30.6 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​អួត​ថា​ប្រទេស​១០០​កោតសរសើរ​កម្ពុជា​ពី​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា កម្ពុជា​កំពុង​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នា​ពេល​កន្លង​មក បន្ទាប់ពី​មាន​ការ​កោតសរសើរ​របស់​ប្រទេស​ចំនួន ១០០ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍ UPR លើក​ទី​៤។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​អនុម័ត​របាយការណ៍​លទ្ធផល​នៃ​ការ​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​កាលកំណត់ UPR លើក​ទី​៤ របស់​កម្ពុជា នៅ​ថ្ងៃទី​២ ខែ​តុលា នេះ​ថា មាន​ការ​ផ្តល់​អនុសាសន៍​ចំនួន ២៧៥ ប៉ុន្តែ​កម្ពុជា​ទទួល​យក​តែ ២៣២​អនុសាសន៍​ប៉ុណ្ណោះ ខណៈ ៤៣​អនុសាសន៍​ទៀត គឺជា​អនុសាសន៍​ដែល​មាន​ចរិត​នយោបាយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​មិន​ស្រប​ជាមួយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ប្រទេស​ជា​សមាជិក និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ បាន​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួលយក​អនុសាសន៍​ទាំងនេះ និង​លើក​ទឹកចិត្ត​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​បាន​ទទួល​យក​នេះ​ទៅ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ថែម​ទៀត។

គណៈកម្មាធិការ​នេះ​បញ្ជាក់​ថា អនុសាសន៍​ទាំង ២៧៥ ដែល​ផ្តល់​ដល់​កម្ពុជា​ក្នុង​កិច្ចប្រជុំ​នេះ មិន​មែន​មាន​ន័យ​ថា ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​កម្ពុជា​មិន​ល្អ​នោះ​ទេ ព្រោះ​ការ​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​កាលកំណត់​នេះ គឺជា​កិច្ចសន្ទនា​បែប​ស្ថាបនា​រវាង​រដ្ឋ និង​រដ្ឋ ក្នុង​ន័យ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ជា​សកល​ប៉ុណ្ណោះ មិនមែន​ជា​យន្តការ​បន្តុះ​បង្អាប់ រិះគន់ ឬ​ការ​វាយប្រហារ​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​ឡើយ។

ជុំវិញ​បញ្ហា​នេះ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ តុលា នេះ​ថា ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​ទាំង ៤​លើក​នេះ បាន​រួម​ចំណែក​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​សិទ្ធិមនុស្ស​ការ​ពង្រីក​លំហ​នយោបាយ​ស៊ីវិល និង​ការ​ជំរុញ​សិទ្ធិ​សេដ្ឋកិច្ច​សង្គម​ផង​ដែរ។

យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល ឬ Universal Predict Review (UPR) គឺជា​យន្តការ​ពិសេស​សម្រាប់​ធ្វើ​ការ​វាយតម្លៃ​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​នៃ​រដ្ឋ​ជា​សមាជិក​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ ក្នុង​នោះ កម្ពុជា​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ចំនួន ៣​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០០៩ លើក​ទី​២ នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ និង​លើក​ទី​៣ នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០១៩។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ តុលា នេះ​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មិន​សំខាន់​លើ​ការ​អះអាង​របស់​រដ្ឋាភិបាល​ទេ ព្រោះ​រដ្ឋាភិបាល​ជា​តួអង្គ​ដែល​ត្រូវ​អនុវត្ត​ក្នុង​រឿង​នេះ។

លោក​ថា សំខាន់​គឺ​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ជា​តួអង្គ​ដែល​ទទួល​រង​នូវ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ ថា​តើ​ពួកគាត់​បាន​បញ្ចេញមតិ​ដូចម្តេច​ចំពោះ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្នុង​នាម​គណបក្ស​ជំនាន់​ថ្មី​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល សាទរ​ការ​ដឹកនាំ​ដែល​ធានា​នូវ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា គណបក្ស​ជំនាន់​ថ្មី​ប្រឆាំង​ដាច់ខាត​រាល់​ការ​រំលោភ​ច្បាប់ រំលោភ​សិទ្ធិ​ពលរដ្ឋ ដែល​ជា​ទង្វើ​ផ្ទុយ​នឹង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​ច្បាប់​នានា​របស់​កម្ពុជា​ដែល​បាន​ធានា​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​កំពុង​មាន​ជា​ធរមាន​សព្វថ្ងៃ​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស