អ្នកឃ្លាំមើលសង្គមលើកឡើងថា វប្បធម៌នយោបាយបោកប្រាស់ដែលជ្រកក្រោមស្លាកប្រជាធិបតេយ្យ មិនមែនជាការពង្រឹងប្រជាធិបតេយ្យទេ ប៉ុន្តែជាវិធីសាស្ត្របំផ្លាញប្រជាធិបតេយ្យនៅប្រទេសកម្ពុជា យ៉ាងធ្ងន់ធ្ងរទៅវិញ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មករា នេះថា មេដឹកនាំដែលប្រើសារនយោបាយប្រជាធិបតេយ្យប្រជាភិថុតិ គឺជាភស្តុតាងយ៉ាងច្បាស់ដែលឆ្លុះបញ្ចាំងពីទង្វើអសមត្ថភាពក្នុងការដឹកនាំប្រកបដោយវប្បធម៌ប្រជាធិបតេយ្យរបស់ពួកគេ។
លោក សេក សុជាតិ លើកឡើងថា អ្នកនយោបាយដែលអះអាងពីការប្រកាន់យកវប្បធម៌ប្រជាធិបតេយ្យជាស្នូល ប៉ុន្តែខ្វះប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស ពួកគេនឹងគ្មានសមត្ថភាពដឹកនាំរដ្ឋឱ្យក្លាយជាប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដនោះឡើយ។
អ្នកឃ្លាំមើលរូបនេះបញ្ជាក់ថា ប្រសិនបើចង់ឱ្យសង្គមមានប្រជាធិបតេយ្យពិតប្រាកដ អ្នកនយោបាយត្រូវតែធ្វើឱ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបក្សរឹងមាំជាមុនសិន ព្រោះអ្នកនយោបាយដែលបោកប្រាស់ម្ចាស់ឆ្នោតដើម្បីអំណាច គ្រាន់តែជាអ្នកនយោបាយទុច្ចរិតក្រោមរូបភាពប្រជាធិបតេយ្យប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាង ៤ទសវត្សរ៍មកនេះ នៅតែមិនមានប្រជាធិបតេយ្យពិតប្រាកដនៅឡើយ។
មាត្រា១ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ចែងថា ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់ជំរុញក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ ឱ្យការពារសន្តិភាព លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះដែរថា គណបក្សប្រជាជនកម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាលដើម្បីរួមគ្នាជាមួយនឹងប្រទេស និងគណបក្សនយោបាយដែលមានផ្នត់គំនិតដូចគ្នាគាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។
យ៉ាងណាក៏ដោយ ប្រជាធិបតេយ្យនៅកម្ពុជា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អស់រយៈពេលជាង ៣០ឆ្នាំមកនេះ ត្រូវគេមើលឃើញថាស្ថិតក្នុងភាពអាប់អួរ និងចុះអន់ថយជាបន្តបន្ទាប់ រាប់ទាំងការអនុវត្តក្នុងប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាល និងការអនុវត្តនៅផ្ទៃក្នុងរបស់គណបក្សនយោបាយនីមួយៗ បើទោះបីជាមេដឹកនាំបក្សនយោបាយទាំងនោះអះអាងពីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យក៏ដោយ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយការគំរាមកំហែងដែលធ្វើឱ្យពលរដ្ឋខ្មែរភ័យខ្លាចគ្រប់ៗគ្នា ព្រោះថារដ្ឋាភិបាលឯកបក្សមួយនេះតែងតែរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងអន្តរជាតិ ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សជាអចិន្ត្រៃយ៍ទៅហើយ។
ចំណែកអ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងកាលពីពេលថ្មីៗនេះថា បើទោះជាអ្នកនយោបាយខ្មែរមានទស្សនៈផ្ទុយគ្នាក៏ដោយ ប៉ុន្តែត្រូវតែស្ថិតក្នុងគោលដៅតែមួយ គឺដើម្បីប្រយោជន៍ជាតិ និងប្រជាជន ដូច្នេះដើម្បីរក្សាគោលដៅនេះ អ្នកនយោបាយគ្រប់និន្នាការមិនអាចដើរឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យបានឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការលីកាដូ បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានមនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន និងជាង ៦០នាក់ត្រូវបានចោទប្រកាន់ដាក់ពន្ធនាគារ ដោយសារការបញ្ចេញមតិអំពីបញ្ហាសង្គមដែលមានទាំងសកម្មជនសង្គម សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ រួមទាំងអ្នកនយោបាយផងដែរដែលជាហេតុធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

