32.5 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រៀបធៀប​ទង្វើ​សមត្ថកិច្ច​ខ្មែរ​ពាក់ព័ន្ធ​ស្ត្រី​រំដោះ​អ្នកទោស​វៀតណាម និង​ទាហាន​ឈុត​ខ្មៅ​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រដូច​ទង្វើ​ភ្នាក់ងារ​សមត្ថកិច្ច​ខ្មែរ​ដែល​យក​ស្ត្រី​ជនសង្ស័យ​រំដោះ​អ្នកទោស​ជនជាតិ​វៀតណាម ធ្វើ​ជា​រូបភាព​កម្សាន្ត​ជា​សាធារណៈ ថា​មាន​ចរិត​ទំនោរ​ទៅ​រក​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ភាគី​ខ្មែរ​ចោទ​ថា​បាន​រំលោភ​បូក​លើ​ពលការិនី​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ​ថា នារី​ជនជាតិ​វៀតណាម បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ប្រាកដ​មែន ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់​បាន​ហើយ ប៉ូលិស​គួរតែ​ការពារ​នាង មិនមែន​ទុក​ឱ្យ​នាង​ក្លាយ​ជា​រូបភាព​កម្សាន្ត​សាធារណៈ​បែប​នេះ​ទេ។

លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា សមត្ថកិច្ច​មាន​គុណសម្បត្តិ​ដ៏​ធំធេង​ក្នុង​ការ​តាម​ចាប់​អ្នកទោស និង​ជនសង្ស័យ​ត្រឡប់​មក​វិញ ប៉ុន្តែ​ប៉ូលិស​បែរជា​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​មូលដ្ឋាន​ក្នុង​ឋានៈ​ជា​កង​នគរបាល​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ការពារ​ជនសង្ស័យ​ឱ្យ​បាន​ពេញលេញ​ទៅវិញ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ចំណែក​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ក៏​ជា​កញ្ចក់​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្រិត​យល់ដឹង​របស់​ពួកគេ​ដែរ ដូច្នេះ​ហើយ​បាន​ជា​មាន​ពាក្យ​រិះគន់​ថា ពេល​ខ្លះ​ពលរដ្ឋ​ខ្លាច​អ្នក​សារព័ត៌មាន​ជាង​ខ្លាច​ប៉ូលិស​ទៅ​ទៀត។

មាន​មតិ​ខ្មែរ​ខ្លះ​ក្នុង​ហ្វេសប៊ុក​និយាយ​ថា លោក ខៀវ កាញារីទ្ធ កាន់ជើង​ជនជាតិ​យៀកណាម ចំណែកឯ​ស្ត្រី​ខ្មែរ​ដែល​អាជ្ញាធរ​ធ្វើបាប លោក​បិទ​មាត់​ឈឹង។

កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ជន​ជាប់​ឃុំ​ជនជាតិ​វៀតណាម ចំនួន ៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស មាន​គ្រឿងញៀន ការ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ការ​បង្ខាំង​មនុស្ស ជាដើម ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន​វិញ​ទាំងអស់ បន្ទាប់ពី​ត្រូវ​បាន​បក្ខពួក​ចូល​ទៅ​រំដោះ​ក្នុង​ពេល​បញ្ជូន​ទៅ​សាកសួរ​នៅ​តុលាការ​ខេត្ត​ស្វាយរៀង ក្នុង​ថ្ងៃ​ដដែល​នោះ។

ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង ៦​នាក់ ក៏​មាន​នារី​ជនសង្ស័យ​ជនជាតិ​វៀតណាម ដែរ ដែល​ជា​អ្នក​ចូល​ទៅ​រំដោះ​អ្នកទោស​ទាំងនោះ ប៉ុន្តែ​ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ក៏​មាន​ការ​ផ្សព្វផ្សាយ​នូវ​ឃ្លីប​វីដេអូ​មួយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​ពី​សកម្មភាព​បៀតបៀន​លើ​រូបរាងកាយ​ជនសង្ស័យ និង​ការ​និយាយ​ស្តី​បែប​ប្រមាថ​មាក់ងាយ​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ សមត្ថកិច្ច​ខេត្ត​ស្វាយរៀង បាន​នាំ​ខ្លួន​អ្នកកាសែត ២​នាក់ ឈ្មោះ ផាត់ ហ៊ន និង​ឈ្មោះ ខាន់ សារ័ត្ន ទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​អំពើ​បៀតបៀន​លើ​រូបរាងកាយ​ជនសង្ស័យ​ជា​នារី​ជនជាតិ​វៀតណាម នោះ ខណៈ​ក្រសួង​ព័ត៌មាន ក៏​បាន​ចេញ​សេចក្តី​សម្រេច​លុប​អាជ្ញាបណ្ណ​របស់​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នេះ​កាលពី​ថ្ងៃ​ពុធ ដែរ។

គេ​សួរ​ថា ហេតុ​អ្វី​ដក​អាជ្ញាបណ្ណ​ផ្សាយ​ការពិត?

ជុំវិញ​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ឈឿន ប៊ុនឆន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ​ថា ស្ត្រី​ជនជាតិ​វៀតណាម បាន​យក​កាំភ្លើង​ឱ្យ​ឧក្រិដ្ឋជន​បាញ់​កងកម្លាំង​ផ្ដាច់​ជីវិត ខណៈ​មន្ត្រី​នគរបាល​ក្លាហាន​ហ៊ាន​លះបង់​ជីវិត​តាម​ចាប់​ជនល្មើស​ដោយ​គ្មាន​គិត​ពី​ការ​បាត់បង់​ជីវិត ប៉ុន្តែ​រង​ការ​រិះគន់​ទៅវិញ។

លោក ឈឿន ប៊ុនឆន ត្អូញត្អែរ​ថា ពេល​នេះ នារី​សហចារិកា​ឧក្រិដ្ឋជន​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​អំពើ​អសីលធម៌​មួយ​ចំនួន ខណៈ​អ្នក​លេង​បណ្ដាញ​សង្គម​បែរជា​មក​ជេរប្រមាថ​លើ​កងកម្លាំង​នគរបាល ទាំង​ដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​គ្មាន​សីលធម៌​ដូច​ការ​ចោទប្រកាន់​ផង​នោះ៕

ស្ត្រី​ដែល​រំដោះ​អ្នកទោស​ជនជាតិ​វៀតណាម ចំនួន ៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​មក​វិញ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ (រូបភាព​ពី​ហ្វេសប៊ុក)
ស្ត្រី​ដែល​រំដោះ​អ្នកទោស​ជនជាតិ​វៀតណាម ចំនួន ៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​មក​វិញ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ (រូបភាព​ពី​ហ្វេសប៊ុក)

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស