លោក វ្ល៉ាឌីមៀ ពូទីន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង និងប្រទេសជិតខាងរបស់កម្ពុជា គឺប្រទេសវៀតណាម ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១១ មិថុនា នេះថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកូរ៉េខាងជើង លោក Alexander Matsegora បាននិយាយថា ទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង កំពុងស្ថិតក្រោមការដំណើរការត្រៀមរៀបចំឡើង។
សារព័ត៌មានដដែលនេះឲ្យដឹងថា លោក ពូទីន ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ផងដែរ ហើយទស្សនកិច្ចទៅវៀតណាម ទំនងនឹងធ្វើឡើងភ្លាមៗតែម្តងក្រោយទស្សនកិច្ចនៅកូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាការឆ្លើយតបចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានទៅធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំមុន ហើយបានជួបពិភាក្សាគ្នាជាមួយលោក ពូទីន។ អំឡុងពេលនោះ លោក គីម ជុងអ៊ុន បានទស្សនាមជ្ឈមណ្ឌលបង្ហោះយានអវកាស Vostochny នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។
ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យយោធា ទីក្រុងព្យុងយ៉ាង បានឈានដល់ការជួយផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងគ្រាប់មីស៊ីលដល់ទៅ ៦៧០០កុងតឺន័រទៅឱ្យក្រុងមូស្គូ យកទៅសមរភូមិវាយប្រហារប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ ក្រុងមូស្គូ បានផ្ដល់ទៅឱ្យក្រុងព្យុងយ៉ាង វិញដោយជំនួយបច្ចេកទេសក្នុងការបាញ់បង្ហោះផ្កាយរណបយោធាចូលទៅគន្លងលំហអាកាស។
លោក ពូទីន ធ្លាប់បានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង តែម្ដងគត់កាលពីឆ្នាំ២០០០ ជាឆ្នាំដំបូងនៃការកាន់អំណាចរបស់លោកជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី។
តែយ៉ាងណា ទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង មិនមែនជាការធ្វើឱ្យអ្នកសង្កេតការណ៍ចាប់អារម្មណ៍ខ្លាំងជាងលោកទៅប្រទេសវៀតណាម នោះទេ។ លោក ពូទីន ធ្លាប់បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ចំនួន ៣លើករួចមកហើយចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីរុស្ស៊ី នៅឆ្នាំ២០០០។
ទស្សនកិច្ចចុងក្រោយរបស់លោក ពូទីន ទៅវៀតណាម នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាការទៅចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលប្រទេសវៀតណាម ជាអ្នករៀបចំ។
ប៉ុន្តែចាប់តាំងពីពេលនោះមក មេដឹកនាំវៀតណាម បានអញ្ជើញលោក ពូទីន ទៅធ្វើទស្សនកិច្ច ៣ដងរួចមកហើយ តែលោក ពូទីន បានត្រឹមតែទទួលយកការអញ្ជើញដោយក្ដីរីករាយតែប៉ុណ្ណោះ។
អ្នកសង្កេតការណ៍បានហៅទស្សនកិច្ចរបស់មេដឹកនាំវិមានក្រឹមឡាំង ដែលគ្រោងទៅប្រទេសវៀតណាម នៅប៉ុន្មានថ្ងៃទៀតនេះ ថាជាការចាប់អារម្មណ៍ខ្លាំង ព្រោះក្រុងមូស្គូ ទំនងទាញវៀតណាម ឱ្យឆ្ងាយពីសហរដ្ឋអាមេរិក ហើយងាកទៅរកក្រុងមូស្គូ ឱ្យកាន់តែខ្លាំងឡើងវិញ។
ប៉ុន្តែមានការចោទសួរថា តើក្រុងមូស្គូ អាចទាញក្រុងហាណូយ ឱ្យដើរចេញពីក្រុងវ៉ាស៊ីនតោន បានឬទេនៅពេលនេះដែលវៀតណាម និងសហរដ្ឋអាមេរិក មានទំនាក់ទំនងស៊ីជម្រៅនឹងគ្នាកាន់តែខ្លាំងឡើង។
អ្វីដែលធ្វើឱ្យវៀតណាម និងសហរដ្ឋអាមេរិក កាន់តែមានទំនាក់ទំនងស៊ីជម្រៅ គេថាអាចមកពីវៀតណាម ត្រូវការមហាអំណាចអាមេរិក ជួយវៀតណាម ទប់ទល់នឹងឥទ្ធិពលចិន ដែលក្រុងហាណូយ តែងតែចោទក្រុងប៉េកាំង ថាបានរំលោភបំពានដែនទឹកដែនកោះរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង។
មិនតែប៉ុណ្ណោះ វៀតណាមកំពុងបារម្ភខ្លាំងដែលចិន មានឥទ្ធិពលភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ ជាពិសេស ចិនមានឥទ្ធិពលទៅលើប្រទេសឡាវ និងកម្ពុជា ដែលប្រទេសពីរនេះធ្លាប់នៅក្រោមឥទ្ធិពលវៀតណាម ច្រើនទសវត្សមកហើយ។
ក្នុងស្ថានភាពនេះហើយដែលវៀតណាម ឈោងចាប់សហរដ្ឋអាមេរិក ព្រោះក្រុងវ៉ាស៊ីនតោន អាចទប់ស្កាត់ឥទ្ធិពលចិន បានខ្លះដែលមានទៅលើប្រទេសឡាវ និងកម្ពុជា។
ដោយការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បាននាំឱ្យក្រុងហាណូយ និងក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ហើយក៏មានកិច្ចព្រមព្រៀងសន្តិសុខតំបន់ទៀតផង។
ចាប់តាំងពីឆ្នាំ២០១០ មក គេសង្កេតឃើញថ្នាក់ដឹកនាំសហរដ្ឋអាមេរិក មានទាំងប្រធានាធិបតី មានទាំងអនុប្រធានាធិបតី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ បានដោះដូរទស្សនកិច្ចទ្វេភាគីជាញឹកញាប់ជាមួយនឹងថ្នាក់ដឹកនាំវៀតណាម។ ជាមួយគ្នានេះ វៀតណាម បានពង្រីកសហប្រតិបត្តិការជាមួយសម្ពន្ធមិត្តសហរដ្ឋអាមេរិក ថែមទៀត មានដូចជាបណ្ដាប្រទេសសហភាពអឺរ៉ុប អង់គ្លេស កាណាដា ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលជាការពង្រឹងទាំងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរហូតដល់វិស័យយោធាទៀតផង។
ទាំងនេះសុទ្ធតែគេមើលឃើញថា វៀតណាម ត្រូវការសម្ពន្ធភាពសហរដ្ឋអាមេរិក ជាពិសេសក្រុងវ៉ាស៊ីនតោន ផ្ទាល់ ដើម្បីទប់ទល់ឥទ្ធិពលចិន នៅអាស៊ីអាគ្នេយ៍ និងករណីជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។
គេថាវៀតណាម នៅតែមានទំនាក់ទំនងសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៊ី តែកាន់តែមានភាពស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តប្រទេសមហាអំណាចមួយនេះ ក៏ព្រោះតែដើម្បីជាខ្នងបង្អែកក្នុងការប្រជែងនឹងចិន ដែរ។
ដូចនេះ លោក ពូទីន ដែលគ្រោងទៅធ្វើទស្សនកិច្ចនៅវៀតណាម ខាងមុខនេះ ទំនងមិនអាចទាញវៀតណាម ដើរឱ្យឆ្ងាយពីសហរដ្ឋអាមេរិកបានឡើយ។ គេថាបើរុស្ស៊ី នៅក្រោមឥទ្ធិពលចិន ដោយសារសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន គឺវៀតណាម មិនអាចនៅក្រោមឥទ្ធិពលចិន បានឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

