26.9 C
Phnom Penh

សម្ព័ន្ធមិត្ត​របប អាល់អាសាដ គឺ​លោក ពូទីន ស្ងាត់​មាត់​ក្នុង​បរាជ័យ​នៅ​ស៊ីរី តែ​ថា​ជ័យជម្នះ​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត​អាមេរិកាំង The New York Times បាន​ចុះផ្សាយ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​មេទ័ព​នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ធ្នូ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន មិន​បាន​លើក​ឡើង​អ្វី​ទាំងអស់​ទាក់ទង​នឹង​ទ័ព​រុស្ស៊ី ដែល​ចាញ់​សង្គ្រាម​នៅ​ស៊ីរី ជាមួយ​នឹង​របប បាសា អាល់អាសាដ ដែល​ក្រុង​មូស្គូ គាំទ្រ ត្រូវ​បាន​ផ្ដួល​រំលំ​បន្ទាប់ពី​រដ្ឋធានី​ដាម៉ាស និង​វិមាន​ប្រធានាធិបតី​របស់​លោក បាសា ត្រូវ​បាន​កម្លាំង​ឧទ្ទាម​ចូល​កាន់កាប់​កាលពី​ថ្ងៃទី​៨ ធ្នូ កន្លង​មក​នេះ។

រុស្ស៊ី បាន​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់ និង​សព្វាវុធ​យ៉ាង​ច្រើន​ទៅ​ជួយ​ច្បាំង​នឹង​កងទ័ព​របប បាសា អាល់អាសាដ នៅ​ឆ្នាំ​២០១៤ ខណៈ​ប្រទេស​ស៊ីរី ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល។ នៅ​ក្នុង​ការ​វាយលុក​លឿន​ដូច​ផ្លេកបន្ទោរ កងកម្លាំង​ប្រឆាំង​បាន​វាយ​យក​បាន​បន្ទាយ​កងទ័ព​រុស្ស៊ី នៅ​ភាគ​ខាងជើង រហូត​ចាប់​យក​បាន​រថក្រោះ កាំភ្លើងធំ ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស និង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ជាច្រើន​គ្រឿង ខណៈ​ទ័ព​រុស្ស៊ី រត់​ចោល​បន្ទាយ​របស់​ខ្លួន។

នៅ​មុន ៣​ថ្ងៃ​ដែល​រដ្ឋធានី​ដាម៉ាស ធ្លាក់​ក្នុង​ដៃ​ទ័ព​ឧទ្ទាម ក្រុង​មូស្គូ បាន​ដឹក​ទ័ព​រត់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ហើយ​នៅ​ថ្ងៃ​ដែល​លោក បាសា អាល់អាសាដ រត់​ចោល​ប្រទេស ឃើញ​ថា​ក្រុង​មូស្គូ ព្យាយាម​មិន​ប្រតិកម្ម​អ្វី​ទាំងអស់ ដែល​ការពិត ទាំង​ទ័ព​របប បាសា អាល់អាសាដ និង​ទ័ព​របប​លោក ពូទីន កំពុង​ចាញ់​សង្គ្រាម​នឹង​កម្លាំង​ប្រឆាំង​របប បាសា អាល់អាសាដ ដែល​ក្រុង​មូស្គូ គាំទ្រ​យ៉ាង​ខ្លាំង។

កាសែត The New York Times ចុះផ្សាយ​ថា អំពើ​អាម៉ាស់​របស់​លោក ពូទីន គឺជា​រឿង​ត្រូវ​បិទបាំង​ឱ្យ​ជិត ជាជាង​លាតត្រដាង​ដែល​នាំ​ទៅ​រក​ការ​បាក់​ទឹកចិត្ត​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​នៅ​សមរភូមិ​ប្រឆាំង​នឹង​ទ័ព​អ៊ុយក្រែន។ លោក ពូទីន បាន​អួត​ប្រាប់​មេទ័ព​របស់​លោក​ថា នៅ​ពេលនេះ រុស្ស៊ី​កំពុង​ស្ថិត​លើ​វិថី​ជ័យជម្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​បាន​អួតអាង​ដូចនេះ​ខណៈ​តំបន់​ដុនបាស កំពុងតែ​ធ្លាក់​ក្នុង​ដៃ​ទ័ព​រុស្ស៊ី ដែល​តំបន់​នេះ ទ័ព​រុស្ស៊ី​វាយ​កាន់កាប់​បាន​ពី​ទ័ព​អ៊ុយក្រែន បាន ៨៥​ភាគរយ​ហើយ​ក្នុង​ទំហំ​ផ្ទៃដី​ជាង ៥​ម៉ឺន ៣​ពាន់​គីឡូម៉ែត្រ​ក្រឡា។

តែ​ជាមួយ​គ្នា​នេះ លោក ពូទីន មិន​ភ្លេច​គំរាម​យោធា​ណាតូ​នោះ​ទេ។ លោក ពូទីន បាន​ចោទប្រកាន់​លោក​ខាងលិច​ជា​ថ្មី​ថា កំពុង​ជំរុញ​ឱ្យ​រុស្ស៊ី ឱ្យ​ដើរ​ហួស​បន្ទាត់​ក្រហម​របស់​លោក ជា​ស្ថានភាព​ដែល​ក្រុង​មូស្គូ ព្រមាន​ថា​នឹង​មិន​អត់ឱន​បាន​ឡើយ។

ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មេទ័ព លោក ពូទីន បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​វិវឌ្ឍ​ចំពោះ​ការ​ដាក់​ពង្រាយ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក។ លោក​បាន​ព្រមាន​ថា រុស្ស៊ី​នឹង​លុប​ចោល​ការ​រឹត​បន្តឹង​លើ​ការ​ដាក់​ពង្រាយ​មីស៊ីល​របស់​ខ្លួន ប្រសិនបើ​សហរដ្ឋ​អាមេរិក​បន្ត​ដាក់​ពង្រាយ​មីស៊ីល​នៅ​អឺរ៉ុប​ខាងកើត។ លោក ពូទីន បាន​បញ្ជាក់​ថា អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី គឺ​សម្រាប់​តែ​ការពារ​ប៉ុណ្ណោះ តែ​ករណី​ចាំបាច់ រុស្ស៊ី​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន។

ស្រប​ពេល​នេះ​ដែរ មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​រុស្ស៊ី បាន​និយាយ​ថា រុស្ស៊ី​នឹង​ពង្រីក​ឃ្លាំង​មីស៊ីល​បាលិស្ទីគ​របស់​ខ្លួន​ជាមួយ​ប្រព័ន្ធ​មីស៊ីល​យុទ្ធសាស្ត្រ​ជំនាន់​ថ្មី ក៏ដូចជា​ផែនការ​ធ្វើ​តេស្ដ​មីស៊ីល​បាញ់​ចម្ងាយ​ឆ្ងាយ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​ការ​គំរាមកំហែង​ពី​ក្រុម​ប្រទេស​ក្នុង​អង្គការ​ណាតូ។

មេបញ្ជាការ​កងកម្លាំង​មីស៊ីល​យុទ្ធសាស្ត្រ​រុស្ស៊ី ឧត្ដមសេនីយ៍ Sergei Karakayev បាន​បញ្ជាក់​ទៀត​ថា បើ​និយាយ​ពី​អាវុធ​ចម្ងាយ​ឆ្ងាយ គ្មាន​កន្លែង​ណា​មួយ​ដែល​អាច​គេច​ផុត​ពី​មីស៊ីល​របស់​រុស្ស៊ី បាន​នោះ​ទេ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ នេះ បណ្ដាញ​សារព័ត៌មាន​អាមេរិកាំង CBS និង NBC News ផ្សាយ​ថា ភ្នាក់ងារ​សម្ងាត់​អ៊ុយក្រែន បាន​ធ្វើ​ឃាត​ឧត្ដមសេនីយ៍ឯក​រុស្ស៊ី Igor Kirillov មេបញ្ជាការ​កង​អង្គភាព​អាវុធ​គីមី និង​បរមាណូ ជាមួយ​នឹង​មេបញ្ជាការ​រង ដោយ​ការ​បង្កប់​គ្រាប់បែក​ផ្ទុះ​កណ្តាល​ទីក្រុង​មូស្គូ។

នៅ​ចំពោះ​មុខ​ស្ថានការណ៍​សឹក​កាន់តែ​ធ្ងន់ធ្ងរ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា លោក​នឹង​ជួប​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ពូទីន នៅ​ពេល​ឆាប់ៗ​នេះ​ហើយ។ លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោក ហ្សេឡេនស្គី គួរតែ​ត្រៀម​លក្ខណៈ​ដើម្បី​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​លោក ពូទីន ឱ្យ​ឈាន​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស