ក្រុមមន្ត្រីបានឲ្យដឹងថា ច្រកព្រំដែនអានសេះផ្នែកខាងប្រទេសថៃដែលថៃបានបិទកាលពីចុងខែមុន ដើម្បីឆ្លើយតបនឹងការស្ថាបនាផ្លូវក្នុងផ្នែកខាងប្រទេសកម្ពុជានឹងបើកឡើងវិញនៅថ្ងៃនេះក្រោយពេលមានកិច្ចប្រជុំមួយរវាងមន្ត្រីកម្ពុជា និងមន្ត្រីថៃកាលពីម្សិលមិញ។
លោក នួន នៅ មេបញ្ជាការរងកងពលធំលេខ៤ ដែលក៏បានចូលរួមនៅក្នុងកិច្ចប្រជុំដែរនោះបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងរវាងលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងលោក សឺម ឆៃណារ៉ុង (Serm Chainarong) អភិបាលខេត្ត អ៊ូប៊ុន រ៉ាតថានី ដែលស្ថិតនៅក្បែរខេត្តព្រះវិហារ ក៏ដូចជាតំណាងកងទ័ពមកពីភាគីទាំងពីរផងដែរ។
លោក នួន នៅ បានលើកឡើងបន្តថា កិច្ចប្រជុំនេះផ្តោតលើការស្ថាបនាផ្លូវ ហើយថា ភាគីខាងថៃបានយល់ព្រមបើកច្រកព្រំដែនឡើងវិញនៅម៉ោង៩ព្រឹកថ្ងៃនេះ។
លោកបានមានប្រសាសន៍ថា “ភាគីខាងថៃបាននិយាយថា នៅថ្ងៃក្រោយ ប្រសិនបើយើងចង់ធ្វើផ្លូវនៅខាងផ្នែករបស់យើង យើងចាំបាច់ត្រូវជូនដំណឹងដល់ប្រទេសថៃជាមុនសិន”។ លោកបានបន្ថែមថា មន្ត្រីកម្ពុជាបានយល់ព្រមធ្វើដូច្នោះ។
កាលពីថ្ងៃទី២៨ ខែធ្នូ ទាហានថៃបានទៅប្រាប់ឲ្យកម្មករស្ថាបនាផ្លូវកម្ពុជាបញ្ឈប់ការងាររបស់ខ្លួន ព្រោះពួកគេស្ថិតនៅក្នុងតំបន់មានជម្លោះ ហើយកំពុងរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាដែលមានការឯកភាពគ្នាថា មិនអភិវឌ្ឍតំបន់នេះ នេះបើយោងតាមលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានលើកឡើងនៅពេលនោះ។
លោក គឹមសេង បានលើកឡើងបន្ថែមនៅពេលនោះថា នៅពេលការងារស្ថាបនាផ្លូវនៅតែបន្ត ទាហានថៃបានបិទច្រកព្រំដែនខាងផ្នែករបស់ខ្លួន ហើយបន្ទាប់មកពួកគេបានបញ្ជូនទាហានប្រមាណ២០០នាក់បន្ថែមទៀតចូលមកតំបន់ព្រំដែននេះ។
លោក គឹមសេង បានឲ្យដឹងបន្តកាលពីម្សិលមិញថា មន្ត្រីដែលទៅចូលរួមកិច្ចប្រជុំបានសម្រេចបើកច្រកព្រំដែនឡើងវិញព្រោះវានឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍នៃប្រទេសទាំងពីរ។ លោកបានមានប្រសាសន៍ថា “កិច្ចប្រជុំគឺវាមានផ្លែផ្កាសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរនៅតាមព្រំដែន និងខេត្តដែលនៅក្បែរៗនោះ ព្រោះវានឹងមានការដោះដូរទំនិញគ្នាឡើងវិញ”៕ស៊ុយឈាង