អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលតំណាងឱ្យមន្ត្រីនគរបាលជាង ៧០០នាក់ បានដាក់ពាក្យប្តឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់ថាអ្នកទាំងបីរូបនេះនាំគ្នាកាងឧក្រិដ្ឋជន និងប្រព្រឹត្តអំពើពុករលួយ។
លោក ហេង សិទ្ធី បានបង្ហោះពាក្យបណ្ដឹងរបស់ខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា បណ្តឹងរបស់លោក គឺតំណាងឱ្យមន្ត្រីនគរបាលជាង ៧០០នាក់ (៧៦៥នាក់) ដែលសុំប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឱ្យបើកការស៊ើបអង្កេតលើលោក ស សុខា លោក ស ថេត និងលោក សុខ ផល ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនានា រួមទាំងអំពើពុករលួយផងដែរ។
លោក ហេង សិទ្ធី អះអាងថា លោក ស សុខា តែងតែទទួលសំណូកពីឧក្រិដ្ឋជនក្នុងពេលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងទទួលសំណូកពីឧក្រិដ្ឋជនផ្តល់កម្ចីអនឡាញខុសច្បាប់ រួមទាំងចេញមុខការពារក្រុមឧក្រិដ្ឋជនខុសច្បាប់ផ្សេងទៀតដែលកំពុងប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបន្តថា លោក ស សុខា ក៏បានគាបសង្កត់អគ្គនាយកដ្ឋានក្រោមបង្គាប់ទាំងអស់ឱ្យរកលុយឱ្យខ្លួនរាល់ពេលបំពេញភារកិច្ចថែមទៀត។
លោកបន្តថា លោក ស ថេត ក៏បានទទួលលុយសំណូកពីឧក្រិដ្ឋជនឈ្មោះ ភួ ហ្គេច សេង (ហៅតាក់) ចំនួន ៥លានដុល្លារអាមេរិក ជាថ្នូរមិនឆែកឆេរផ្ទះ និងកន្លែងប្រព្រឹត្តបទល្មើសអនឡាញ និងទីតាំងចាប់ជំរិតមនុស្ស និងបង្ខាំងមនុស្សឱ្យធ្វើការខុសច្បាប់របស់ឧក្រិដ្ឋជនរូបនោះដែរ។
លោកថា លោក ស ថេត តែងទទួលសំណូកពីការបង់ថ្លៃការពារទីតាំងប្រព្រឹត្តអំពើឧក្រិដ្ឋនានាផងដែរ ដូចជា ទីតាំងផលិត និងចែកចាយគ្រឿងញៀន ទីតាំងបនល្បែង និងរកស៊ីផ្លូវភេទខុសច្បាប់ រួមទាំងការពារក្រុមចោរកម្ម និងក្រុមប្លន់ប្រដាប់អាវុធ ជាដើម។
ដោយឡែកលោក សុខ ផល បានផលិត និងចែកចាយទិដ្ឋាការពន្យារការស្នាក់នៅក្លែងក្លាយដែលខុសពីតួលេខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត លោក សុខ ផល ក៏បានបង្កើតទីតាំងបិទទិដ្ឋាការពន្យារការស្នាក់នៅដោយខ្លួនឯង និងប្រមូលលុយទាំងនោះជារៀងរាល់ខែ ដែលមានទឹកប្រាក់ប្រមាណជា ១៥ម៉ឺនទៅ ២០ម៉ឺនដុល្លារអាមេរិកក្នុង ១ខែៗ ក្រោមការសហការជាមួយកូនប្រុសរបស់អគ្គនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ផងដែរ។
លោក ហេង សិទ្ធី អះអាងថា លោក សុខ ផល បានតែងតាំងក្មួយបង្កើតរបស់គាត់ឱ្យកាន់ការងារកន្លែង «ណ៧» ដែលជាកន្លែងចាប់ឧក្រិដ្ឋជនអនឡាញខុសច្បាប់ ប៉ុន្តែពួកគេបានគប់គិតគ្នាទទួលប្រាក់ពីជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះក្នុងម្នាក់ចាប់ពី ១ម៉ឺនដុល្លារទៅ ២ម៉ឺនដុល្លារអាមេរិក។
បន្ថែមពីនេះ លោក សុខ ផល ក៏ធ្លាប់ទទួលសំណូកពីមន្ត្រីនគរបាលដែលចង់បានតំណែងខ្ពស់ៗនៅក្នុងក្រសួងមហាផ្ទៃដែរ ប៉ុន្តែលោក សុខ ផល ទទួលប្រាក់គេហើយ តែមិនរត់ការឱ្យអ្នកទាំងនោះទទួលបានតំណែងទេ រហូតមន្ត្រីនគរបាលខ្លះធ្វើអត្តឃាតចងកសម្លាប់ខ្លួនក៏មានដែរ។
អតីតអ្នកឧកញ៉ារូបនេះអះអាងថា ពេលនេះក្រុមឧក្រិដ្ឋជនបានស្គាល់កម្ពុជាជាផ្ទះរបស់ពួកគេយ៉ាងមានសុវត្ថិភាព ក្រោមការមើលថែរបស់ក្រសួងមហាផ្ទៃ ដូច្នេះដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋទាំងនេះ មានតែផ្អាកតំណែងបុគ្គលទាំងនេះដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់ប៉ុណ្ណោះ។
លោក ហេង សិទ្ធី បញ្ជាក់ថា ក្រោយពីលោកចេញមុខទម្លាយរឿងអាស្រូវអាថ៌កំបាំងរបស់មន្ត្រីទាំងនេះ ក៏មានមន្ត្រីនគរបាលរាប់រយនាក់ផ្ញើសារមកលោកឱ្យប្តឹងលោក ស សុខា លោក ស ថេត និងលោក សុខ ផល តែម្តង។
ជុំវិញបញ្ហានេះ គេសង្កេតឃើញក្រុមឧក្រិដ្ឋជនដែលមានលុយរាប់រយលានដុល្លារអាមេរិកមិនត្រឹមតែអាចសម្ងំលាក់ខ្លួននៅកម្ពុជាដោយសុខសុវត្ថិភាពទេ តែថែមទាំងត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលថែមទៀត។
ជាក់ស្តែង មហាសេដ្ឋីដើមកំណើតចិនចូលសញ្ជាតិខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែលរដ្ឋអំណាចចិន តាមចាប់ខ្លួន ក៏ត្រូវបានលោក ហ៊ុន សែន តែងតាំងធ្វើជាទីប្រឹក្សារបស់គាត់ផងដែរ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការបំភ្លឺណាមួយពីលោក ស សុខា លោក ស ថេត និងលោក សុខ ផល បាននៅឡើយទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

