27.4 C
Phnom Penh

ACU បង្ហាញ​យុទ្ធសាស្ត្រ​បី​ចំណុច​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ខណៈ​កម្ពុជា​ពោរពេញ​ដោយ​បក្ខពួក​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) អះអាង​ថា អង្គភាព​របស់​ខ្លួន​បាន​កំណត់​មុខព្រួញ​ចំនួន​បី​សំខាន់ៗ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នៅ​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់ៗ​ប្រកាន់​ផ្នត់គំនិត​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី​គណនេយ្យភាព និង​តម្លាភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម នៅ​ថ្ងៃទី​១៩ ខែ​មីនា នេះ​ថា មុខព្រួញ​ទាំង​បី​នេះ រួម​មាន ការងារ​អប់រំ ការ​បង្ការ និង​ទប់ស្កាត់​កុំ​ឱ្យ​មាន​កើត​អំពើពុករលួយ និង​ការ​អនុវត្ត​ច្បាប់​បញ្ជូន​ទៅ​តុលាការ។

លោក ឱម យ៉ិនទៀង លើកឡើង​ថា ការ​បង្ក្រាប​បទល្មើស​ប្រឆាំង​អំពើពុករលួយ គឺ​ស្រប​ទៅ​នឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឱ្យ​មនុស្ស​ម្នាក់ៗ​ប្រកាន់​ផ្នត់គំនិត​មិន​ចង់ មិន​អាច និង​មិន​ហ៊ាន​ពុករលួយ។

ប្រធាន​អង្គភាព ACU រូប​នេះ បញ្ជាក់​ថា ចំពោះ​មន្ត្រី ACU ដែល​ប្រព្រឹត្ត​អំពើពុករលួយ គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​អ្នក​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​ដោយ​ផ្ទាល់ ព្រោះ ACU មាន​យន្តការ​ស៊ើបអង្កេត​ផ្ទៃក្នុង​របស់​ខ្លួន​ជាក់ស្តែង ហើយ​គិត​មក​ដល់​ពេលនេះ យ៉ាងហោចណាស់​មាន​មន្ត្រី ACU ជិត ១០​នាក់​ហើយ​ត្រូវ​បាន​អង្គភាព​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៊ែរឡាំង បាន​ចេញ​របាយការណ៍​ស្តីអំពី​អំពើពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦៣ ក្នុង​ចំណោម​ប្រទេស​សរុប ១៨២ នៅ​លើ​ពិភពលោក។

កាលពី​ឆ្នាំ​មុន គឺ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​ស្ដីពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២៤ ថា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ កម្ពុជា​ទទួល​បាន​ត្រឹមតែ ២១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​សរុប​ចំនួន ១០០ ដែល​នាំ​ឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១៥៨ ក្នុង​ចំណោម​ប្រទេស ១៨០ នៅ​លើ​ពិភពលោក។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដែល​រៀបចំ​ឡើង​ដោយ​បក្ខពួក​និយម និង​កង្វះ​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច គឺជា​ដើមចម​នៃ​ការ​កើតមាន​អំពើពុករលួយ​នៅ​ប្រទេស​កម្ពុជា។

លោក សេង វណ្ណលី បញ្ជាក់​ថា វិធានការ​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ត្រូវ​ធ្វើ​ជាបន្ទាន់​នោះ គឺ​ត្រូវ​កែទម្រង់​ធ្វើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​តុលាការ​មាន​ឯករាជភាព​ពិតប្រាកដ​ឡើងវិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា ក្នុង​ស្ថាប័ន​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​បក្ខពួក​និយម និង​សាច់ញាតិ​ត្រូវ​បាន​ចងក្រង​ឱ្យ​កាន់​មុខតំណែង​ដ៏​រឹងមាំ គឺជា​ទម្រង់​យ៉ាង​ជាក់ច្បាស់​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ខណៈ​អំពើ​ទាំងនោះ​នឹង​មិន​លេច​ធ្លាយ​មក​ក្រៅ​ឡើយ ដោយសារ​អ្នក​ប្រព្រឹត្ត​គឺ​បណ្ដាញ​សាច់ញាតិ និង​បក្ខពួក​ជាមួយ​គ្នា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស