TAG
paywall
នគរបាលចាប់ខ្លួនមនុស្សបីនាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនដាច់ដោយឡែកពីគ្នា
នគរបាលបានលើកឡើងកាលពីម្សិលមិញថា មនុស្សបីនាក់រួមទាំងជនជាតិអង់គ្លេសម្នាក់ផងត្រូវបានចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនដាច់ដោយឡែកពីគ្នាចំនួនពីរក្នុងខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែងកាលពីថ្ងៃសៅរ៍។
លោក ឡុង គឹមហួ មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុបានមានប្រសាសន៍ថា កាលពីថ្ងៃសៅរ៍ នគរបាលបានឆ្មក់ចូលបន្ទប់ជួលរបស់លោក ដេវីដ រីដឺ អាយុ៦៦ឆ្នាំ ជាជនជាតិអង់គ្លេស និងមិត្តស្រីរបស់ខ្លួន ឈ្មោះ លឹម សារ៉ុន អាយុ៣៤ឆ្នាំនៅផ្ទះសំណាក់ Power House ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក គឹមហួ បានមានប្រសាសន៍ថា នគរបាលបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនបួនកញ្ចប់តូចទម្ងន់៧៧,៨ក្រាម និងបំពង់សម្រាប់ជក់ផងដែរ។
លោកបានបន្ថែមថា នគរបាលសម្ងាត់បានទិញថ្នាំមេតំហ្វេតាមីន ពីអ្នកទាំងពីរនាក់នេះពីរលើកផ្សេងគ្នាក្នុងតម្លៃ១៥០ដុល្លារ រយៈពេលពីរខែ មុនពេលសម្រេចចាប់ខ្លួនកាលពីថ្ងៃសៅរ៍។ លោកបានមានប្រសាសន៍ថា "យើងបានចំណាយពេលជាច្រើនដើម្បីឃ្លាំមើលពួកគេ។
លោក គឹមហួ បានមានប្រសាសន៍ថា លោក រីដឺ ដែលជាជនចូលនិវត្តន៍ ហើយបានមករស់នៅក្នុងក្រុងព្រះសីហនុរយៈពេលប្រាំមួយឆ្នាំមកហើយនោះ បានអះអាងថា ថ្នាំញៀននេះជារបស់ លឹម សារ៉ុន ។
លោក គឹមហួ បានមានប្រសាសន៍ថា "ពួកគេទាំងពីរត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍ ហើយពួកគេត្រូវបានចោទប្រកាន់ពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន"។ លោកបានបន្ថែមថា ឥឡូវនេះពួកគេកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន។
លោក នូ ហួ នាយនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា នៅក្នុងករណីដាច់ដោយឡែកមួយទៀត នគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានចាប់ខ្លួនបុរសម្នាក់ក្នុងក្រុងស្ទឹងត្រែងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជននេះបានជួញដូរថ្នាំមេតំហ្វេតាមីនចំនួន៣.៩៩២គ្រាប់ ឆ្លងកាត់ព្រំដែនពីប្រទេសឡាវ។
លោក នូ ហួ បានមានប្រសាសន៍ថា នគរបាលបានចាប់ផ្តើមសើុបអង្កេតលោក សេក ភក្តី អាយុ៣០ឆ្នាំរយៈពេលប្រាំមួយខែមកហើយ បន្ទាប់ពីពួកគេចាប់ផ្តើមសង្ស័យលើរូបគាត់ពីបទជួញដូរថ្នាំញៀន។
លោកបានមានប្រសាសន៍ថា "ដំបូងគាត់បានជួញដូរសាច់សត្វព្រៃទេ ហើយបន្ទាប់មកបានប្តូរទៅជួញដូរថ្នាំញៀនវិញ"។ លោកបានបន្ថែមថា ភក្តី ត្រូវបានចាប់ខ្លួននៅចម្ការរបស់សាច់ញាតិគាត់ក្នុងសង្កាត់ស្ទឹងត្រែង។
លោក នូ ហួ បានមានប្រសាសន៍ថា ភក្តី ត្រូវបានចោទប្រកាន់ពីបទជួញដូរថ្នាំញៀនកាលពីថ្ងៃសៅរ៍ ហើយកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត៕សារុន
កងរាជអាវុធហត្ថរកឃើញឈើខុសច្បាប់មួយចំនួនធំនៅក្នុងរថយន្តក្រុងដឹកអ្នកដំណើរ
អាជ្ញាធរខេត្តឧត្តរមានជ័យបានរកឃើញឈើប្រណីតមានតម្លៃមួយចំនួនធំនៅក្នុងឃ្លុបដាក់អីវ៉ាន់របស់រថយន្តក្រុងដឹកអ្នកដំណើរកាលពីថ្ងៃសុក្រ ប៉ុន្តែបានអនុញ្ញាតឲ្យអ្នកបើកបរត្រឡប់ទៅវិញ បើទោះជាគាត់បានសារភាពថា បានជួញដូរឈើក៏ដោយ។
លោក អ៊ុន គឹមសេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងចុងកាល់បានប្រសាសន៍ថា ក្រុមហ៊ុនដឹកអ្នកដំណើរ រិទ្ធិ មុនី បានបើកបរពីខេត្តឧត្តរមានជ័យមករាជធានីភ្នំពេញនៅពេលនោះមន្ត្រី របស់លោកត្រូវបានផ្តល់ព័ត៌មានចំពោះទំនិញខុសច្បាប់នេះ។
លោកបានមានប្រសាសន៍ថា "យើងទទួលបានការហៅទូរស័ព្ទអនាមិកថា រថយន្តក្រុងនេះបានដឹកឈើខុសច្បាប់។ យើងបានឃាត់រថយន្តនោះ ហើយបានរកឃើញឈើធ្នង់ និងឈើប្រណីតផ្សេងៗជាច្រើននៅខាងក្នុង"។
លោក គឹម សេង បានមានប្រសាសន៍ថា រថយន្តក្រុងនេះ និងឈើទាំងនោះត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើក្នុងក្រុងសំរោង ហើយអ្នកដំណើរទាំងអស់ត្រូវបានប្រាប់ឲ្យធ្វើដំណើរតាមមធ្យោបាយផ្សេង។
លោក ទៀង ដាវុធ ដែលជាប្រធានខណ្ឌរដ្ឋបាលព្រៃឈើសំរោងបានបញ្ជាក់ថា ឈើទាំងនេះត្រូវបានរក្សាទុកនៅការិយាល័យរបស់លោក រួមមានឈើធ្នង់៨០ដុំ និងឈើប្រណីតផ្សេងៗបីដំុ ទៀត។ ឈើប្រណីតទាំងពីរប្រភេទនោះអាចលក់បានរាប់រយឬរាប់ពាន់ដុល្លារឯណោះក្នុងមួយម៉ែត្រគូប។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានសាកសួរអ្នកបើកបររថយន្តក្រុងនេះ ប៉ុន្តែ បានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញ បន្ទាប់ពីសម្រេចថា គាត់មិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ។
លោកបានមានប្រសាសន៍ថា "យើងបានឃាត់ខ្លួនអ្នកបើកបររថយន្ត បន្ទាប់មកបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ពីព្រោះគាត់មិនជាប់ពាក់ព័ន្ធជាមួយឈើនេះឡើយ។ យើងមានគម្រោងកោះហៅម្ចាស់រថយន្តមកសាកសួរ ពីព្រោះយើងសង្ស័យថា ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធ"។
ទោះជាយ៉ាងណា នៅក្នុងការសាកសួរកាលពីម្សិលមិញ អ្នកបើកបរឈ្មោះ សួស ឡាយហេង បាននិយាយថា តាមពិតគាត់បានយល់ព្រមដឹកឈើនេះពីក្រុងសំរោងទៅឲ្យហាងមួួយក្នុងខេត្តបាត់ដំបងក្នុងតម្លៃ៨០ដុល្លារ បន្ទាប់ពីបានព្រមព្រៀងជាមួយស្ត្រីម្នាក់ដែលគាត់អះអាងថា មិនស្គាល់ឈ្មោះ។
គាត់បាននិយាយថា "រដ្ឋបាលព្រៃឈើបានអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញ ហើយថា ខ្ញុំត្រូវបង់ប្រាក់ពិន័យសម្រាប់ឈើដែលរឹបអូសនោះ។ ខ្ញុំនឹងបង់ ប៉ុន្តែ ពួកគេមិនបានប្រាប់ខ្ញុំថា ត្រូវបង់ប៉ុន្មានឡើយ"។
នៅពេលត្រូវបានសួរអំពីករណីលោក ឡាយហេង លោក កូយ កាន់យ៉ា នៅតែអះអាងថា អ្នកបើកបររថយន្តរូបនេះមិនទទួលខុសត្រូវទេ ហើយថា អាជ្ញាធរបានផ្តោតការប្រឹងប្រែងរបស់ខ្លួនស្វែងរកម្ចាស់ឈើ។
លោក ប៉ាង រឹម ដែលជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនរិទ្ធិមុនីក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា យ៉ាងណាក៏ដោយលោក ឡាយហេង នឹងត្រូវបណ្តេញចេញចំពោះការរំលោភគោលការណ៍របស់ក្រុមហ៊ុន។
លោកបានមានប្រសាសន៍ថា "ខ្ញុំតែងតែប្រាប់អ្នកបើកបររថយន្តទាំងអស់គ្រប់ការប្រជុំកុំឲ្យរំលោភបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយថា យើងនឹងបណ្តេញនរណាដែលមិនអនុវត្តតាមភារកិច្ចរបស់ខ្លួន។ ខ្ញុំបានហៅលោក ឡាយហេងមកប្រាប់ថា ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះករណីនេះទេ ហើយថា គាត់ត្រូវតែយករថយន្តមកវិញ"៕សារុន
តុលាការដោះលែងស្ត្រីម្នាក់ដែលចាក់ប្លន់អ្នករត់ម៉ូតូឌុបនៅខេត្តស្វាយរៀង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
មន្ត្រីតុលាការម្នាក់បាននិយាយកាលពីម្សិលថា ស្ត្រីអាយុ២០ឆ្នាំម្នាក់មកពីខេត្តស្វាយរៀងដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពីបទចាក់ប្លន់អ្នករត់ម៉ូតូឌុបម្នាក់នោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃសុក្រ។
យោងតាមនគរបាលបានឲ្យដឹងថា ខុន ស្រីឌី ជាកម្មការិនីរោងចក្រកាត់ដេរ បានប៉ុនប៉ងប្លន់ រិន ភិរម្យ អាយុ១៧ឆ្នាំ កាលពីថ្ងៃទី២៥ ខែធ្នូ បន្ទាប់ពីនាងចាញ់ល្បែងអស់ប្រាក់ដែលទុកសម្រាប់រៀបការនៅពេលខាងមុខ។នៅពេលអ្នករត់ម៉ូតូឌុបតដៃ នាងបានចាក់មួយកាំបិតត្រង់ពោះ ដែលកាំបិតនោះនាងបានទិញពីផ្សារកាលពីព្រឹកថ្ងៃនោះ។
កាលពីថ្ងៃទី២៧ ខែធ្នូ សាលាដំបូងខេត្តស្វាយរៀងបានចោទប្រកាន់ ស្រីឌី ពីបទប្លន់និងមានទាំងការប្រើអំពើហិង្សាផង។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា ប៉ុន្តែនាងត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃសុក្របន្ទាប់ពីក្រុមគ្រួសាររបស់នាងបានបង់ប្រាក់សុំនៅក្រៅឃុំ។
លោក ហ៊ឹង ប៊ុនជា បានមានប្រសាសន៍ថា "យើងបានសម្រេចដោះលែងនាងឲ្យនៅក្រៅឃុំកាលពីរសៀលថ្ងៃសុក្រ ពីព្រោះក្រុមគ្រួសាររបស់នាងបានបង់ប្រាក់៤លានរៀល ហើយដោយសារនាងនឹងត្រូវរៀបការនៅថ្ងៃទី១៥ ខែមករា"។ លោកបានសង្កត់ធ្ងន់ថា តុលាការកំពុងធ្វើការស៊ើបអង្កេត ស្រីឌី នៅឡើយ។
លោក កែវ សុថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដែលបានដឹកនាំការស៊ើបអង្កេតករណីនេះបានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការ ដោយលើកឡើងថា ជនសង្ស័យរូបនេះ បានសារភាពចំពោះឧក្រិដ្ឋនេះភ្លាមៗបន្ទាប់ពីការចាប់ខ្លួន។ លោកបានមានប្រសាសន៍ថា "តើឯណាទៅយុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះ?”។
យោងតាមលោក សុថា បានឲ្យដឹងថា ភិរម្យ កំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យបង្អែកខេត្តនៅឡើយ។
លោក ប្រាក់ សារ៉ន អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តស្វាយរៀងបានមានប្រសាសន៍ថា ឪពុកម្តាយ ស្រីឌី បានដាក់ពាក្យបណ្តឹងមកអង្គការរបស់លោកបន្ទាប់ពីនាងត្រូវបានចាប់ខ្លួន ដោយលើកឡើងថា កូនស្រីរបស់គាត់បានចាក់ ភិរម្យ បន្ទាប់ពីជននេះបានប៉ុនប៉ងរំលោភនាងតែប៉ុណ្ណោះ។
លោក សារ៉ន បានមានប្រសាសន៍ថា "ឪពុកម្តាយជនសង្ស័យរូបនេះបានអះអាងថា កូនស្រីរបស់គាត់បានតដៃដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ ពួកគាត់មានគម្រោងដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងអ្នករត់ម៉ូតូឌុបរូបនេះនៅពេលឆាប់ៗតាមដែលអាចធ្វើទៅបាន"។
លោក សារ៉ន បានមានប្រសាសន៍ថា ឪពុកម្តាយ ស្រីឌី ក៏បានបដិសេធការដែលថា កូនស្រីរបស់គាត់បានលេងល្បែងចាញ់អស់ប្រាក់ដែលក្រុមគ្រួសារកូនកម្លោះបានផ្តល់ឲ្យទុកសម្រាប់រៀបការផងដែរ ហើយបានអះអាងថា នាងបានទិញកាំបិតនោះដើម្បីទុកធ្វើម្ហូបតែប៉ុណ្ណោះ។ ក្រុមគ្រួសារ ស្រីឌី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕សារុន
សាកសពឆេះខ្លោចចំនួនពីរត្រូវបានប្រទះឃើញនៅព្រំដែនកម្ពុជា-ថៃ
មន្ត្រីកម្ពុជាបានលើកឡើងកាលពីថ្ងៃសុក្រថា ពេលនេះខ្លួនកំពុងរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យក្នុងក្រុងបាងកក ដើម្បីកំណត់ឲ្យដឹងថា តើសាកសពឆេះខ្លោចចំនួនពីរដែលត្រូវបានប្រទះឃើញនៅព្រំដែនខាងប្រទេសថៃ ជាសពបុរសខ្មែរពីរនាក់ដែលបាត់ខ្លួន ឬយ៉ាងណា។
លោក ពេជ្រ វណ្ណា នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានមានប្រសាសន៍ថា សាកសពទាំងនេះត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋមូលដ្ឋានក្នុងខេត្តស្រះកែវ ប្រទេសថៃ ក្បែរព្រំដែនជាប់ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃពុធ។
ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានមានប្រសាសន៍ថា "យើងគ្រាន់តែដឹងថា មនុស្សពីរនាក់ស្លាប់ ហើយត្រូវភ្លើងឆេះស្ទើរតែអស់ប៉ុណ្ណោះ។ ពេលយើងសាកសួរទៅអាជ្ញាធរថៃពួកគេឆ្លើយថា ពួកគេមិនដឹងថា មានអ្វីកើតឡើងទេ"។
លោកបានមានប្រសាសន៍ថា ការិយាល័យរបស់លោកនៅមិនទាន់ដឹងពីសញ្ជាតិរបស់អ្នកស្លាប់នៅឡើយទេ ប៉ុន្តែ សង្ស័យថា ពួកគេជាពលរដ្ឋខ្មែរ ពីព្រោះបុរសពីរនាក់ត្រូវបានក្រុមគ្រួសាររាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃសុក្រ។
លោកបានបន្តថា "ភាគច្រើនយើងសង្ស័យថា ជនរងគ្រោះជាពលរដ្ឋខ្មែរ ពីព្រោះក្រុមគ្រួសាររបស់ពួកគាត់បានប្តឹង ទៅសាលាស្រុកសំពៅលូន និងមកការិយាល័យរបស់យើង ហើយពួកគាត់បានអះអាងថា ជនរងគ្រោះជាសមាជិកគ្រួសាររបស់ពួកគាត់ ពីព្រោះពួកគេបានបាត់ខ្លួនក្នុងពេលថ្មីៗនេះ"។
កសិករឈ្មោះ វឿន បៀន អាយុ៣០ឆ្នាំបាននិយាយថា គ្រួសាររបស់គាត់បានប្តឹងថា បងប្រុសរបស់គាត់ឈ្មោះ វឿន ទី អាយុ៣៦ឆ្នាំ និងប្អូនជីដូនមួយឈ្មោះ សៅ រស់ អាយុ២១ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីថៅកែរបស់ពួកគេបានផ្តល់ដំណឹងទៅក្រុមគ្រួសារ។ លោក វឿន បៀន និយាយថា "យើងមានគម្រោងដាក់ពាក្យប្តឹងជាផ្លូវការ ”។
ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃសុក្រ លោកបានព្យាយាមដឹកនាំក្រុមការងារមួយក្រុមទៅកាន់កន្លែងប្រទះឃើញសាកសពទាំងនេះ ប៉ុន្តែ អាជ្ញាធរថៃក្នុងមូលដ្ឋានមិនឲ្យពួកគេចូលទេ ដោយសារតែគ្មានបញ្ជាពីថ្នាក់លើដើម្បីអនុញ្ញាតឲ្យពួកគេចូលទៅក្នុងប្រទេសថៃ។
លោកបានបន្ថែមថា លោកបានផ្ញើលិខិតមួយច្បាប់ទៅការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅក្នុងប្រទេសថៃ ដើម្បីស្នើសុំចូល ហើយរំពឹងថា នឹងទទួលបានការឆ្លើយតបនៅថ្ងៃសៅរ៍។
លោក នេត សារី អគ្គកុងស៊ុលរបស់កម្ពុជាប្រចាំខេត្តស្រះកែវ បានមានប្រសាសន៍ថា ការិយាល័យរបស់លោកកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីពិនិត្យសាកសពទាំងនេះ។ លោកបានបញ្ជាក់ថា អាជ្ញាធរថៃបានបញ្ជូនសាកសពដែលឆេះទៅកាន់ក្រុងបាងកកដើម្បីធ្វើកោសល្យវិច័យនៅទីនោះ។ យើងមិនដឹងថា ពេលណាពួកគេនឹងទទួលបានលទ្ធផលទេ"៕សុខុម
ថៃនឹងបើកច្រកព្រំដែនអានសេះឡើងវិញនៅថ្ងៃនេះ
ក្រុមមន្ត្រីបានឲ្យដឹងថា ច្រកព្រំដែនអានសេះផ្នែកខាងប្រទេសថៃដែលថៃបានបិទកាលពីចុងខែមុន ដើម្បីឆ្លើយតបនឹងការស្ថាបនាផ្លូវក្នុងផ្នែកខាងប្រទេសកម្ពុជានឹងបើកឡើងវិញនៅថ្ងៃនេះក្រោយពេលមានកិច្ចប្រជុំមួយរវាងមន្ត្រីកម្ពុជា និងមន្ត្រីថៃកាលពីម្សិលមិញ។
លោក នួន នៅ មេបញ្ជាការរងកងពលធំលេខ៤ ដែលក៏បានចូលរួមនៅក្នុងកិច្ចប្រជុំដែរនោះបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងរវាងលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងលោក សឺម ឆៃណារ៉ុង (Serm Chainarong) អភិបាលខេត្ត អ៊ូប៊ុន រ៉ាតថានី ដែលស្ថិតនៅក្បែរខេត្តព្រះវិហារ ក៏ដូចជាតំណាងកងទ័ពមកពីភាគីទាំងពីរផងដែរ។
លោក នួន នៅ បានលើកឡើងបន្តថា កិច្ចប្រជុំនេះផ្តោតលើការស្ថាបនាផ្លូវ ហើយថា ភាគីខាងថៃបានយល់ព្រមបើកច្រកព្រំដែនឡើងវិញនៅម៉ោង៩ព្រឹកថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា "ភាគីខាងថៃបាននិយាយថា នៅថ្ងៃក្រោយ ប្រសិនបើយើងចង់ធ្វើផ្លូវនៅខាងផ្នែករបស់យើង យើងចាំបាច់ត្រូវជូនដំណឹងដល់ប្រទេសថៃជាមុនសិន"។ លោកបានបន្ថែមថា មន្ត្រីកម្ពុជាបានយល់ព្រមធ្វើដូច្នោះ។
កាលពីថ្ងៃទី២៨ ខែធ្នូ ទាហានថៃបានទៅប្រាប់ឲ្យកម្មករស្ថាបនាផ្លូវកម្ពុជាបញ្ឈប់ការងាររបស់ខ្លួន ព្រោះពួកគេស្ថិតនៅក្នុងតំបន់មានជម្លោះ ហើយកំពុងរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាដែលមានការឯកភាពគ្នាថា មិនអភិវឌ្ឍតំបន់នេះ នេះបើយោងតាមលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានលើកឡើងនៅពេលនោះ។
លោក គឹមសេង បានលើកឡើងបន្ថែមនៅពេលនោះថា នៅពេលការងារស្ថាបនាផ្លូវនៅតែបន្ត ទាហានថៃបានបិទច្រកព្រំដែនខាងផ្នែករបស់ខ្លួន ហើយបន្ទាប់មកពួកគេបានបញ្ជូនទាហានប្រមាណ២០០នាក់បន្ថែមទៀតចូលមកតំបន់ព្រំដែននេះ។
លោក គឹមសេង បានឲ្យដឹងបន្តកាលពីម្សិលមិញថា មន្ត្រីដែលទៅចូលរួមកិច្ចប្រជុំបានសម្រេចបើកច្រកព្រំដែនឡើងវិញព្រោះវានឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍នៃប្រទេសទាំងពីរ។ លោកបានមានប្រសាសន៍ថា "កិច្ចប្រជុំគឺវាមានផ្លែផ្កាសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរនៅតាមព្រំដែន និងខេត្តដែលនៅក្បែរៗនោះ ព្រោះវានឹងមានការដោះដូរទំនិញគ្នាឡើងវិញ"៕ស៊ុយឈាង
កម្មករជាច្រើននាក់ដួលសន្លប់នៅរោងចក្រកាត់ដេរមួយក្នុងខេត្តកណ្តាល
យោងតាមតំណាងរោងចក្របានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរជាង៦០នាក់បានដួលសន្លប់នៅរោងចក្រកាត់ដេរ Sun Best ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីព្រឹកម្សិលមិញ។
លោកស្រី ង៉ែត សុភ័ក្ត្រ តំណាងរោងចក្របានមានប្រសាសន៍ថា លោកស្រីជឿថា កម្មការិនី៦៦នាក់ បានដួលសន្លប់ដោយការភិតភ័យបន្ទាប់ពីការទុស្សេខ្សែភ្លើងពីរដង បណ្តាលកឲ្យបែកផ្កាភ្លើងនៅរោងចក្រនេះនាព្រឹកនោះ។
លោកស្រីបានមានប្រសាសន៍ថា នៅពេលទុស្សេខ្សែភ្លើងម្ដងទៀត កម្មការិនីម្នាក់បានរត់ចេញ ហើយបានដួលសន្លប់ដោយសារនាងភិតភ័យពីការទុស្សេខ្សែភ្លើងនោះ ហើយកម្មការិនីផ្សេងទៀតដែលមកចោមរោមមើលនាងក៏បានដួលសន្លប់ផងដែរ ពីព្រោះពួកគេបានឃើញម្នាក់ដួលសន្លប់"។
លោកស្រី សុភ័ក្ត្រ បានមានប្រសាសន៍ថា កម្មការិនីទាំង៦៦នាក់ ត្រូវបានដឹកទៅព្យាបាលនៅមណ្ឌលសុខភាពស្រុក និងគ្លីនិកឯកជន...
ការសាងសង់អគារខុនដូថ្មីចំនួនពីរគ្រោងនឹងចាប់ផ្ដើមនៅត្រីមាសទី១ ដើមឆ្នាំ២០១៥
វិស័យអគារខុនដូដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា មិនបង្ហាញសញ្ញានៃការបង្អង់ល្បឿននោះទេ ដោយការសាងសង់អគារខុនដូថ្មីចំនួនពីរគ្រោងនឹងចាប់ផ្ដើមនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលទីផ្សារកាលពីខែធ្នូរបស់ក្រុមហ៊ុនអចលនទ្រព្យ ស៊ីប៊ី រីឆាដ អេលីស (CB Richard Ellis) ដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា ការសាងសង់អគារភ្លោះស្កាយ វីឡា ថៅវើ (Sky Villa Tower) ដែលមាន២៥៤បន្ទប់ (Unit) នៅជិតពហុកីឡាដ្ឋានអូឡាំពិក និងអគារសុវណ្ណ ខុនដូ (Sovann Condominuim) ដែលមាន១០៤បន្ទប់...
និស្សិតពេទ្យនាំគ្នាតវ៉ាទាមទារឲ្យមានការបញ្ចុះថ្លៃបង់សម្រាប់ការប្រឡងចេញ
និស្សិតពេទ្យប្រហែល៥០នាក់ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលគ្រប់គ្រងដោយរដ្ឋបាននាំគ្នាតវ៉ានៅខាងក្រៅសាលាពេទ្យនេះកាលពីម្សិលមិញ ដើម្បីទាមទារឲ្យមានការបញ្ចុះថ្លៃបង់សម្រាប់ការប្រឡងចេញ ដែលពួកគេសព្វថ្ងៃត្រូវបង់១២៥ដុល្លារនោះ។
ក្រសួងសុខាភិបាលបានចាប់ផ្តើមឲ្យនិស្សិតពេទ្យមានការប្រឡងចេញជាលើកដំបូងកាលពីខែមេសាឆ្នាំ២០១៤ ជាផ្នែកនៃការខិតខំប្រឹងប្រែងមួយដើម្បីធ្វើកំណែទម្រង់វិស័យសុខាភិបាលនៅកម្ពុជា។
លោក ឆុង រស្មី និស្សិតពេទ្យឆ្នាំទី៨ ដែលកំពុងត្រៀមខ្លួនប្រឡងចេញដើម្បីក្លាយជាគ្រូពេទ្យព្យាបាលជំងឺទូទៅបានលើកឡើងថា អ្នកដែលមិនទាន់ប្រឡងចេញមិនសប្បាយចិត្តឡើយ ព្រោះថា ពួកគេត្រូវបង់ថ្លៃប្រឡងដែលខ្ពស់បែបនេះ ដើម្បីក្លាយជាគ្រូពេទ្យ ហើយឥឡូវកំពុងតែទាមទារឲ្យមានការបញ្ចុះថ្លៃចុះមកត្រឹម៧៥ដុល្លារ។
លោកបាននិយាយថា "ប្រសិនបើក្រសួងសុខាភិបាល និងរដ្ឋាភិបាលចង់ធ្វើឲ្យវិស័យសុខាភិបាលមានគុណភាព ពួកគេត្រូវតែប្រើប្រាស់ថវិកាជាតិមកគាំទ្រវិស័យនេះ។ ពួកគេមិនត្រូវប្រមូលប្រាក់ពីយើងដើម្បីធ្វើឲ្យការអប់រំរបស់យើងបានប្រសើរនោះឡើយ"។
លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាវេជ្ជសាស្ត្រកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ។
លោក រស្មី ដែលមានអាយុ២៨ឆ្នាំបានលើកឡើងទៀតថា អ្នកដែលកំពុងសិក្សាដើម្បីក្លាយជាគ្រូពេទ្យព្យាបាលជំងឺទូទៅបានចំណាយប្រាក់ប្រហែល១.០០០ដុល្លារក្នុងមួយឆ្នាំសម្រាប់បង់ថ្លៃសាលា ហើយទទួលបានប្រាក់ខែមកវិញទាបនៅពេលពួកគេបញ្ចប់ការសិក្សា ដែលជាហេតុធ្វើឲ្យពួកគេត្រូវប្រមូលប្រាក់មកវិញឲ្យស័ក្តិសមនឹងអ្វីដែលពួកគេបានចំណាយតាមរយៈការប្រព្រឹត្តិអំពើពុករលួយ។ លោកបាននិយាយថា "គ្រូពេទ្យនឹងក្បត់ឧត្តមគតិរបស់ខ្លួន ព្រោះពួកគេបានចំណាយពេលវេលាយូរក្នុងការសិក្សា ហើយក៏ចំណាយប្រាក់អស់ច្រើនដែរ។ នៅពេលប្រឡងចេញរួច ខ្ញុំនឹងប្រមូលប្រាក់នោះត្រឡប់មកវិញ"។
លោក អឹុង ព្រហស្បតិ៍ ប្រធានស្តីទីនៃគណៈកម្មការសុខភាពកម្ពុជា ជាអង្គការធ្វើការដើម្បីធ្វើឲ្យវិស័យសុខាភិបាលមានភាពប្រសើរឡើងបានលើកឡើងថា ការប្រឡងចេញចាំបាច់ត្រូវតែធានាឲ្យបានថា និស្សិតពេទ្យដែលប្រឡងចេញទៅមានចំណេះដឹងប្រកបដោយស្តង់ដារខ្ពស់។
លោកបានមានប្រសាសន៍ថា "ប្រសិនបើការប្រឡងមានការរៀបចំត្រឹមត្រូវ នោះគឺជារឿងល្អ។ ប៉ុន្តែ ប្រសិនបើនិស្សិតផ្តល់ប្រាក់សំណូកដើម្បីប្រឡងជាប់ នោះគឺជាគុណវិបត្តិ"។
លោក អឹុង ព្រហស្បតិ៍ បានលើកឡើងបន្ថែមទៀតថា ប្រសិនបើថ្លៃបង់សម្រាប់ការប្រឡងចេញប្រមាណ១២៥ដុល្លារនេះ ត្រូវបានយកទៅបន្ថែមពីលើប្រាក់ខែសម្រាប់បុគ្គលិកនៅសាលាពេទ្យនេះវិញ អ៊ីចឹងវាប្រហែលជាអាចធានាបានថា គ្រូពេទ្យនឹងមិនយកសំណូកដើម្បីជួយឲ្យនិស្សិតប្រឡងជាប់ឡើយ។
និស្សិតពេទ្យដែលនាំគ្នាតវ៉ាកាលពីម្សិលមិញ ក៏ទាមទារឲ្យមានការដំឡើងអាយុសម្រាប់អ្នកដែលមានបំណងធ្វើការនៅក្នុងមន្ទីរពេទ្យរបស់រដ្ឋផងដែរ។
បច្ចុប្បន្ន គ្រូពេទ្យដែលប្រឡងចេញមិនអាចដាក់ពាក្យទៅបម្រើការតាមមន្ទីរពេទ្យរដ្ឋបានទេ ប្រសិនបើពួកគេមានអាយុលើសពី៣០ឆ្នាំ។ និស្សិតពេទ្យទាំងនេះចង់ឲ្យមានការដំឡើងអាយុដល់៣៥ឆ្នាំ។ លោក អឹុង ព្រហស្បតិ៍ បានមានប្រសាសន៍ថា "ខ្ញុំមិនដែលដឹងអំពីមូលហេតុនៅពីក្រោយបញ្ហានេះឡើយ។ វាគួរតែមានការដំឡើងអាយុដល់យ៉ាងតិច៤០ឆ្នាំ"៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Alex Consiglio)
លោក កឹម សុខា បដិសេធការអះអាងរបស់ជំនួយការពេលលោកត្រឡប់មកពីតំបន់អឺរ៉ុប
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីម្សិលមិញជាលើកដំបូងស្តីពីការបណ្តេញជំនួយការផ្ទាល់របស់លោកចេញពីគណបក្សប្រឆាំងនេះ កាលពីសប្តាហ៍មុន ដោយបដិសេធការអះអាងរបស់អតីតមន្ត្រីរូបនេះដែលថា លោកបានចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីបទពុករលួយ។
លោកស្រី ឡាក់ សុភាព ដែលជាជំនួយការបស់លោក កឹម សុខា អនុប្រធានរដ្ឋសភា ត្រូវបានបណ្តេញចេញពីគណបក្សសង្គ្រោះជាតិបន្ទាប់ពីបានអះអាងជាសាធារណៈថា លោក សម រង្ស៊ី បានយកលុយ២០លានដុល្លារដោយខុសច្បាប់។
ក្រោយមកលោកស្រី ឡាក់ សុភាព បានមានប្រសាសន៍ថា លោកស្រីគ្រាន់តែនិយាយតាមអ្វីដែលលោកស្រីបានឃើញលោក កឹម សុខា ថ្លែងនៅជំនួបរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។
ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីធ្វើដំណើរទៅតំបន់អឺរ៉ុបរយៈពេលពីរសប្តាហ៍ដើម្បីជួបជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្រៅប្រទេស និងរៃអង្គាសមូលនិធិ លោក កឹម សុខា បានបដិសេធថា លោកមិនដែលបានលើកឡើងពីបញ្ហានេះទេ។
លោក កឹម សុខា បានមានប្រសាសន៍ថា "គឺអ្នកស្រី សុភាព ខ្លួនឯងទេ ដែលបាននិយាយពីរឿងនេះ មិនមែនខ្ញុំទេដែលបាននិយាយពីរឿងនេះនោះ។ ខ្ញុំគ្រាន់តែប្រាប់លោកស្រីឲ្យរកការពិត និងភ័ស្តុតាងមុនយើងនិយាយពីអ្វីមួយ ជាជាងនិយាយដោយគ្មានភ័ស្តុតាង និងការពិត"។
លោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីការដកលោកស្រី ឡាក់ សុភាព សមាជិកគណបក្សប្រឆាំងជាយូរមកហើយ ដែលបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅពេលគណបក្សនេះបានច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី ។
លោកបានមានប្រសាសន៍ថា "ខ្ញុំបានឃើញរបាយការណ៍របស់គណៈកម្មាធិការវិន័យ ហើយរបាយការណ៍នេះអនុវត្តតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប៉ុន្តែ យើងនឹងពិចារណាអំពីរបាយការណ៍នេះ និងបន្តពិភាក្សាជាមួយមេដឹកនាំរបស់យើង ហើយបន្ទាប់មកខ្ញុំអាចបកស្រាយបញ្ជាក់"។
អនុប្រធានគណបក្សរូបនេះ ក៏បានលើកឡើងអំពីការយាងត្រឡប់មកវិញរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មកកាន់តួនាទីជាប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចវិញ ដោយផ្តល់យោបល់ដល់គណបក្សរាជានិយមនេះ ដែលបានឈ្នះការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ប៉ុន្តែ ចាប់តាំងពីពេលនោះមកបានធ្លាក់ចុះសំឡេងឆ្នោតយ៉ាងខ្លាំង។
លោក កឹម សុខា បានមានប្រសាសន៍ថា "សូមរួមគ្នាបម្រើប្រជាជនខ្មែរ កុំរួមគ្នាបម្រើអ្នកដែលមិនបម្រើប្រជាជន"។ លោក កឹម សុខា ក៏បានវាយបកចំពោះការអះអាងដែលបានចុះផ្សាយតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកនៅសប្តាហ៍នេះ ដែលថាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងកោះហៅ រូបលោក និងលោក សម រង្ស៊ី ឲ្យមកកាន់រដ្ឋសភាដើម្បីសាកសួរអំពីការជាប់ពាក់ព័ន្ធក្នុងការជំរុញឲ្យកម្មកររោងចក្រកាត់ដេរធ្វើកូដកម្មទូទាំងប្រទេសកាលពីឆ្នាំមុន។
លោក កឹម សុខា បានមានប្រសាសន៍ថា "មិនមានការអញ្ជើញសមាជិកសភាទេ។ មានតែសមាជិកសភាប៉ុណ្ណោះកោះអញ្ជើញរដ្ឋាភិបាល។ ខ្ញុំនៅសភាស្រាប់ហើយ។ មិនចាំបាច់អញ្ជើញខ្ញុំទេ។ ខ្ញុំអាចនិយាយបាន"៕សារុន
មនុស្សជាង៦០នាក់នាំគ្នាប្រើអំពើហិង្សានៅខាងក្រៅផែស្ងួតមួយ បន្ទាប់ពីមនុស្សម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សជាង៦០នាក់បាននាំគ្នាបង្កអំពើហិង្សានៅខាងមុខផែស្ងួតរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយក្នុងខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃពុធ បន្ទាប់ពីរថយន្តកុងទឺន័ររបស់ក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានមនុស្សស្លាប់។
លោក ហេង កុសល នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ បានឲ្យដឹងថា នៅម៉ោងប្រហែល៥ល្ងាច កាលពីថ្ងៃពុធ ក្បាលកុងទឺន័រដែលបើកបរដោយបុគ្គលិកម្នាក់របស់ក្រុមហ៊ុន អាហរ័ណនីហរ័ណ តិច ស្រ៊ុន និងផែស្ងួត នៅក្នុងសង្កាត់ចោមចៅបានបទស្តាំសំដៅចូលទៅក្នុងផែស្ងួតដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤។
លោក ហេង កុសល បានមានប្រសាសន៍ថា "នៅពេលក្បាលកុងទឺន័របត់ស្តាំ ម៉ូតូមួយគ្រឿងបានបុកទៅនឹងផ្នែកខាងស្តាំរបស់ក្បាលកុងទឺន័រនេះ"។
អ្នកស្រី ទឹម សុលក្ខិណា អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូបានខ្ទាតទៅចិញ្ចើមផ្លូវ ហើយបោកក្បាលនឹងថ្មរួចស្លាប់ភ្លាមៗ។
លោក ហេង កុសល បានលើកឡើងបន្តថា កូនប្រុសអាយុ២ឆ្នាំរបស់អ្នកស្រី សុលក្ខិណា និងស្ត្រីអ្នកដំណើរម្នាក់ទៀតអាយុ២០ឆ្នាំ ដែលគេមិនស្គាល់អត្តសញ្ញាណ ក៏រងរបួសដែរ។ លោកបានបន្ថែមថា ស្ត្រីទាំងពីរនាក់នេះសុទ្ធតែជាកម្មការិនីកាត់ដេរនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មក អ្នកបើកបរកុងទឺន័របានចតក្បាលកុងទឺន័រនេះនៅក្នុងបរិវេណផែស្ងួត រួចគេចខ្លួនបាត់។
លោកបានលើកឡើងបន្ថែមទៀតថា នៅម៉ោងប្រហែល៧ល្ងាច មនុស្សជាង៦០នាក់បាននាំគ្នាយកសព្វរបស់អ្នកស្រី សុលក្ខិណា ដាក់នៅខាងមុខខ្លោងទ្វារចូលផែស្ងួតដើម្បីទាមទារឲ្យតំណាងក្រុមហ៊ុនទទួលខុសត្រូវចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ខណៈក្មេងប្រុស និងស្ត្រីដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ។
នៅពេលគ្មាននរណាចេញមក ក្រុមមនុស្សទាំងនេះបានចាប់ផ្តើមគប់ដុំថ្ម ហើយមន្ត្រីនគរបាលត្រូវបានហៅឲ្យមកកន្លែងកើតហេតុនេះ។
លោកបានមានប្រសាសន៍ថា "មានមន្ត្រីនគរបាលពីរបីនាក់មក ប៉ុន្តែ ក្រុមមនុស្សពោរពេញទៅដោយកំហឹងមានដល់ទៅ៦០នាក់ឯណោះ ហេតុដូច្នេះយើងមិនអាចរារាំងពួកគេកុំ ឲ្យប្រើអំពើហិង្សាបាននោះទេ"។
លោក តាំង អាន នាយការិយាល័យនគរបាលចរាចររាជធានីដែលបានមកដល់កន្លែងកើតហេតុដើម្បី ត្រួតពិនិត្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានលើកឡើងថា មន្ត្រីនគរបាលខណ្ឌម្នាក់បានរងរបួសស្រាល ហើយថា រថយន្តនគរបាលចំនួនពីរគ្រឿងបានរងការខូចខាតដោយសារការគប់ដុំថ្ម។
លោកបានមានប្រសាសន៍ថា "អំពើហិង្សាកើតឡើងព្រោះគ្មាននរណាស្តាប់យើង"។ លោកបានបន្ថែមថា គ្មានការចាប់ខ្លួននរណាម្នាក់ឡើយ។
លោក តាំង អាន បានលើកឡើងទៀតថា នគរបាលនៅតែព្យាយាមដើម្បីកំណត់ថា តើនរណាត្រូវទទួលខុសត្រូវចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។ លោកបានមានប្រសាសន៍ថា "យើងមិនច្បាស់ទេថា តើនរណាខុស នរណាត្រូវ"។
លោក ប៊ុន សុធា អ្នកគ្រប់គ្រងផែស្ងួតនេះបានលើកឡើងថា ក្រុមហ៊ុនយល់ព្រមផ្តល់ប្រាក់សំណងដល់គ្រួសាររបស់អ្នកស្រី សុលក្ខិណា។ លោកបានមានប្រសាសន៍ថា "យើងនឹងទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ ក្រុមហ៊ុនធានារ៉ាប់រងកំពុងចរចាប្រាក់សំណងជាមួយគ្រួសារជនរងគ្រោះហើយ"។
ទោះជាយ៉ាងណា លោក សុធា បានបដិសេធមិនប្រាប់ពីអត្តសញ្ញាណរបស់អ្នកបើកបរកុងទឺន័រនោះឡើយ។ លោកបានមានប្រសាសន៍បន្ថែមថា "បន្ទាប់ពីកើតហេតុរួច គាត់បានបើករថយន្តចូលក្នុងផែស្ងួតមុនពេលរត់គេចខ្លួនបាត់។ ខ្ញុំមិនដឹងថា គាត់រត់ទៅទីណានោះទេ"។
លោក សុធា បានលើកឡើងទៀតថា ក្រុមមនុស្សនៅខាងក្រៅផែស្ងួតបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនដោយគប់ដុំថ្ម និងយកសាំងដុត។ លោកបានមានប្រសាសន៍ថា "អ្នកតវ៉ាបានដុតប៉ុស្តិ៍យាមរបស់យើង ហើយបានបំផ្លាញប្រអប់ភ្លើងដោយធ្វើឲ្យក្រុមហ៊ុនរបស់យើងងងឹតពេញមួយយប់។ យើងនឹងមិនដាក់ពាក្យប្តឹងពួកគេឡើយ ព្រោះយើងមិនចង់មានបញ្ហាណាមួយបន្ថែមទៀតឡើយ"៕ស៊ុយឈាង
Latest news
© 2021, ដេលី. All rights reserved.

