26.3 C
Phnom Penh

ប្រធានាធិបតី​និង​កងទ័ព​នេប៉ាល់ កំពុង​ជ្រើស​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន ខណៈ​តំណាង​បាតុករ​ចង់​ឱ្យ​រំលាយ​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កងទ័ព​នេប៉ាល់ និង​ប្រធានាធិបតី កំពុង​ស្វែងរក​នាយករដ្ឋមន្ត្រី​ថ្មី​បណ្ដោះអាសន្ន ដើម្បី​ជំនួស​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​រំលាយ​ក្រោម​ភ្លើង​កំហឹង​របស់​បាតុករ ដែល​ងើប​ឡើង​ប្រឆាំង​សង្គម​ពុករលួយ​ឈាន​ដល់​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ដុត​អគារ​រដ្ឋសភា​ឆេះ​ខ្លោច។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​រាយការណ៍​ថា ប្រទេស​នេប៉ាល់ ដែល​មាន​ប្រជាជន ៣០​លាន​នាក់ បាន​ធ្លាក់​ទៅ​ក្នុង​ចលាចល​ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​បំបែក​ហ្វូង​បាតុករ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា។

ដើមចម​បើ​ទោះជា​ចេញពី​ការ​ងើប​ឡើង​ប្រឆាំង​ការ​បិទ​បណ្ដាញ​សង្គម​ក៏​ពិត​មែន តែ​វា​បាន​ប្រែ​រូបភាព​ទៅ​ជា​ការ​ប្រឆាំង​នឹង​របប​ពុករលួយ​នៃ​រដ្ឋាភិបាល​របស់​ក្រុម​កែទម្រង់​ដឹកនាំ​ប្រទេស ដែល​កើត​ចេញពី​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​កាលពី ២៣​ឆ្នាំ​កន្លង​មក​នេះ។

នៅ​ក្នុង​អំពើ​កុបកម្ម ៣​ថ្ងៃ​ជាប់​គ្នា ចន្លោះ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ ខែ​កញ្ញា មនុស្ស​ស្លាប់​កើន​ឡើង ៥១​នាក់ និង​រង​របួស​ជាង ១៣០០​នាក់។ នៅ​ក្នុង​ចលាចល​ទូទាំង​ប្រទេស បាតុករ​មួយ​ចំនួន​បាន​ទៅ​បំបែក​ទ្វារ​គុក ដោយ​រំដោះ​អ្នកទោស​មាន​ទាំង​អ្នកទោស​ឧក្រិដ្ឋ​ទៀត​ផង​ប្រមាណ​ជិត ១៣៥០០​នាក់​បាន​រត់​ចេញពី​ពន្ធនាគារ។

ប៉ុន្តែ​បើ​យោង​តាម​ពួក​មន្ត្រី​ប៉ូលិស បាន​ឲ្យ​ដឹង​ថា អ្នកទោស​ទាំងនោះ​ភាគច្រើន​បាន​ទៅ​ចូលរួម​តវ៉ា និង​បង្ក​ហិង្សា​វាយប្រហារ​ទៅ​លើ​ពួក​មន្ត្រី​រដ្ឋាភិបាល។

ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​កុបកម្ម​នេះ ត្រូវ​បាន​កត់ត្រា​ថា​ជា​អំពើ​ឃោរឃៅ​យ៉ាង​អាក្រក់​បំផុត​ចាប់តាំងពី​ការ​រំលាយ​របប​រាជា​និយម​នេប៉ាល់ នៅ​ឆ្នាំ​២០០៨ ដោយ​កម្លាំង​បក្ស​នយោបាយ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនីស្ត​ម៉ៅ​និយម។

នៅ​ពេលនេះ កងទ័ព​នៅតែ​ដើរ​ល្បាត​តាម​ដងផ្លូវ និង​តាម​ឃ្លាំមើល​សកម្មភាព​របស់​ហ្វូង​មនុស្ស​ដែល​កងទ័ព​ទាំងនោះ​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​ផ្ទុះ​ហិង្សា​កើតឡើង​តាម​ដងផ្លូវ​ទៀត​នោះ​ទេ។

ប្រធានាធិបតី​នេប៉ាល់ Ram Chandra Paudel បាន​ពិភាក្សា​ជាមួយ​នឹង​អគ្គមេបញ្ជាការ​កងទ័ព​ឧត្ដមសេនីយ៍ Ashok Raj Sigdel និង​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត ហើយ​ក្នុង​នោះ​ក៏​មាន​តំណាង​បាតុករ​មកពី​ក្រុម​ចលនា Gen Z ផង​ដែរ។ ក្រុម​ចលនា Gen Z ជា​យុវជន និង​និស្សិត ដែល​ដឹក​មុខ​គេ​ក្នុង​ការ​ទាញ​ទម្លាក់​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Sharma Oli។

ទោះជា​យ៉ាងណាក៏ដោយ ការ​ចរចា​នោះ​នៅ​មិន​ទាន់​ចុះសម្រុង​គ្នា​នៅ​ពេលនេះ ដោយសារតែ​មាន​ការ​ប្រជែង​គ្នា​ក្នុង​ការ​ជ្រើសរើស​ឥស្សរជន​ម្នាក់​ដែល​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន ប៉ុន្តែ​អ្នកស្រី Sushila Karki អាយុ ៧៣​ឆ្នាំ ដែល​ជា​អតីត​ប្រធាន​តុលាការ​កំពូល ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បេក្ខជន​ឈាន​មុខ​គេ ប៉ុន្តែ​អ្នកស្រី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ចេញពី​បាតុករ។

ជំនួប​ចរចា​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន បន្ត​ធ្វើ​ឡើង​ម្ដង​ទៀត​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១២ ខែ​កញ្ញា។

ជាមួយ​គ្នា​នេះ​ដែរ ការ​ខ្វែង​គំនិត​គ្នា​ក៏​កើតឡើង​នៅ​ពេល​ដែល​អ្នក​នយោបាយ​ទាមទារ​ឱ្យ​សមាជិក​សភា នៅតែ​បន្ត​មាន​សុពលភាព​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ចំនួន​ជួយ​រៀបចំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន។ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ចរចា ជាពិសេស​គឺ​តំណាង​បាតុករ​មួយ​ចំនួន បាន​ទាមទារ​ឱ្យ​រំលាយ​សភា​នៅ​ពេលនេះ​តែម្ដង។ ត្រង់​នេះ​ហើយ​ដែល​មិន​អាច​ដើរ​ដល់​ចំណុច​ត្រូវ​គ្នា ថា​តើ​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​នេះ​ត្រូវ​ឆ្លងកាត់​សភា ឬ​ក៏​មិន​ត្រូវ​ឆ្លងកាត់​សភា។

ភាគច្រើន តំណាង​បាតុករ​ទាមទារ​ថា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​មិន​គួរ​សុំ​សេចក្ដី​ទុកចិត្ត​ពី​សភា​នោះ​ទេ។ តែ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី Ramchandra Paudel បាន​បន្ត​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ជាបន្ទាន់​នៃ​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល ដើម្បី​គ្រប់គ្រង​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច​ឡើងវិញ។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី Ramchandra Paudel បាន​សម្រេច​ឱ្យ​លោក​ឧត្ដមសេនីយ៍ Ashok Raj Sigdel បន្ត​ជួយ​គ្រប់គ្រង​ស្ថានការណ៍​ស្រុកទេស ជាពិសេស​ទីក្រុង​កាតម៉ានឌូ រហូត​មាន​គណៈរដ្ឋមន្ត្រី​ថ្មី។

តាម​ប្រភព​របស់ AFP អ្នកស្រី Sushila Karki អតីត​ប្រធាន​តុលាការ​កំពូល អាច​នឹង​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន ព្រោះ​អ្នកស្រី​ទទួល​បាន​ការ​គាំទ្រ និង​ចាត់ទុក​ថា​ជា​មនុស្ស​ស្អាតស្អំ​ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ។

ចំពោះ​បេក្ខជន​មួយ​រូប​ទៀត គឺ​លោក Balendra Shah ជា​អតីត​អភិបាល​ក្រុង Katmandou ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​យុវជន ក៏​ជា​ជម្រើស​ផង​ដែរ។ ក្រុម​យុវជន​ដើមឡើយ​ចង់​ឱ្យ​អតីត​អភិបាល​ក្រុង Katmandou ជា​នាយករដ្ឋមន្ត្រី​ថ្មី​បណ្ដោះអាសន្ន តែ​បែរជា​លោក​ប្រកាស​គាំទ្រ​អ្នកស្រី​ចៅក្រម Sushila Karki អតីត​ប្រធាន​តុលាការ​កំពូល ទៅវិញ។

នេប៉ាល់ ជា​ប្រទេស​មួយ​ស្ថិត​នៅ​តំបន់​អាស៊ី​ខាងត្បូង។ ទឹកដី​ភាគច្រើន​នៃ​អតីត​រាជាណាចក្រ​នេះ លាតសន្ធឹង​តាម​ជួរ​ភ្នំ​ហិម៉ាល័យ ដោយ​មាន​ព្រំប្រទល់​ខាងជើង​ជាប់​តំបន់​ទីបេ​នៃ​ប្រទេស​ចិន និង​ភាគ​ខាងត្បូង, ខាងកើត ជាប់​នឹង​ប្រទេស​ឥណ្ឌា។

របប​រាជា​និយម​នេប៉ាល់ ត្រូវ​បាន​រំលាយ​នៅ​ក្នុង​ឆ្នាំ​២០០៨ បន្ទាប់ពី​ភាព​ចលាចល​ក្នុង​សង្គ្រាម​ស៊ីវិល​ជាង ១០​ឆ្នាំ ដោយសារតែ​ការ​បះបោរ​នៃ​ក្រុម​លទ្ធិ​ម៉ៅ​និយម។

ជាមួយ​នឹង​ការ​បង្ហាញ​ថា​ប្រជាជន​នេប៉ាល់ ភាគច្រើន​ផ្អៀង​ទៅ​ក្រុម​បក្ស​ម៉ៅ​និយម ឬ​បក្ស​កុម្មុយនីស្ត ជា​ការ​មិន​ពេញចិត្ត​ការ​រស់នៅ​ក្រោម​របប​រាជា​និយម​នៃ​មហាក្សត្រ Gyanendra គឺ​គ្រា​នោះ​ហើយ​ក៏​មាន​ការ​បះបោរ​ទាមទារ​ឱ្យ​ដូរ​របប​រាជា​និយម ដែល​ក្រុម​លទ្ធិ​ម៉ៅ​និយម​ហៅថា​ជា​រាជាណាចក្រ​ផ្ដាច់ការ ឱ្យ​ដូរ​ទៅ​របប​ទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​គ្មាន​ស្ដេច​សោយរាជ្យ។

ក្រោម​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បក្ស​នយោបាយ​រួម​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ជាង​មួយ​ទសវត្សរ៍ ក៏​បាន​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​សភាធម្មនុញ្ញ​ដើម្បី​បញ្ចប់​ជា​ផ្លូវការ​នូវ​រាជវង្ស Gyanendra ដែល​មាន​អាយុកាល ២៤០​ឆ្នាំ ដោយ​បាន​ប្រកាស​ប្រទេស​នេប៉ាល់ ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធ​នេប៉ាល់ មក​ទល់​នឹង​សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស