អាជ្ញាធរខេត្តឧត្តរមានជ័យបានរកឃើញឈើប្រណីតមានតម្លៃមួយចំនួនធំនៅក្នុងឃ្លុបដាក់អីវ៉ាន់របស់រថយន្តក្រុងដឹកអ្នកដំណើរកាលពីថ្ងៃសុក្រ ប៉ុន្តែបានអនុញ្ញាតឲ្យអ្នកបើកបរត្រឡប់ទៅវិញ បើទោះជាគាត់បានសារភាពថា បានជួញដូរឈើក៏ដោយ។
លោក អ៊ុន គឹមសេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងចុងកាល់បានប្រសាសន៍ថា ក្រុមហ៊ុនដឹកអ្នកដំណើរ រិទ្ធិ មុនី បានបើកបរពីខេត្តឧត្តរមានជ័យមករាជធានីភ្នំពេញនៅពេលនោះមន្ត្រី របស់លោកត្រូវបានផ្តល់ព័ត៌មានចំពោះទំនិញខុសច្បាប់នេះ។
លោកបានមានប្រសាសន៍ថា “យើងទទួលបានការហៅទូរស័ព្ទអនាមិកថា រថយន្តក្រុងនេះបានដឹកឈើខុសច្បាប់។ យើងបានឃាត់រថយន្តនោះ ហើយបានរកឃើញឈើធ្នង់ និងឈើប្រណីតផ្សេងៗជាច្រើននៅខាងក្នុង”។
លោក គឹម សេង បានមានប្រសាសន៍ថា រថយន្តក្រុងនេះ និងឈើទាំងនោះត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើក្នុងក្រុងសំរោង ហើយអ្នកដំណើរទាំងអស់ត្រូវបានប្រាប់ឲ្យធ្វើដំណើរតាមមធ្យោបាយផ្សេង។
លោក ទៀង ដាវុធ ដែលជាប្រធានខណ្ឌរដ្ឋបាលព្រៃឈើសំរោងបានបញ្ជាក់ថា ឈើទាំងនេះត្រូវបានរក្សាទុកនៅការិយាល័យរបស់លោក រួមមានឈើធ្នង់៨០ដុំ និងឈើប្រណីតផ្សេងៗបីដំុ ទៀត។ ឈើប្រណីតទាំងពីរប្រភេទនោះអាចលក់បានរាប់រយឬរាប់ពាន់ដុល្លារឯណោះក្នុងមួយម៉ែត្រគូប។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានសាកសួរអ្នកបើកបររថយន្តក្រុងនេះ ប៉ុន្តែ បានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញ បន្ទាប់ពីសម្រេចថា គាត់មិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ។
លោកបានមានប្រសាសន៍ថា “យើងបានឃាត់ខ្លួនអ្នកបើកបររថយន្ត បន្ទាប់មកបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ពីព្រោះគាត់មិនជាប់ពាក់ព័ន្ធជាមួយឈើនេះឡើយ។ យើងមានគម្រោងកោះហៅម្ចាស់រថយន្តមកសាកសួរ ពីព្រោះយើងសង្ស័យថា ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធ”។
ទោះជាយ៉ាងណា នៅក្នុងការសាកសួរកាលពីម្សិលមិញ អ្នកបើកបរឈ្មោះ សួស ឡាយហេង បាននិយាយថា តាមពិតគាត់បានយល់ព្រមដឹកឈើនេះពីក្រុងសំរោងទៅឲ្យហាងមួួយក្នុងខេត្តបាត់ដំបងក្នុងតម្លៃ៨០ដុល្លារ បន្ទាប់ពីបានព្រមព្រៀងជាមួយស្ត្រីម្នាក់ដែលគាត់អះអាងថា មិនស្គាល់ឈ្មោះ។
គាត់បាននិយាយថា “រដ្ឋបាលព្រៃឈើបានអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញ ហើយថា ខ្ញុំត្រូវបង់ប្រាក់ពិន័យសម្រាប់ឈើដែលរឹបអូសនោះ។ ខ្ញុំនឹងបង់ ប៉ុន្តែ ពួកគេមិនបានប្រាប់ខ្ញុំថា ត្រូវបង់ប៉ុន្មានឡើយ”។
នៅពេលត្រូវបានសួរអំពីករណីលោក ឡាយហេង លោក កូយ កាន់យ៉ា នៅតែអះអាងថា អ្នកបើកបររថយន្តរូបនេះមិនទទួលខុសត្រូវទេ ហើយថា អាជ្ញាធរបានផ្តោតការប្រឹងប្រែងរបស់ខ្លួនស្វែងរកម្ចាស់ឈើ។
លោក ប៉ាង រឹម ដែលជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនរិទ្ធិមុនីក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា យ៉ាងណាក៏ដោយលោក ឡាយហេង នឹងត្រូវបណ្តេញចេញចំពោះការរំលោភគោលការណ៍របស់ក្រុមហ៊ុន។
លោកបានមានប្រសាសន៍ថា “ខ្ញុំតែងតែប្រាប់អ្នកបើកបររថយន្តទាំងអស់គ្រប់ការប្រជុំកុំឲ្យរំលោភបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយថា យើងនឹងបណ្តេញនរណាដែលមិនអនុវត្តតាមភារកិច្ចរបស់ខ្លួន។ ខ្ញុំបានហៅលោក ឡាយហេងមកប្រាប់ថា ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះករណីនេះទេ ហើយថា គាត់ត្រូវតែយករថយន្តមកវិញ”៕សារុន