយនេះ។
យោងតាមសេចក្ដីជូនដំណឹងពីក្រសួងបរិស្ថាន ចេញកាលពីថ្ងៃទី១៤ ខែមីនា ដែលទើបផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៥ មីនា នេះថា មួយរយៈពេលចុងក្រោយនេះមានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធិ ដែលបានបំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។
ប្រភពដដែលលើកឡើងថា សមត្ថកិច្ចពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នូវការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ ១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យា ហើយដោះលែងជនប្រព្រឹត្តិបទល្មើស។
ក្រសួងបរិស្ថាន បានលើកឡើងថា ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬឈូសឆាយដីព្រៃដើម្បីធ្វើកម្មសិទ្ធិ ត្រូវផ្ដន្ទាទោសតាមបទប្បញ្ញត្តិច្បាប់។ ចំណែកបុគ្គលដែលរំលោភយកដីតំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់ទាំងនោះ ទៅកាន់សមត្ថកិច្ច ឬក្រសួងបរិស្ថាន វិញ ដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងបានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូចបានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។
ក្រសួងបានអះអាងថា ទង្វើបែបនេះគឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដូចមានចែងថា«សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងបង្វែរធ្វើជាដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្ដូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយបានឡើយ»។
ក្រុមឃ្លាំមើលសង្គមបានលើកឡើងថា ដើម្បីធ្វើការងារនេះបាន លុះត្រាតែក្រសួងបរិស្ថានផ្តល់សិទ្ធិអំណាចមួយចំនួនទៅឱ្យប្រជាសហគមន៍ ចូលរួមជួយការពារ និងផ្តល់ការគាំទ្រដល់ពួកគាត់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង។
ប្រភពដដែលអះអាងថា រយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ព្រៃការពារមួយចំនួន មានក្រុមហ៊ុនសម្បទានវិនិយោគដីធ្វើកសិកម្ម និងមានឈ្មួញមានឥទ្ធិពលខ្លះ ទន្ទ្រានយកក្នុងទ្រង់ទ្រាយធំ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់បណ្ដាញសហគមន៍ព្រៃឡង់ ចេញផ្សាយកន្លងមក បានឲ្យដឹងថា បណ្ដាញសហគមន៍ព្រៃឡង់បន្តរកឃើញបទល្មើសខុសច្បាប់នៃការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិចំនួន ៣ទីតាំង ដូចជានៅចំណុចអូរអាស្រង់ ទំហំ ១៥ហិកតា នៅចំណុចភ្នំចំបក់ក្អែកខាងជើងអូរគោល ទំហំ ៥ហិកតា និងចំណុចជ្រាប់ព្រាល ទំហំ ១៥ហិកតា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

