32.5 C
Phnom Penh

ប្រេងសាំង​នៅ​កម្ពុជា​ធ្លាក់​ថ្លៃ ១០០​រៀល ខណៈ​រដ្ឋ​ទម្លាក់​ពន្ធគយ​មក​នៅ​ត្រឹម​សូន្យ​ភាគរយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ពាណិជ្ជកម្ម កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ឡើងវិញ​តាម​កាលកំណត់​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​នេះ ដោយ​ទម្លាក់​តម្លៃ​ប្រេងសាំង​ធម្មតា​មក​ត្រឹម​តម្លៃ ៥៤០០​រៀល​ក្នុង ១​លីត្រ ប៉ុន្តែ​ប្រេងម៉ាស៊ូត​ត្រូវ​ដំឡើង ១៥០​រៀល​បន្ថែម​ទៀត​ក្នុង ១​លីត្រ គឺ​ត្រូវ​កំណត់​តម្លៃ ៦៧០០​រៀល។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ រាជរដ្ឋាភិបាល​បន្ត​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៦,៥​សេន​ដុល្លារ​ក្នុង ១​លីត្រ ក្នុង​បំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ។

ប្រភព​ដដែល អះអាង​ថា រាជរដ្ឋាភិបាល​ក៏បាន​បញ្ចុះ ១​សេន​ដុល្លារ​ក្នុង ១​លីត្រ​បន្ថែម​ទៀត​ដែរ ដោយសារ​ប្រេងសាំង​អន្តរជាតិ​ឡើង​លើស​ពី ៩០​ដុល្លារ​ក្នុង ១​បារ៉ែល និង​ប្រេងម៉ាស៊ូត​អន្តរជាតិ​ឡើង​លើស ១០០​ដុល្លារ​ក្នុង ១​បារ៉ែល​ដែរ​នោះ ខណៈ​ពន្ធគយ​ក៏​ត្រូវ​បាន​ទម្លាក់​មក​នៅ​ត្រឹម​សូន្យ​ភាគរយ​ផង​ដែរ។

ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ផ្អែក​តាម​សភាពការណ៍ និង​ថ្លៃ​ប្រេងឥន្ធនៈ​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​អន្តរជាតិ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សម្រេច​បញ្ចុះ​ពន្ធអាករ​បន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​មក​នៅ​ត្រឹម​សូន្យ​ដុល្លារ និង​បញ្ចុះ​អាករ​ពិសេស​ពី ៤% មក​នៅ​សូន្យ​ភាគរយ​ថែមទៀត។

លើស​ពី​នេះ ក៏បាន​បញ្ចុះ​អាករ​លើ​តម្លៃ​បន្ថែម​ពី ១០% មក​នៅ​ត្រឹម ៤% ផង​ដែរ ព្រោះ ៦% រដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​ជំនួស ដូច្នេះ​ចាប់ពី​ថ្ងៃទី​២០ ខែ​មីនា តទៅ តម្លៃ​ប្រេងសាំង​គឺ​ត្រូវ​កំណត់ ៥៤០០​រៀល​ក្នុង ១​លីត្រ ចំណែក​តម្លៃ​ប្រេងម៉ាស៊ូត​ត្រូវ​កំណត់ ៦៧០០​រៀល​ក្នុង ១​លីត្រ រហូត​មាន​ការ​កំណត់​តម្លៃ​ថ្មី​ឡើងវិញ។

ក្រោយ​តម្លៃ​ប្រេង​ចេះតែ​បន្ត​កើន​ឡើង​ឥត​ឈប់ កាលពី​ថ្ងៃទី​១៧ ខែ​មីនា កម្មករ​រោងចក្រ J Star Garment ប្រមាណ ៤០០​នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​កូដកម្ម និង​បិទ​ផ្លូវជាតិ​លេខ​៣ ទាមទារ​ប្រាក់កម្រៃ​ដឹកជញ្ជូន និង​អាហារ​ខ្ពស់​ជាង​មុន ព្រមទាំង​ប្រាក់​បន្ថែម ២០០០​រៀល (០,៥០​ដុល្លារ) សម្រាប់​ការ​ធ្វើការ​ថែម​ម៉ោង​ផង​ដែរ។

ក្រុម​កម្មករ​ទាំងនោះ​លើកឡើង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​បង្កើន​អត្ថប្រយោជន៍​ដើម្បី​គាំទ្រ​ចំពោះ​ការ​កើន​ឡើង​នៃ​ទំនិញ​ផ្សេងៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​តៃកុង​ឡាន​ក៏បាន​សុំ​ដំឡើង​ថ្លៃឈ្នួល​បន្ថែម​ចំនួន ៣​ដុល្លារ​ទៀត​ដែរ​ពី​លើ​ថ្លៃឈ្នួល ១០​ដុល្លារ ដែល​ធ្លាប់​ដឹក​កម្មករ​កន្លង​មក ដោយសារ​តម្លៃ​ប្រេងសាំង​ឡើង​ថ្លៃ។

ជុំវិញ​បញ្ហា​នេះ ក្នុង​ជំនួប​ជាមួយ​លោក Carlos Felipe Jaramillo អនុប្រធាន​ធនាគារ​ពិភពលោក ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​១៦ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​អះអាង​ថា វិបត្តិ​ប្រេងឥន្ធនៈ​នា​ពេលនេះ កំពុង​ជះ​ផល​អវិជ្ជមាន​លើ​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ទំនិញ និង​សេវា​ក្នុង​ស្រុក​ប្រឈម​នឹង​ឡើង​ថ្លៃ​ជាបន្តបន្ទាប់។

លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់​ថា បញ្ហា​នេះ​គឺ​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ និង​សកម្មភាព​សេដ្ឋកិច្ច ការ​កែលំអ ការ​អភិវឌ្ឍ ការ​រៀបចំ​ខ្លួន និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​រក្សា​កំណើន​ឱ្យ​មាន​ចីរភាព និង​ការ​បង្កើត​ការងារ​ក្នុង​កាលៈទេសៈ​នៃ​ភាព​មិន​ប្រាកដប្រជា​នេះ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​សង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សម្រាប់​តម្លៃ​ប្រេង​នៅ​កម្ពុជា​ដែល​បាន​ហក់​ឡើង​ជា​គំហុក​ក្នុង​ពេលនេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ក្នុង​ស្រុក​មួយ​ចំនួន​ចាប់ផ្តើម​ដំឡើង​ថ្លៃ​ដឹក​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ ក្នុង​នោះ​គឺ​ចាប់ពី ៥% ទៅ ១០%៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស