ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បាននាំគ្នាដង្ហែញត្តិទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាជាថ្មី នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជំរុញឱ្យក្រសួងជួយពន្លឿនការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រុមកូដករណាហ្គាវើលដ៍ បានប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដើម្បីតាមដានញត្តិរបស់ខ្លួនដែលបានដាក់ជូនក្រសួងឱ្យជួយដោះស្រាយវិវាទក្នុងក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមក ព្រោះអស់រយៈពេលជាង ១ខែមកហើយ ពួកគេមិនទាន់ទទួលបានដំណឹងណាមួយពីក្រសួងការងារនៅឡើយទេចំពោះសំណើនេះ។
តំណាងកូដករដែលចូលរួមតាមដានញត្តិនេះ លើកឡើងថា ក្នុងញត្តិដែលក្រុមកូដករបានដាក់ជូនក្រសួងការងារ គឺទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកកម្មករនិយោជិតផ្នែកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល (Naga Academy) ចំនួន ២៩នាក់ឱ្យចូលធ្វើការវិញ។
ជាងនេះទៀត ក៏ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៨១នាក់ និងបុគ្គលិកកម្មសិក្សាចំនួន ១១នាក់ (ETP) ដែលបានចូលរួមធ្វើកូដកម្មកន្លងមក ឱ្យចូលធ្វើការនៅកន្លែងដើមផងដែរ។ បន្ថែមពីនេះ ក្រុមកូដករក៏ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៨៥នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ដោយខុសច្បាប់ ចូលធ្វើការវិញថែមទៀត។
លើសពីនេះ ក្រុមហ៊ុនមិនត្រឹមតែត្រូវទទួលពួកគេឱ្យធ្វើការងារវិញប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតប្រាក់រំឭកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញគ្រប់គ្នាទាំងអស់។
ក្រុមកូដករទាំងនេះបញ្ជាក់ថា ការតវ៉ាទាមទាររកយុត្តិធម៌សិទ្ធិការងារនេះ មិនមែនដោយសារតែការស៊ីឈ្នួល ឬដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទេ គឺដើម្បីតែការពារសិទ្ធិកម្មករនិយោជិតរងគ្រោះដែលរងនូវការរំលោភបំពានសិទ្ធិការងារពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ កុម្ភៈ នេះថា បើពិនិត្យលើការស្នើសុំឱ្យជួយដោះស្រាយពីសំណាក់កម្មករនិយោជិត មិនមែនជារឿងហួសហេតុទេ ហើយក៏មិនខុសនឹងច្បាប់ការងាររបស់កម្ពុជាដែរ ប៉ុន្តែការព្រងើយកន្តើយរបស់ស្ថាប័នពាក់ព័ន្ធទៅវិញទេដែលបង្ហាញពីការអនុវត្តតួនាទីបញ្ច្រាសទៅនឹងច្បាប់ស្ដីពីការងារដែលមានចែង។
លោក សេក សុជាតិ លើកឡើងថា ការដែលរដ្ឋាភិបាលមិនដោះស្រាយបញ្ហាដែលកើតមាន ប្រៀបបីដូចជាការមិនព្យាបាលដំបៅដូច្នោះដែរ ហើយជាលទ្ធផល បញ្ហានេះនឹងជះឥទ្ធិពលដ៏អាក្រក់ទៅរដ្ឋាភិបាលវិញ ដូចជា ការស្អុយកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិដែលជាហេតុរាំងស្ទះដល់អ្នកវិនិយោគបរទេសមិនហ៊ានទៅបណ្ដាក់ទុន ជាដើម។
គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២១ ដែលក្រុមកូដករបាននាំគ្នាចេញតវ៉ាទាមទាររកយុត្តិធម៌មក គឺមានរយៈពេល ៣ឆ្នាំ ២ខែ ៤ថ្ងៃ (១១៦១ថ្ងៃ) ហើយ ប៉ុន្តែដំណោះស្រាយនៅតែគ្មានសម្រាប់កម្មកររងគ្រោះទាំងនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

