មន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា លើកឡើងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ ខ្លួនបង្ក្រាបបានបទល្មើសគ្រឿងញៀនជិត ២០០ករណី (១៨១ករណី) ឃាត់ខ្លួនជនសង្ស័យបានជាង ៥០០នាក់ (៥៤៨នាក់) និងរឹបអូសគ្រឿងញៀនបានជិត ២តោន (១តោន ៧៨៣គីឡូក្រាម)។
មន្ត្រីប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ថា ក្រៅពីប្រតិបត្តិការបង្ក្រាបរបស់មន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង ២៥ ក៏បានបង្ក្រាបករណីគ្រឿងញៀនបានជាង ១ពាន់ករណី (១៦៣១ករណី) និងឃាត់ខ្លួនជនសង្ស័យជិត ៤ពាន់នាក់ (៣៩០៣នាក់) ព្រមទាំងរឹបអូសគ្រឿងញៀនបានជាង ៨០គីឡូក្រាមផងដែរ។
ប្រភពដដែលលើកឡើងថា បច្ចុប្បន្ននេះគ្មានប្រទេសណាមួយគេចផុតពីបញ្ហាគ្រឿងញៀនបានឡើយ ក្នុងនោះ ប្រទេសកម្ពុជាក៏ជាប់ជាប្រទេសដែលរងគ្រោះដោយបញ្ហាគ្រឿងញៀនដែរ ខណៈរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលុបបំបាត់ឱ្យអស់ការជួញដូរ ការចែកចាយ ការរក្សាទុក ឬការផលិតគ្រប់ប្រភេទ ឱ្យអស់ពីប្រទេសកម្ពុជា។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២៣ កន្លងទៅ គ្រឿងញៀន និងសារធាតុផ្សំ បានលុកលុយចូលប្រទេសកម្ពុជាជិត ១ពាន់តោន (៦០០តោន) ដែលអាជ្ញាធរកម្ពុជាបង្ក្រាបបាន ក្នុងនោះ ជនសង្ស័យជាង ៧ម៉ឺននាក់ត្រូវបានឃាត់ខ្លួនក្នុងចំណោមជាង ៣ម៉ឺនករណី។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា សព្វថ្ងៃនេះ ប្រទេសកម្ពុជានៅតែបន្តរងការគំរាមកំហែងធ្ងន់ធ្ងរដោយឥទ្ធិពលគ្រឿងញៀន ដោយការចរាចរដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជាតាមផ្លូវគោក តាមបញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស ជាដើម ក្នុងនោះក៏មានការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ និងការរក្សាទុកគ្រឿងញៀនដែលត្រូវបានរកឃើញរាប់រយគីឡូក្រាមនៅតាមទីតាំងភូមិសាស្ត្ររាជធានី-ខេត្ត នៅតាមព្រំដែន និងខេត្តជាប់ដែនសមុទ្រ ដើម្បីនាំចេញទៅក្រៅប្រទេសតាមច្រកផ្លូវគោក និងតាមច្រកសមុទ្រ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទក្នុងបណ្តាខេត្តមួយចំនួន បានត្អូញត្អែរប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះជាហូរហែថា ទោះបីជារដ្ឋាភិបាលប្រកាសពីការបង្ក្រាបគ្រឿងញៀនក៏ដោយ ក៏មន្ត្រីមូលដ្ឋាន ជាពិសេសមេប៉ុស្តិ៍នគរបាលតាមឃុំនីមួយៗ នៅតែប្រព្រឹត្តល្មើសបើកដៃឱ្យមានការចែកចាយគ្រឿងញៀនដដែលសព្វថ្ងៃនេះ។
ប្រភពប្រជាពលរដ្ឋអះអាងថា ពួកគាត់មិនដឹងថាត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចមួយណាទេ នៅពេលដែលមេប៉ុស្តិ៍ដែលមានតួនាទីបង្ក្រាបគ្រឿងញៀន ក្លាយទៅជាអ្នកគប់គិតជាមួយអ្នកជួញដូរគ្រឿងញៀនទៅហើយនោះ ខណៈយុវជនខ្មែរនៅតាមភូមិ-ឃុំដែលជាកម្លាំងស្នូលរបស់ប្រទេសជាតិមួយចំនួនធំ ក៏បានក្លាយជាជនរងគ្រោះពីការប្រើប្រាស់គ្រឿងញៀននេះយ៉ាងធ្ងន់ធ្ងរទៅហើយនោះ។
ប្រជាពលរដ្ឋបញ្ជាក់ថា យុវជនដែលប្រើប្រាស់គ្រឿងញៀន បានក្លាយខ្លួនទៅជាក្មេងទំនើងបង្កអសន្តិសុខក្នុងភូមិ-ឃុំស្ទើរតែរាស់ថ្ងៃ ខណៈវិធានការរបស់មេប៉ុស្តិ៍ដែលចាប់ខ្លួនក្មេងទាំងនោះយកទៅឃុំទុក គឺបានត្រឹមតែ ១ថ្ងៃ ឬ ២ថ្ងៃប៉ុណ្ណោះ ពួកគេនឹងត្រូវដោះលែងមកវិញ ហើយការបង្កអសន្តិសុខក្នុងភូមិ-ឃុំ គឺនៅតែបន្តកើតមានដដែល ខណៈប្រជាពលរដ្ឋមិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចទេ បន្ទាប់ពីឃើញអាជ្ញាធរមូលដ្ឋានមិនអើពើនឹងទង្វើក្មេងទំនើងទាំងនោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ព្រមានថា កន្លងមក កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងផលិតគ្រឿងញៀនយកទៅប្រទេសក្រៅផង ជាកន្លែងចរាចរសម្រាប់ឆ្លងកាត់ទៅប្រទេសទី៣ ផងដែរ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមឧក្រិដ្ឋជនបាននាំគ្នាមកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជាតែម្តង ហើយក្រុមឧក្រិដ្ឋជនទាំងនោះបានដើរមុនវិធានការរបស់រដ្ឋាភិបាលមួយជំហានរហូត ខណៈយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់កម្ពុជា គឺនៅមានកម្រិតនៅឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

