ទីប្រឹក្សា គណបក្ស កម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃទី១ ខែកក្កដា បានដាក់លិខិតទៅក្រសួង យុត្តិធម៌ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងនេះធ្វើអន្តរាគមន៍ និងពិនិត្យឡើងវិញលើសាលដីកាតុលាការកំពូល ដែលលោកអះអាងថា ផ្អែកលើអង្គហេតុមិនច្បាស់លាស់ និងដាក់កម្រិតលើសិទ្ធិជាមូលដ្ឋានរបស់លោកផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខក្រសួង យុត្តិធម៌ បន្ទាប់ពីដាក់លិខិត លោក រ៉ុង ឈុន បាននិយាយថា លោកចង់ឱ្យមានការពិនិត្យឡើងវិញលើសេចក្តីសម្រេចពីតុលាការកំពូល និងបើកសវនាការជាថ្មី។
លោកបាននិយាយថា៖ «ខ្ញុំស្នើឱ្យក្រសួងពិនិត្យឡើងវិញលើសេចក្តីសម្រេចតុលាការកំពូល និងស្នើឱ្យមានការបើកសវនាការឡើងវិញ»។
លោក រ៉ុង ឈុន បានអះអាងថា សាលដីកានោះបានដកសិទ្ធិរបស់លោកក្នុងការឈរឈ្មោះបោះឆ្នោត បោះឆ្នោត និងធ្វើសកម្មភាពនយោបាយ។ សាលដីកាក៏បានហាមលោកមិនឱ្យថ្លែងជាសាធារណៈ ចូលរួមវេទិកា និងចាកចេញពីរាជធានីភ្នំពេញ។
លោកបាននិយាយថា ការដាក់កម្រិតទាំងនេះមិនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាទេ។ ដោយយោងទៅលើមាត្រា៣៤ថ្មី មាត្រា៣៥ និងមាត្រា៤០ នៃរដ្ឋធម្មនុញ្ញ។ លោក រ៉ុង ឈុន បាននិយាយថា បទប្បញ្ញត្តិទាំងនេះធានាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយការដាក់កម្រិតលើសិទ្ធិទាំងនោះគួរតែពិនិត្យឡើងវិញ។
លោកបាននិយាយថា៖ «ការសម្រេចរបស់តុលាការកំពូលខ្វះអង្គហេតុច្បាស់លាស់។ ការចោទប្រកាន់ថា ខ្ញុំបានញុះញង់ គឺផ្អែកលើការអះអាងរបស់តុលាការ មិនមែនលើភស្តុតាងជាក់លាក់នោះទេ»។
លោក រ៉ុង ឈុន បានបន្ថែមថា តុលាការគ្រប់ជាន់ថ្នាក់មិនបានផ្តល់យុត្តិធម៌ដល់រូបលោកទេ ប៉ុន្តែលោកនឹងបន្តប្រើប្រាស់នីតិវិធីផ្លូវច្បាប់ដែលមាន ដើម្បីស្វែងរកការពិនិត្យឡើងវិញ។
លោកបាននិយាយថា៖ «យើងមិនអាចនៅស្ងៀមបានទេ។ សិទ្ធិ និងសេរីភាព ទោះបីច្បាប់ធានាក៏ដោយ អាចត្រូវបាត់បង់ ប្រសិនបើយើងមិនទាមទារ និងការពារទេនោះ»។
លោក រ៉ុង ឈុន បាននិយាយថា ប្រសិនបើក្រសួង យុត្តិធម៌ មិនឆ្លើយតប ឬមិនទទួលយកសំណើរបស់លោកទេ លោកនឹងបន្តដាក់ញត្តិទៅព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងឋានៈជាព្រះរាជប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោកក៏បាននិយាយថា លោកអាចស្នើទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបកស្រាយថា តើការដាក់បម្រាមទាំងនោះស្របនឹងរដ្ឋធម្មនុញ្ញដែរឬទេ។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានបន្ថយទោសលោក រ៉ុង ឈុន មកត្រឹមពន្ធនាគារ៣ឆ្នាំ ដោយព្យួរទោស និងកំណត់ការដកសិទ្ធិនយោបាយរបស់លោកត្រឹម៥ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រ កាន់ពីបទ «មិនរាងចាល»។
ពលរដ្ឋខ្មែរ និង អង្គការអន្តរជាតិ ការពារសិទ្ធិសេរីភាពមនុស្ស តែងតែចេញសេចក្តីរាយការណ៍ថា រាជរដ្ឋាភិបាល មិនបានអនុវត្តស្របតាមស្មារតីរដ្ឋធម្មនុញ្ញទេ គឺប្រើច្បាប់តម្រូវតាមតែបំណងខ្លួនចង់បានប៉ុណ្ណោះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

