ក្រសួងអប់រំ ណែនាំឱ្យគ្រឹះស្ថានអប់រំផ្ទាល់ ពិនិត្យ តាមដាន ក៏ដូចជាដាក់ចេញវិធានការនានាជាក់ស្តែងទៅតាមតម្រូវការ ឬក៏ស្ថានភាពជាក់ស្តែង ដើម្បីបង្ការហានិភ័យសុខភាពដល់សិស្សានុសិស្ស ពិសេសកុមារតូច ប៉ុន្តែក្រសួងនៅមិនទាន់ដាក់ចេញនូវវិធានការបិទសាលារៀននៅឡើយ។
អ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា បានប្រាប់អ្នកសារព័ត៌មានថា ក្រសួងកំពុងបន្តតាមដាននូវស្ថានភាពជាក់ស្តែងទាក់ទងនឹងស្ថានភាពបរិយាកាសនេះ។ ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ដាក់ចេញនូវវិធានការបិទសាលារៀននៅឡើយ បន្ទាប់ពីស្ថានភាពខ្យល់ពុលនៅក្នុងបរិយាកាសបានហក់កើនដល់កម្រិតខ្ពស់គួរឱ្យបារម្ភ។
អ្នកស្រី ឃួន វិច្ឆិកា បញ្ជាក់ថា ក្រសួងបានណែនាំឱ្យគ្រឹះស្ថានអប់រំផ្ទាល់ ពិនិត្យ តាមដាន ក៏ដូចជាដាក់ចេញវិធានការនានាជាក់ស្តែងទៅតាមតម្រូវការ ឬក៏ស្ថានភាពជាក់ស្តែង ដើម្បីបង្ការហានិភ័យសុខភាពដល់សិស្សានុសិស្ស ពិសេសកុមារតូច។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា បន្ទាប់ពីទទួលព័ត៌មានត្រឡប់ពីគ្រឹះស្ថានអប់រំវិញ ទាក់ទងនឹងស្ថានភាពសន្ទស្សន៍គុណភាពខ្យល់នេះ ក្រសួងនឹងដាក់ចេញនូវវិធានការនានាឱ្យបានទាន់ពេល ដើម្បីធានាសុវត្ថិភាព និងសុខភាពសិស្សានុសិស្ស។
យោងតាមសន្ទស្សន៍គុណភាពខ្យល់ Air Quality Index (AQI⁺) នៅកម្ពុជា ឈានដល់កម្រិតក្រហម គឺដោយសារមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។
សន្ទស្សន៍គុណភាពខ្យល់ Air Quality Index (AQI⁺) ឱ្យដឹងទៀតថា គិតនៅម៉ោង ១០ និង ២០នាទីព្រឹកថ្ងៃទី២៤ ខែមករា មានក្រុងចំនួន ៤ នៅអាស៊ានមានគុណភាពខ្យល់មិនបរិសុទ្ធ ដូចជា ក្រុងហូជីមិញ (វៀតណាម) មានកម្រិតបំពុលខ្ពស់ខ្លាំង រាជធានីភ្នំពេញ (កម្ពុជា) ក្រុងបាងកក (ថៃ) និងក្រុងយ៉ាំងហ្គូន (មីយ៉ាន់ម៉ា) មានកម្រិតបំពុលខ្ពស់។
កម្ពុជាមានខេត្តចំនួន៤ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម រួមមានខេត្តបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ខណៈខេត្តចំនួន ៣ ផ្សេងទៀតរួមមាន ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹកក្រូច។
ក្នុងករណីនេះ មនុស្សគ្រប់គ្នាគួរតែជៀសវាងសកម្មភាពខាងក្រៅ ជៀសវាងតំបន់ដែលមានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ប្រសិនបើចាំបាច់។ ប្រសិនបើមានរោគសញ្ញាសុខភាពនោះ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត៕


© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

