32.1 C
Phnom Penh

អាមេរិក​និង​បារាំង​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ពួក​ហេសបូឡា-លីបង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បទ​ឈប់​បាញ់​មួយ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា-លីបង់ បាន​ចូល​ជា​ធរមាន​ហើយ​នៅ​ម៉ោង ៤​ព្រឹក នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​វិច្ឆិកា នេះ ម៉ោង​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​នៅ​ក្រោម​កិច្ច​សម្រុះសម្រួល​ដោយ​សហរដ្ឋ​អាមេរិក និង​បារាំង។ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន ប្រកាស​ថា ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ទទួល​យក​កិច្ចព្រមព្រៀង​មួយ​ក្រោម​ការ​សម្របសម្រួល​ពី​សហរដ្ឋ​អាមេរិក និង​បារាំង។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន The Times of Israel។

បើ​តាម​លោក បៃដិន បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា មាន​រយៈពេល ៦០​ថ្ងៃ ហើយ​ក្នុង​រយៈពេល​នេះ អ៊ីស្រាអែល​នឹង​ត្រូវ​ដក​កងទ័ព​បន្តិច​ម្ដងៗ​ចេញពី​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​លីបង់។ ចំណែក​កងទ័ព​លីបង់ នឹង​ត្រូវ​គ្រប់គ្រង​ទឹកដី​នៅ​ក្បែរ​ព្រំដែន​ជាមួយ​អ៊ីស្រាអែល តែ​ក្រុម​ហេសបូឡា ត្រូវតែ​ធានា​ថា​មិន​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើងវិញ​បាន​ឡើយ។

នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​បាន​ឈាន​ដល់​ការ​អនុវត្ត លោក បៃដិន បាន​សន្ទនា​គ្នា​តាម​ទូរសព្ទ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​របស់​ប្រទេស​លីបង់ គឺ​លោក Najib Mikati។

យ៉ាងណា​ក៏ដោយ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ព្រមាន​ទុក​មុន​ថា អ៊ីស្រាអែល​នឹង​ចាត់​វិធានការ​វាយបក​ភ្លាម ប្រសិនបើ​ក្រុម​ហេសបូឡា បំពាន​លើ​បទ​ឈប់​បាញ់។

ការ​យល់ព្រម​របស់​ភាគី​អ៊ីស្រាអែល នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​អង្គារ ដោយ​ការ​បោះឆ្នោត​អនុម័ត​លើ​បទ​ឈប់​បាញ់​ក្នុង​សំឡេង​គាំទ្រ​១០ ទល់​នឹង ១​ជំទាស់។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​បេសកកម្ម​សហការ​ជាមួយ​នឹង​កងទ័ព​រដ្ឋាភិបាល​លីបង់ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ហេសបូឡា ប៉ុន្តែ​នឹង​មិន​មាន​វត្តមាន​កងទ័ព​អាមេរិក​នៅ​តំបន់​ជម្លោះ​នោះ​ទេ គឺ​សហរដ្ឋ​អាមេរិក​ជា​អ្នក​ដឹកនាំ​ក្រុម​អនុវត្ត​បទ​ឈប់​បាញ់ និង​តាមដាន​ឃ្លាំមើល​សកម្មភាព​របស់​កងទ័ព​អ៊ីស្រាអែល និង​កងទ័ព​ហេសបូឡា។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin ភ្លាមៗ​បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។ លោក​បាន​ហៅថា​ជា​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ​ដែល​អាច​ជួយ​ឱ្យ​មាន​ស្ថិរភាព​ឡើងវិញ​នៅ​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​ស្ថានភាព​ព្រំដែន​លីបង់ និង​អ៊ីស្រាអែល អាច​បញ្ឈប់​បាន​នូវ​អំពើ​ហិង្សា។

ចំណែក​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​ប្រទេស​របស់​លោក​ជា​អ្នក​សម្រុះសម្រួល​ផង​ដែរ បាន​និយាយ​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា ចំពោះ​សង្គ្រាម​នៅ​ប្រទេស​លីបង់ គួរតែ​អាច​បើក​ផ្លូវ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បិទ​បញ្ចប់​សម្រាប់​សង្គ្រាម​នៅ​ឯ​តំបន់​ហ្កាហ្សា បាន​ហើយ។

លោក Macron បាន​និយាយ​ថា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ គួរតែ​បើក​ផ្លូវ​សម្រាប់​បទ​ឈប់​បាញ់​ដែល​ត្រូវ​បាន​រង់ចាំ​យូរ​ណាស់​មក​ហើយ​ចំពោះ​ការ​រង​ទុក្ខវេទនា​ដែល​មិន​អាច​ប្រៀបធៀប​បាន​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

លោក​ប្រធានាធិបតី​បារាំង បាន​បន្ថែម​ទៀត​ថា បទ​ឈប់​បាញ់​នៅ​លីបង់ បាន​បង្ហាញ​ថា មាន​តែ​ដំណោះស្រាយ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​សន្តិភាព និង​ស្ថិរភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​តំបន់​មជ្ឈិមបូព៌ា។

នៅ​ពេល​ក្រុម​ហេសបូឡា ដែល​មាន​អ៊ីរ៉ង់ នៅ​ពីក្រោយ និង​អ៊ីស្រាអែល​បាន​ឈាន​ដល់​ការ​អនុវត្ត​បទ​ឈប់​បាញ់ ក្រុម​ហាម៉ាស​ដែល​ជា​ក្រុម​របស់​អ៊ីរ៉ង់​ផង​ដែរ បាន​បង្ហាញ​ពី​ការ​ចង់​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​នឹង​អ៊ីស្រាអែល ដែរ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ហាម៉ាស បាន​និយាយ​ថា ហាម៉ាស​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP មន្ត្រី​ជាន់ខ្ពស់​ក្រុម​ប៉ាឡេស្ទីន បាន​និយាយ​ថា ក្រុម​ហាម៉ាស​បាន​ជូនដំណឹង​ទៅ​កាន់​ក្រុម​អ្នក​សម្រុះសម្រួល​នៅ​ឯ​ប្រទេស​អេហ្ស៊ីប កាតា និង​តួកគី ថា​ខ្លួន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​សម្រាប់​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​មួយ​រឹងមាំ ដើម្បី​ដោះដូរ​អ្នកទោស និង​ចំណាប់ខ្មាំង ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ចោទ​ថា អ៊ីស្រាអែល​ជា​អ្នក​ដែល​រារាំង​មិន​ឱ្យ​មាន​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​នេះ។

មន្ត្រី​អាមេរិក និង​អ៊ីស្រាអែល បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ការ​បាត់បង់​ការ​គាំទ្រ​ផ្នែក​យោធា​ពី​សំណាក់​ក្រុម​ហេសបូឡា នឹង​អាច​ជួយ​ជំរុញ​ឱ្យ​ក្រុម​ហាម៉ាស ប្រឹងប្រែង​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា។

ប្រជាជន​លីបង់ ដែល​បាន​ភៀស​ខ្លួន​ចេញពី​ភូមិ​របស់​ពួកគេ ចាប់ផ្ដើម​វិល​មក​វិញ តែ​អ្នក​ខ្លះ​ពោរពេញ​ដោយ​ក្ដី​អាឡោះអាល័យ ព្រោះ​លំនៅឋាន​របស់​ពួកគេ​ត្រូវ​បាន​កម្ទេច​ដោយ​ភ្នក់ភ្លើង​សង្គ្រាម។

ជាមួយ​គ្នា​នេះ ប្រទេស​ជាច្រើន​ក៏​បាន​ចាប់ផ្ដើម​បញ្ជូន​សារ​ស្វាគមន៍​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​ក្រោម​ការ​សម្រុះសម្រួល​ពី​អាមេរិក និង​បារាំង។

សង្គ្រាម​រយៈពេល​ជិត ២​ខែ​គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​វិច្ឆិកា នេះ រវាង​អ៊ីស្រាអែល និង​ហេសបូឡា-លីបង់ បាន​បង្ខំ​ឲ្យ​ប្រជាជន​លីបង់ ចំនួន ១​លាន ២​សែន​នាក់ ភៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង ហើយ​មនុស្ស​ចំនួន ៣៧៦៨​នាក់​ត្រូវ​បាន​សម្លាប់៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស