31.4 C
Phnom Penh

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រកាស​ប្រាប់​ស្ថានទូត​បរទេស​អំពី​អំពើ​និង​ទង្វើ​ឆបោក​នៅ​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវ​ទៅ​កាន់​ស្ថានទូត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឱ្យ​ចាត់​វិធានការ​លើ​ឧក្រិដ្ឋជន​ដែល​កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​ពួកគេ​ទទួល​បាន​ទិដ្ឋាការ​ជា​មធ្យោបាយ​ក្នុង​ការ​បោកប្រាស់​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​បន្ត​ទៅ​ទៀត។

អតីត​អ្នកឧកញ៉ា​ខ្មែរ​លោក ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​ភាសា​ចិន និង​ភាសា​អង់គ្លេស កាលពី​យប់​ថ្ងៃទី​១៨ ធ្នូ ថា ឯកអគ្គរាជទូត និង​រដ្ឋទូត​ទាំងអស់​សុទ្ធតែ​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ផ្ទះ​សម្រាប់​ឧក្រិដ្ឋជន​ចម្រុះ​ជាតិ​សាសន៍​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ឆបោក​នានា រួម​ទាំង​អំពើ​ហិង្សា និង​ចាប់​ជំរិត​មនុស្ស​ផង​ដែរ។

លោក​ថា ជា​រឿង​គួរ​ឱ្យ​ស្រក់​ទឹកភ្នែក​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​ជនរងគ្រោះ​ទាំងអស់​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចិន សហរដ្ឋ​អាមេរិក និង​មជ្ឈិមបូព៌ា ជាដើម បាន​រង​នូវ​អំពើ​បោកប្រាស់​ដោយ​ខ្វះ​យុត្តិធម៌​ក្រោម​អំពើពុករលួយ​នៃ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ​ដែល​ការពារ​ឧក្រិដ្ឋជន​ទាំងនោះ។

លោក ហេង សិទ្ធី លើកឡើង​ថា ថ្មីៗ​នេះ​លោក​បាន​លាតត្រដាង​នូវ​អំពើ​ជន​បោកប្រាស់​របស់​ជនជាតិ​សិង្ហបុរី​ម្នាក់​ដែល​ជា​អ្នកដឹកនាំ​បង្កើត​កម្មវិធី​ហ្គេម​អនឡាញ​ដ៏​ធំ​បំផុត​មួយ និង​កំពុង​ប្រតិបត្តិការ​លើ​គេហទំព័រ​រាប់​រយ ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ាន រួម​ទាំង​បណ្តា​ប្រទេស​លើ​សកលលោក​ផង​ដែរ។

លោក​បន្ត​ថា សកម្មភាព​បោកប្រាស់​នេះ មិន​ត្រឹមតែ​បំផ្លាញ​ផ្លូវចិត្ត​មនុស្ស​ដែល​ជា​ជនរងគ្រោះ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​សមាជិក​គ្រួសារ​របស់​ពួកគេ​ផ្សេង​ទៀត និង​សង្គម​ជាតិ​របស់​ពួកគេ ក៏​រង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​កាត់ទោស​ដោយ​ការ​ធ្វើ​អត្តឃាត និង​ខ្លះ​ទៀត​ត្រូវ​បាន​សម្លាប់​ពី​សំណាក់​ឧក្រិដ្ឋជន ជាដើម។

ប្រភព​ដដែល​អះអាង​ថា អំពើ​ទុច្ចរិត​ទាំងនេះ​បាន​ជះឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​ចក្ខុវិស័យ និង​គោលដៅ​របស់​រដ្ឋាភិបាល ថា​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ជាក់លាក់​ដែល​ទាមទារ​ឱ្យ​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ដាក់​ទោស​ឧក្រិដ្ឋជន​ទាំងនោះ​តាម​ច្បាប់​នៃ​ប្រទេស​នីមួយៗ។

លោក ហេង សិទ្ធី បញ្ជាក់​ថា ឧក្រិដ្ឋជន​ទាំងនោះ​កំពុង​ទាក់ទាញ​សង្គម​ជាតិ​ខ្មែរ រួម​ទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ឱ្យ​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​ពួកគេ ដោយសារ​ភាព​លោភលន់​របស់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​វណ្ណៈ​កណ្តាល​មួយ​ចំនួន​ដែល​ចង់​រក​ប្រាក់ចំណូល​បាន​លឿន និង​ងាយស្រួល​តាមរយៈ​អំពើ​ឆបោក​ទាំងនោះ។

កាលពី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០២៤ គម្រោង​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​មាន​រចនាសម្ព័ន្ធ និង​អំពើពុករលួយ (Organized Crime and Corruption Reporting Project=OCCRP) ស្រាវជ្រាវ​ដោយ​ក្រុម​អ្នកកាសែត បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​មួយ​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​កំពុង​លាក់បាំង​ព័ត៌មាន​ពី​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​បរទេស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

សេចក្តី​រាយការណ៍​ដដែល​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ឧក្រិដ្ឋជន​បរទេស​ជាង ៦០០​នាក់​នា​ពេល​កន្លង​មក ហើយ​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​សញ្ជាតិ​ខ្មែរ​ទាំងនេះ បាន​ប្រើប្រាស់​ទឹកដី​ប្រទេស​នេះ​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ផ្សេងៗ​គ្រប់​រូបភាព ដូចជា បង្កើត​គម្រោង​អចលនទ្រព្យ បើក​ហាង​លក់​មាស ហាង​លក់​ពេជ្រ និង​ប្រតិបត្តិការ​បន​ល្បែង ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ជាដើម៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស