37.5 C
Phnom Penh

កុមារ​វ័យ ១១​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ ស្លាប់​ដោយសារ​ផ្ដាសាយ​បក្សី H5N1

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេង​ប្រុស​វ័យ ១១​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​ស្រីសំពោង ឃុំ​ខ្ទុំក្រាំង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់​ថា កុមារ​ម្នាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី H5N1។ នៅ​ក្នុង​ថ្ងៃ​ដដែល កុមារ​រូប​នេះ​ក៏​បាន​ស្លាប់ នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ដូចជា​មាន​អាការៈ​គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដក​ដង្ហើម​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​អះអាង​ថា តាម​ការ​សាកសួរ បង្ហាញ​ថា នៅ​ក្បែរ​ផ្ទះ​អ្នកជំងឺ​មាន​ចិញ្ចឹម​មាន់​ទា​ឈឺ និង​ងាប់​ជាបន្តបន្ទាប់​តាំង​ពី​មួយ​សប្តាហ៍​មុន​កុមារ​ចាប់ផ្តើម​ឈឺ​មក​ម្ល៉េះ។

ក្រសួង​សុខាភិបាល បាន​ក្រើន​រំលឹក​សាជាថ្មី​ដល់​ពលរដ្ឋ​ទាំងអស់ ឱ្យ​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្ដាសាយ​បក្សី​ជានិច្ច ពីព្រោះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​របស់​ពលរដ្ឋ។

ក្រសួង​បន្ត​ពន្យល់​ថា ប្រសិនបើ​ពលរដ្ឋ​មាន​អាការៈ​ក្ដៅ​ខ្លួន ក្អក ហូរ​សំបោរ ឬ​ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង ១៤​ថ្ងៃ​មុន​ថ្ងៃ​ចាប់ផ្តើម​មាន​រោគសញ្ញា សូម​កុំ​ទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការ​ពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ខ្លួន​ជាបន្ទាន់។

ប្រភព​ខាងលើ​បន្ថែម​ថា ដើម្បី​បង្ការ​ពី​ការ​ចម្លង​នូវ​ជំងឺ សូម​ពលរដ្ឋ​កុំ​ប៉ះពាល់ ឬ​ទទួលទាន​មាន់​ទា​ឈឺ ឬ​ងាប់ និង​ពាក់​ស្រោមដៃ និង​ម៉ាស់ ឬ​យក​ក្រមា​ចង​បិទ​ច្រមុះ មុន​ពេល​ចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ មុន​នឹង​បោច​សម្អាត​រោម។

ក្រសួង​សុខាភិបាល បាន​បន្ថែម​ថា ប្រសិនបើ​មាន​មាន់​ទា​ឈឺ ឬ​ងាប់​ច្រើន​នៅ​ផ្ទះ ឬ​ក្នុង​ភូមិ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន ក្អក ហូរ​សំបោរ ឬ​ពិបាក​ដក​ដង្ហើម សូម​ប្រញាប់​ស្វែងរក​ការ​ពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ជាបន្ទាន់ ចៀសវាង​ការ​ពន្យារ​ពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជាយថាហេតុ។

ជំងឺ​ផ្ដាសាយ​បក្សី H5N1 គឺជា​ជំងឺ​ផ្ដាសាយ​មួយ​ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ​ទៅ​បក្សី​ផ្សេង​ទៀត ប៉ុន្តែ​ជួនកាល វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស​តាម​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​បក្សី​ដែល​ឈឺ ឬ​ងាប់។ ជំងឺ​ផ្ដាសាយ​បក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​មាន​ការ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា។

នេះ​ជា​ករណី​ឆ្លង និង​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​ទី​៤ ហើយ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ ខណៈ​ចាប់តាំងពី​ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ​២០០៥ មក ជំងឺ​ផ្ដាសាយ​បក្សី​បាន​សម្លាប់​ពលរដ្ឋ​សរុប ៤៧​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ឆ្លង​សរុប ៧៦​ករណី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស