35.9 C
Phnom Penh

ម្ចាស់​ទំព័រ​ហ្វេសប៊ុក Business Advisor ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​សមត្ថកិច្ច​សួរនាំ​ជាច្រើន​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ដោះលែង​ម្ចាស់​ទំព័រ​ហ្វេសប៊ុក Business Advisor ឱ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៣១ មីនា នេះ បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​យក​ទៅ​សួរនាំ​អស់​ជាច្រើន​ថ្ងៃ​ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​មួយ​ចំនួន។

អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម លោក សាំងលី សារ៉ាក់ ចេញ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះ Business Advisor នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា លោក​ពុំ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឱ្យ​បំភ្លឺ​ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​មួយ​ចំនួន​ប៉ុណ្ណោះ។

លោក សាំងលី សារ៉ាក់ បញ្ជាក់​ថា លោក​នឹង​នៅតែ​បន្ត​ធ្វើ​កិច្ចការ​តាមរយៈ​នៃ​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​ដែល​កើត​មាន​ក្នុង​សង្គម​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ក្នុង​ការ​អប់រំ​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្មែរ។

កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៥ អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម លោក សាំងលី សារ៉ាក់ ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Business Advisor ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ព្រោះតែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​រិះគន់​ទៅ​លើ​ការ​ដឹកនាំ​បែប​អវិជ្ជមាន​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ផ្សព្វផ្សាយ​ពី​ការ​រិះគន់​ផ្សេងៗ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មីនា នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​នានា​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​បញ្ចេញមតិ​ដូច​ម្ចាស់​ទំព័រ​ហ្វេសប៊ុក Business Advisor ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឱ្យ​មាន​សេរីភាព​ក្នុង​ពេលនេះ​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ប្រើ​លេស​ការ​ចាប់​ខ្លួន​សកម្មជន​បញ្ចេញមតិ​ថា​ជា​ការ​អនុវត្ត​ច្បាប់​ក៏ដោយ ក៏​ពលរដ្ឋ​មិន​ជឿ​តាម​ពាក្យ​ភូត​កុហក​របស់​រដ្ឋាភិបាល​ដែរ។

លោក​បន្ថែម​ថា ត្រង់​ចំណុច​នេះ គេ​អាច​ប្រៀប​បាន​យ៉ាង​ច្បាស់​ពី​ទង្វើ​របស់​បក្ស​កាន់​អំណាច ជាពិសេស​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ដែល​បាន​ធ្វើ​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ ក្នុង​ការ​ដឹកនាំ​របស់​គាត់ ថា​តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​ត្រេកអរ ឬ​អបអរ​សាទរ​នឹង​ការ​ដឹកនាំ​របស់​គាត់​ចាប់តាំងពី​ជំនាន់​របស់​លោក ហ៊ុន សែន បន្ត​មក​លោក ហ៊ុន ម៉ាណែត ក្នុង​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស