31 C
Phnom Penh

ការ​សាងសង់​អគារ​ខុនដូ​​ថ្មីចំនួន​ពីរ​គ្រោង​នឹង​ចាប់​ផ្ដើម​​នៅ​​ត្រីមាស​ទី១​ ដើម​ឆ្នាំ​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិស័យ​អគារ​ខុនដូ​ដែល​កំពុង​រីកចម្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​បង្ហាញ​សញ្ញា​នៃ​ការ​​បង្អង់ល្បឿននោះ​ទេ ដោយ​ការ​សាងសង់​អគារ​ខុនដូ​ថ្មី​ចំនួន​ពីរ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ត្រីមាស​ទី១​ដើម​ឆ្នាំ​នេះ។

យោង​តាម​របាយការណ៍​បូកសរុប​​លទ្ធផល​ទីផ្សារ​កាលពី​ខែធ្នូ​របស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​ ស៊ីប៊ី រីឆាដ អេលីស (CB Richard Ellis) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃពុធ​បង្ហាញ​ថា ការ​សាងសង់​អគារ​​​​ភ្លោះ​ស្កាយ វីឡា ថៅវើ (Sky Villa Tower) ដែល​មាន​​២៥៤​បន្ទប់ (Unit) នៅ​ជិត​ពហុកីឡាដ្ឋាន​អូឡាំពិក និង​​អគារ​សុវណ្ណ ខុនដូ (Sovann Condominuim) ដែល​មាន​​១០៤​បន្ទប់ ​ក្នុង​សង្កាត់​បឹងកេងកង​១ នឹង​ចាប់​ផ្ដើម​ចន្លោះ​ពេល​នេះ និង​ដំណាច់​ខែ​មីនា។

របាយការណ៍​នេះ​លើក​ឡើង​ថា ការ​អភិវឌ្ឍ​អគារ​ខុនដូ​ទាំងពីរ​នេះ​នឹង​​បន្ថែម​ពី​លើ​​​ចំនួន​អគារ​ខុនដូ​ដែល​សាង​សង់​រួច​រាល់ ឬ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​ទាំង​​៣៥​​ក្នុង​រាជធានី​ភ្នំពេញ។ របាយការណ៍​នេះ​បន្ត​ថា ” ក្រុម​ហ៊ុន​ CBRE បាន​បន្ត​​មើល​ឃើញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​តំបន់​អាស៊ីបា៉ស៊ីហ្វិក​ ដោយ​​ការ​វិនិយោគ​​​ពី​អ្នក​ស្នាក់​នៅ​ជនជាតិ​​សិង្ហបុរី ជប៉ុន ហុងកុង និង​ចិន​កំពុង​កើន​ឡើង​”។

លោកស្រី អាន ធីតា ​នាយិការរង​នៃ​ក្រុម​ហ៊ុន​ ស៊ីប៊ី​ រីឆាដ អេលីស បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​ថា​ នៅ​ត្រឹម​ឆ្នាំ​២០១៧ នៅ​ពេល​គម្រោង​ទាំង​ពីរ​នេះ​​សាងសង់​​រួច​រាល់​តាម​ការ​រំពឹង​ទុក​ នឹង​មាន​បន្ទប់​ខុនដូ​ប្រមាណ​៩.៥០០​បន្ទប់​ក្នុង​រាជធានី​ភ្នំពេញ។

លោកស្រី​បាន​មាន​ប្រសាសន៍​​បន្ថែមទៀត​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​ បន្ទប់​ខុនដូ​តម្លៃ​ថោក​​​ និង​ទទួល​បាន​ផលតបស្នង​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ជា​កត្តា​​ទាក់​​ទាញ​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​វិនិយោគិន​។ យោង​តាម​របាយការណ៍​នេះ​បង្ហាញ​ថា តម្លៃ​​បន្ទប់​ខុនដូ​​​ប្រណីត​​មាន​ចន្លោះពី​១.៥០០​ដុល្លារ​ទៅ​៣.០០០​​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា។

លោក ស៊ឹង ប៊ុណ្ណា ប្រធាន​ក្រុម​ហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែល​ជា​ក្រុម​ហ៊ុន​​អចលនទ្រព្យ​ក្នុង​ស្រុក​បាន​ប៉ាន​ប្រមាណ​ថា ​ពេល​នេះ​មាន​​បន្ទប់​ខុនដូ​សាង​សង់​រួច​រាល់​ប្រហែល​៥.០០០​បន្ទប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ថា ចន្លោះពី​៨០​ទៅ​៩០​​ភាគរយ​នៃ​បន្ទប់ទាំង​នោះ​​​​​មាន​មនុស្ស​ស្នាក់​នៅ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​ជឿ​ថា ទីផ្សារ​នេះ​​រឹងមាំ​ ដោយ​តម្រូវ​ការ​នាពេល​បច្ចុប្បន្ន​ស៊ីគ្នា​ទៅ​នឹង​ការ​ផ្គត់​ផ្គង់ ប៉ុន្តែ​លោក​មាន​ការ​ព្រួយបារម្ភ​ថា នៅ​ពេល​ការ​ផ្គត់​ផ្គង់​កើន​ឡើង​ បណ្ដា​វិនិយោគិន​ដែល​​ភាគ​ច្រើន​ទិញ​បន្ទប់​ខុនដូ​ក្នុង​បំណង​ជួល​បន្ត​អំឡុង​ពេល​មាន​តម្រូវ​ការ​ខ្ពស់​ស្រប​ពេល​​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាសា៊ន ប្រហែល​ជាមិន​អាច​រក​មនុស្ស​​មក​ស្នាក់​នៅ​​​ក្នុង​បន្ទប់​ទាំង​នេះ​ពេញ​​​ឡើយ​។ លោក​បាន​លើក​​ឡើង​បន្ត​ថា “បន្ទាប់​ពី​អគារ​ខុនដូ​សាង​សង់​រួច​រាល់ អត្រា​​អ្នក​ស្នាក់​នៅ​គឺ​ជា​ក្ដីបារម្ភ”៕ សុខុម​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស