28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ អន្តរជាតិ​ពិបាក​ជឿ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា អន្តរជាតិ​ពិបាក​នឹង​ជឿ​លើ​ការ​ធានា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំង​ណាស់ ដោយសារតែ​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ចេះ​តែ​បន្ត​កើត​មាន​សព្វថ្ងៃ​នេះ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ក្នុង​ក្រសែភ្នែក​អន្តរជាតិ​មាន​ភស្តុតាង​ជាច្រើន​មុន​នឹង​ពួកគេ​បាន​សម្រេច​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន ខណៈ​រដ្ឋាភិបាល​ក៏​ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា មិន​ថា​តែ​អន្តរជាតិ​ទេ​ដែល​រិះគន់​រដ្ឋាភិបាល​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន សូម្បីតែ​ពលរដ្ឋ​ក៏​មាន​ការ​មិន​ពេញចិត្ត​ជុំវិញ​បញ្ហា​នេះ​ដែរ ព្រោះ​ពួកគាត់​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ហាក់​មាន​ការ​រឹតត្បិត​ខ្លាំង ខណៈ​អ្នក​សារព័ត៌មាន​ដែល​លើក​តម្កើង​រដ្ឋាភិបាល​ហាក់​មាន​សេរីភាព​ទូលំទូលាយ​ជាង។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា សម្រាប់​អ្នក​សារព័ត៌មាន ឬ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ កម្រ​នឹង​ទទួល​បាន​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​ឱ្យ​កែតម្រូវ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ពួកគេ​យល់​ឃើញ​ការ​ផ្សព្វផ្សាយ​ណា​មួយ​ដែល​មិន​ត្រឹមត្រូវ គឺ​មាន​តែ​ការ​ចាប់​ខ្លួន ឬ​ផ្អាក​ដំណើរការ​ស្ថាប័ន​សារព័ត៌មាន​នោះ​តែម្តង។

លោក​គូសបញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​គ្រាន់តែ​បង្ហាញ​ទៅ​កាន់​ភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ពី​ចេតនា​ដ៏​ជាក់លាក់​មួយ​ក្នុង​ការ​តាម​កម្ទេច​អ្នក​សារព័ត៌មាន​ឯករាជ្យ ជាជាង​ការ​ដាស់តឿន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន ដើម្បី​ឱ្យ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២៤ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ពុំ​មែន​ជា​ការ​រំលោភ​សិទ្ធិ​ឡើយ ប៉ុន្តែ​គឺជា​ការ​រក្សា​សន្តិសុខ​សង្គម​ប៉ុណ្ណោះ។

លោក ទូច សុខៈ លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​អាច​ចុះផ្សាយ​អត្ថបទ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម និង​ភាព​វឹកវរ​ដល់​សង្គម​ដាច់ខាត ព្រោះ​ថា​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន មិន​អាច​កែច្នៃ​រូបភាព ឬ​វីដេអូ​ដោយ​ខ្លួនឯង​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ក្នុង​សង្គម​ឡើយ ត្បិត​ការ​ធ្វើ​បែប​នេះ​មិន​ត្រូវ​បាន​ចាត់ទុក​ថា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​មិនមែន​មាន​ន័យ​ថា អ្នក​សារព័ត៌មាន​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ដោយ​អនាធិបតេយ្យ​ឡើយ គឺ​ត្រូវ​គោរព​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​ក្រមសីលធម៌​ផ្សេងៗ​ផង​ដែរ។

ទោះជា​បែប​នេះ​ក្តី អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ប្រើ​យុទ្ធនាការ​តាម​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ស្រុក ខណៈ​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ស្រុក​ត្រូវ​បាន​បោស​សម្អាត​ទៅ​ហើយ​នោះ។

លោក​អះអាង​ថា សារព័ត៌មាន​ឯករាជ្យ​ចំនួន​៣ ដូចជា The Cambodia Daily, Radio Free Asia និង​វិទ្យុ​ផ្សាយ​សំឡេង VOD បាន​រង​នូវ​ការ​វាយប្រហារ​ពី​ក្រុម​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ចូល​ទៅ​ជេរ​បញ្ចោរ​ក្នុង​ប្រអប់​បញ្ចេញមតិ​រាល់​ពេល​ការ​ផ្សាយ​ម្តងៗ។

លោក ស៊ឹង សែនករុណា បង្ហាញ​ថា ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៤ នេះ សារព័ត៌មាន The Cambodia Daily ត្រូវ​ក្រុម​វាយប្រហារ​របស់​រដ្ឋាភិបាល​កម្ពុជា​ចូល​ទៅ​ជេរ​បញ្ចោរ​ជិត ១​លាន Comment ចំណែក​វិទ្យុ​អាស៊ីសេរី​មាន​ចំនួន​ជាង ៣​លាន Comment ខណៈ​វិទ្យុ​ផ្សាយ​សំឡេង VOD ក៏​រង​នូវ​ការ​ជេរប្រមាថ​ជាង ៥​សែន Comment ដែរ ហើយ​ពួកគេ​សរសេរ​ដូចៗ​គ្នា គឺ​ដូចជា​ពាក្យ​ថា ឈប់​បាន​ឈប់​ទៅ ផ្សាយ​ឡប់ៗ ផ្សាយ​បែកៗ និង​ពាក្យ​ថា ផ្សាយ​លម្អៀង ជាដើម៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស