37.6 C
Phnom Penh

លោក កឹម សុខា បដិ​សេធ​ការ​អះ​អាង​របស់​ជំនួយ​ការ​ពេល​លោក​ត្រឡប់​មក​ពី​តំបន់​អឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុ​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​ជា​​លើក​​​ដំបូង​​​ស្តី​​​ពីការ​​​បណ្តេញ​​​ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​ចេញ​​​ពី​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដោយ​​​បដិសេធ​​​ការ​​​អះ​​​អាង​​​របស់​​​អតីត​​​មន្ត្រី​​​រូប​​​នេះ​​​ដែល​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​ពីបទ​​​​ពុក​រលួយ។

លោកស្រី ឡាក់ សុភាព ដែល​​​​​​ជា​​​ជំនួយ​ការ​​​បស់​​​លោក​​​ កឹម សុខា អនុ​​​ប្រធាន​​​រដ្ឋ​សភា​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បន្ទាប់​​​ពី​​​បាន​​​អះ​​​អាង​​​ជា​​​សាធារណៈ​​​ថា លោក សម រង្ស៊ី បាន​​​យក​​​លុយ​​​២០​​​លាន​​​ដុល្លារ​​​ដោយ​​​ខុស​​​ច្បាប់​​​។

ក្រោយ​​​មក​​​លោក​​​ស្រី ឡាក់ សុភាព បាន​​​មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​គ្រាន់​​​តែ​​​និយាយ​​​តាម​​​អ្វី​​​ដែល​​​លោកស្រី​​​បាន​​​ឃើញ​​​លោក កឹម សុខា ថ្លែង​​​នៅ​​​ជំនួប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​តែ​​​ប៉ុណ្ណោះ​​​។

ពេល​​​មក​​​ដល់​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​ធ្វើ​​​ដំណើរ​​​ទៅ​​​តំបន់​​​អឺរ៉ុប​​​រយៈ​​​ពេល​​​ពីរ​​​សប្តាហ៍​​​ដើម្បី​​​ជួប​​​ជាមួយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្រៅ​​​ប្រទេស​​​ និង​​​រៃ​​​អង្គាស​​​មូល​​​និធិ​​​  លោក កឹម សុខា បាន​​​បដិសេធ​​​ថា លោក​​​មិន​​​ដែល​​​បាន​លើក​​​ឡើង​​​ពី​​​បញ្ហា​​​​​​នេះ​​​ទេ​​​។

លោក កឹម សុខា បាន​​​មាន​​​ប្រសា​សន៍​​​ថា “គឺ​​​អ្នកស្រី សុភាព ខ្លួន​​​ឯង​​​ទេ​​​ ដែល​​​បាន​​​និយា​​​យ​​​ពី​​​រឿង​​​នេះ មិន​​​មែន​​​ខ្ញុំ​​​ទេ​​​ដែល​​​បាន​​​និយាយ​​​ពីរឿង​​​នេះ​​​នោះ។ ខ្ញុំ​​​គ្រាន់​​​តែ​​​ប្រាប់​​​លោក​ស្រី​​​ឲ្យ​​​រក​​​​​​ការ​​​ពិត​​​ និង​​​ភ័ស្តុ​​​តាង​​​មុន​​​យើង​​​និយាយ​​​​​ពី​អ្វីមួយ ជា​​​ជាង​​​និយាយ​​​ដោយ​​​គ្មាន​​​ភ័ស្តុ​​​តាង និង​​​ការ​​​ពិត​​​”។

លោក កឹម សុខា បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បន្ថែម​​​អំពី​​​ការ​​​ដក​​​លោក​​​ស្រី ឡាក់ សុភាព​​​ សមាជិក​​​គណបក្ស​​​ប្រឆាំង​​​ជា​​​យូរ​​​មក​​​ហើយ ដែល​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពី​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​របស់​​​លោក កឹម សុខា នៅ​​​ពេល​​​គណបក្ស​​​នេះ​​​បាន​​​ច្របាច់​​បញ្ចូល​​​​គ្នា​​​ជា​​​មួយ​​​គណបក្ស​​​ សម រង្ស៊ី ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ឃើញ​​​របាយការណ៍​​​របស់​​​គណៈកម្មាធិការ​​​វិន័យ ហើយ​​​​​​របាយការណ៍​​​​​​​​​​​​​​នេះ​​​អនុវត្ត​​​តាម​​​លក្ខន្តិកៈ និង​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​របស់​​​គណបក្ស​​​ ប៉ុន្តែ​​​ យើង​​​នឹង​ពិចារណា​​​អំពី​​​របាយការណ៍​​​នេះ  និង​បន្ត​​​ពិភាក្សា​​​ជា​​​មួយ​​​មេដឹក​​​នាំ​​​របស់​​​យើង​​​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​អាចបកស្រាយ​​​បញ្ជាក់​​​​​​”។

អនុ​​​ប្រធាន​​​គណបក្ស​​​រូប​​​នេះ​​​ ក៏​​​បាន​​​លើក​​​ឡើង​​​អំពី​ការ​​​យាង​​​ត្រឡប់​​​មក​​​វិញ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ មកកាន់តួនាទី​ជា​​​ប្រធាន​​​គណបក្ស​​​ហ្វុ៊ន​​​ស៊ិនប៉ិចវិញ​​​​ ដោយ​​​ផ្តល់​​យោបល់​​​​​ដល់​​​គណបក្ស​​​រាជា​​​និយម​​​នេះ​​​ ដែល​​​បាន​​​ឈ្នះការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​១៩៩៣ ដែល​​​រៀប​​​ចំ​​​ដោយ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ ប៉ុន្តែ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​បាន​​​ធ្លាក់​​​ចុះ​​​សំឡេងឆ្នោត​​​​យ៉ាង​​​ខ្លាំង​​​។

លោក​​​ កឹម សុខា បាន​មាន​​​ប្រសាសន៍​​​ថា “សូម​​​រួម​​​​​​គ្នា​បម្រើ​​​ប្រជា​​​ជន​​​ខ្មែរ​​​ កុំ​​​​​រួម​​​គ្នា​​​បម្រើ​​​អ្នក​​​ដែល​​​មិន​​​បម្រើ​​​ប្រជា​​​ជន​​​”។ លោក កឹម សុខា ក៏​​​បាន​​​វាយ​​​បក​​​ចំពោះ​ការ​​​អះ​​​អាង​​​ដែល​​​បាន​​​ចុះផ្សាយ​​​​​​តាម​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​នៅ​​​សប្តាហ៍​​​នេះ ដែល​​​ថា​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​នឹង​​​កោះ​​​ហៅ រូប​​​លោក និង​​​លោក សម រង្ស៊ី​​​ ឲ្យ​​​មក​​​កាន់​​​រដ្ឋ​​​សភា​​​ដើម្បី​​​សាក​​​សួរ​​​អំពី​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​ជំរុញ​​​ឲ្យ​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ធ្វើ​​​កូដ​​​កម្ម​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មាន​​​ការ​​​អញ្ជើញ​​​សមា​ជិក​សភា​​​ទេ។ មាន​​​តែ​​​សមា​ជិក​សភា​​​ប៉ុណ្ណោះ​​​កោះ​​​អញ្ជើញ​​​រដ្ឋា​ភិបាល​​​។ ខ្ញុំ​​នៅ​​​​សភា​​​ស្រាប់​​​ហើយ​​​​​​។ មិន​ចាំ​​​បាច់​​​អញ្ជើញ​​​ខ្ញុំ​​​ទេ​​​។ ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​”៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស