TAG
paywall
គណបក្សធំៗទាំងពីរកំណត់យកសប្តាហ៍ក្រោយសម្រាប់ពិភាក្សាគ្នាអំពីការកែទម្រង់ការបោះឆ្នោត
យោងតាមសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ជំនួបលើកទី១នៃគណៈកម្មការរួមរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលមានគោលបំណងបង្កើតក្របខណ្ឌមួយសម្រាប់កែទម្រង់ ប្រព័ន្ធបោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិស្នើសុំឲ្យមានការជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នឹងត្រូវបានរៀបចំ នៅសប្តាហ៍ក្រោយ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានជួបគ្នាបួនលើកមកហើយ ចាប់តាំងពីពេលលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដាត្រូវបានប្រកាស ប៉ុន្តែ មិនបានព្រមព្រៀងគ្នាអំពីការកែទម្រង់ជាក់ស្តែងណាមួយទៅលើដំណើរការបោះឆ្នោតឡើយ។ ការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិ មិនចូលរដ្ឋសភា ដែលបានកោះប្រជុំកាលពីក្នុងខែកញ្ញាឆ្នាំមុន ដើម្បីតវ៉ាចំពោះការដែលគណបក្សប្រជាជនកម្ពុជាមិនបានស៊ើបអង្កេតការបោះឆ្នោត កាលពីខែកក្កដា បានប្រព្រឹត្តទៅអស់រយៈពេលប្រាំមួយខែហើយ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំគណបក្សនេះក្នុងកិច្ចពិភាក្សាអំពីកំណែទម្រង់ការបោះឆ្នោត បានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានស្នើឲ្យមានការលើកពេលនៃកិច្ចពិភាក្សាបន្ទាប់ ដែលនឹងផ្តោតលើទិដ្ឋភាពបច្ចេកទេស នៃការបង្កើតប្រព័ន្ធបោះ ឆ្នោតនៅក្នុងប្រទេសកម្ពុជា ទៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ លោក សុន ឆ័យ បានមានប្រសាសន៍ថា “ យើងបានស្នើឲ្យមានការពិភាក្សានៅថ្ងៃទៅ២៧ ខែកុម្ភៈ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនមិនទាន់បានត្រៀមខ្លួននៅឡើយទេ ហើយយើងបានយល់ព្រមឲ្យមានការពិភាក្សានៅថ្ងៃច័ន្ទ។ ពួកគេ លើកឡើងថា ពួកគេមិនទាន់ត្រៀមនៅឡើយទេ ពួកគេបានស្នើឲ្យរង់ចាំរហូតដល់សប្តាហ៍ក្រោយ”។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនំាគណបក្សកាន់អំណាចនេះក្នុងកិច្ចពិភាក្សាដំបូងជាមួយគណបក្សសង្គ្រោះ ជាតិបានបដិសេធមិនឲ្យដឹងថា តើគណបក្សណាមួយជាអ្នកស្នើឲ្យមានការពន្យារពេលនេះទេ។ លោកមានប្រសាសន៍ដូច្នេះថា “ យើង អាចនិយាយបែបនេះបានថា ក្រុមការងារមកពីគណបក្សទាំងពីរកំពុងតែធ្វើការត្រៀមសម្រាប់កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការរួមនេះ... ប៉ុន្តែ មិនមែននៅថ្ងៃទី២៧នោះទេ។ ពេលនេះការបរិច្ឆេទពិតប្រាកដគឺនៅដើមសប្តាហ៍ក្រោយ គឺប្រហែលជាថ្ងៃច័ន្ទ”។ លោកបានមានប្រសាសន៍ថា “ យើងមិនទាន់បានត្រៀមនៅឡើយទេ យើងត្រូវការការត្រៀមរៀបចំផ្នែកបច្ចេកទេស សម្រាប់កិច្ចពិភាក្សានោះ”។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីដើមសប្តាហ៍នេះថា គណៈកម្មការគណបក្សរួមនេះនឹងមិនពិភាក្សាអំពីចំណុចខ្វែងគំនិតគ្នាសំខាន់ៗរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេពោលគឺការបដិសេធរបស់គណបក្សប្រជាជនកម្ពុជាមិនពិចារណាសំណើសុំឲ្យមានការធ្វើការស៊ើបអង្កេតលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតក្នុងខែកក្កដា ឬធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ នោះទេ។
គណបក្សទាំងពីរនេះនឹងរិះរកវិធីបង្កើតគណៈកម្មការមួយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌមួយសម្រាប់កែទម្រង់ការបោះឆ្នោត នៅពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយគណបក្សទាំងពីរ បន្ទាប់ពីជំនួបដំបូងមួយកាលពីថ្ងៃទី១៧ ខែមករា៕ សុធា
លោក ហ៊ុន សែន សម្ពោធរោងចក្រប្រើធ្យូងថ្ម និងបង្ហាញផែនការថាមពលនៅខេត្តព្រះសីហនុ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធរោងចក្រថាមពលអគ្គិសនីប្រើធ្យូងថ្មថ្មីមួយកន្លែង ដែលអាចផ្គត់ផ្គង់ថាមពលបាន១០០មេហ្គាវ៉ាត់នៅក្នុងខេត្តព្រះសីហនុ និងលើកឡើងនូវផែនការជំរុញវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា ឲ្យបានខ្លាំងក្លា។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅ ក្នុងពិធីសម្ពោធន៍នេះនៅក្នុងស្រុកស្ទឹងហាវថា រោងចក្ររបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Universal Holdings នេះនឹងជួយផ្គត់ផ្គង់ដល់ការប្រើប្រាស់ថាមពលអគ្គិសនីដែលកំពុងកើនឡើងក្នុងរាជធានីភ្នំពេញ។លោក ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងរាជធានីកំពុងតែប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងកាលពី៣០ឆ្នាំមុនរហូតដល់ទៅ១០ដង ពោលគឺបានកើនឡើង២៥ភាគរយក្នុងមួយឆ្នាំ។
លោកបានមានប្រសាសន៍ថា រដូវប្រាំងឆ្នាំមុន គឺជាពេលវេលាគួរឲ្យព្រួយបារម្ភមួយ ពីព្រោះវាបង្ហាញថា វិស័យថាមពលមិនអាចផ្តល់ឲ្យប្រទេសកម្ពុជានូវថាមពលអគ្គិសនីបានគ្រប់គ្រាន់ទេ។ លទ្ធផលនេះគឺថា ខេត្តក្រុងមួយចំនួនរាប់ទាំងរាជធានីភ្នំពេញផង ធ្លាប់មានបញ្ហាដាច់ចរន្តអគ្គិសនីអំឡុងការប្រើប្រាស់អគ្គិសនីអតិបរមាអំឡុងអាកាសធាតុក្តៅ។លោក ហ៊ុន សែន បានលើកឡើងថា បើទោះជាមានសមត្ថភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីជានិរន្តក៏ដោយ ក៏ទំនប់វារីអគ្គិសនីមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជា មិនអាចប្រតិបត្តិការយ៉ាងពេញលេញនៅក្នុងរដូវក្តៅបានដែរ។
នៅក្នុងខេត្តកំពត ទំនប់កំចាយអាចផ្តល់ថាមពល១៩៣មេហ្គាវ៉ាត់នៅរដូវភ្លៀង ក៏ប៉ុន្តែ អំឡុងរដូវប្រាំង ថាមពលរបស់វាថយចុះមកត្រឹម៥០ទៅ៦០មេហ្គាវ៉ាត់។ទំនប់វារីអគ្គិសនីប្រើដោយធ្យូងថ្ម គឺជាផ្នែកមួយនៃគម្រោងនៅក្នុងខេត្តព្រះសីហនុ ដែលនឹងមានគម្រោងសាងសង់រោងចក្រមួយទៀតដែលអាចចែកចាយថាមពលអគ្គិសនីបានជាង៤០០មេហ្គាវ៉ាត់។លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ នេះគឺជារោងចក្រទីមួយហើយដែលនឹងអាចផ្តល់ថាមពល១០០មេហ្គាវ៉ាត់ ហើយនៅចុងឆ្នាំនេះ រោងចក្រមួយទៀតដែលគាំទ្រដោយវិនិយោគិនចិន នឹងត្រូវបានសាងសង់ឲ្យមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនី៤០០មេហ្គាវ៉ាត់”៕ សុធា
អភិបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ចេញនូវចំណាត់ការ ដើម្បីបិទហាងមានសកម្មភាពជក់បារី
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើង កាលពីម្សិលមិញថា លោកនឹងបិទបារដែលមានសកម្មភាពជក់បារី (បារស៊ីសា)ដែលមានអតិថិជនជក់ថ្នាំ ដោយប្រើខ្សៀតាមរបៀបនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលបច្ចុប្បន្ននេះកំពុងតែមានភាពពេញនិយមនៅទូទាំងរាជធានីភ្នំពេញ។
ខណៈដែលលោកអភិបាលរាជធានីបានកត់សម្គាល់ថា គ្មានអ្វីខុសច្បាប់ទាក់ទងនឹងខ្សៀ ឬថ្នាំជក់ លោកបានប្រាប់ក្រុមមន្ត្រីចំនួន៤០០នាក់នៅសន្និបាតប្រចាំឆ្នាំរបស់សាលារាជធានីភ្នំពេញថា ផលិតផលទាំងអស់នេះបណ្តាលឲ្យមានបញ្ហាសុខភាពរយៈពេលយូរ ដូច្នេះហើយ លោកក៏ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីបិទបារទាំងនេះ។លោកបានមានប្រសាសន៍ថា “ ថ្ងៃនេះខ្ញុំនឹងសរសេរលិខិតទៅរដ្ឋាភិបាល និងសុំឲ្យមានការយល់ព្រមនឹងសំណើនេះដើម្បីបិទហាងដែលមានការជក់បារីទាំងអស់។ លោកបានបន្ថែមថា ឆ្នាំមុន យុវជនកាន់តែច្រើនឡើងៗបានជក់ខ្សៀ”។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បន្ថែមទៀតថា “ មិនអាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបារស៊ីសាទេ ព្រោះវាមិនជាថ្នាំញៀនទេ។ ប៉ុន្តែ យើងត្រូវតែបិទហាងទាំងនេះ ពីព្រោះ វាមានផលអាក្រក់ដល់យុវជនរបស់យើង”។
កាលពីឆ្នាំមុន បារស៊ីសាមានចំនួនកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញ ដោយមានអតិថិជន ម្ចាស់ ដែលបាននិយាយថា ពីមុនមានបារស៊ីសាចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែ ឥឡូវមានប្រហែលជា៣០កន្លែងនៅទូទាំងរាជធានី។នៅឯបារ Hookah Bar តាមផ្លូវលេខ១១០កាលពីម្សិលមិញ ម្ចាស់បារដែលមានឈ្មោះហៅក្រៅថា ដា បាននិយាយថា លោកបានចំណាយប្រាក់ច្រើនណាស់ ដើម្បីបង្កើតបារដែលចាប់ផ្តើមបើកដំណើរការកាលពី១០ខែកន្លងមកនេះ មិនមែនដើម្បីឃើញឲ្យបិទទេ។ លោកបានសួរថា “ ខ្ញុំបានចំណាយប្រាក់ជាង១០០.០០០ដុល្លារនៅកន្លែងនេះ ហើយខ្ញុំធ្វើអ្វីៗទៅតាមច្បាប់ ដូច្នេះ តើពួកគេបិទហាងរបស់ខ្ញុំដូចម្តេចទៅ?”។ បារ Hookah Bar ក៏ដូចជា បារស៊ីសាបីផ្សេងទៀតដែលត្រូវបានគេចុះទៅពិនិត្យកាលពីម្សិលមិញនោះ មានស្លាកប្រកាសនៅខាងក្រៅថា សិស្ស ឬអ្នកអាយុក្រោមអាយុក្រោម១៨ឆ្នាំមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបារនេះឡើយ។
អ្នកស្រី ផុន សុខឃា អ្នកគ្រប់គ្រងនៅបារ Harem ជាបារស៊ីសា ដែលបង្កើតឡើងយូរមកហើយនៅមាត់ទន្លេបានឲ្យដឹងថា យុវជនកាន់តែចាប់អារម្មណ៍ខ្លាំងឡើងទៅលើការជក់ស៊ីសា ក៏ប៉ុន្តែ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបារនេះឡើយ។ អ្នកស្រីបាននិយាយថា “ ក្នុងឆ្នាំ២០១៣មានអតិថិជនកាន់តែច្រើនឡើងៗចង់ជក់ស៊ីសា។ មានអតិថិជនសុទ្ធតែក្មេងៗ ក៏ប៉ុន្តែប្រសិនបើពួកគេមើលទៅដូចជាសិស្សសាលា ឬស្លៀកពាក់ឯកសណ្ឋាន ពួកគេមិនអាចចូលក្នុងបារបានឡើយ”។ អ្នកស្រីបានបន្ថែមថា បារ Harem មិនបានឆែកឆេររកអត្តសញ្ញាណឡើយប័ណ្ណ។
នៅបារ Hookah លោក ដា បានឲ្យដឹងថា ប្រសិនបើសាលារាជធានីប៉ុនប៉ងបិទបាររបស់លោក បារស៊ីសា នឹងរួមកម្លាំងគ្នាដើម្បីប្រឆាំង នឹងរដ្ឋាភិបាល។លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេបិទបាររបស់ខ្ញុំ ខ្ញុំមិនអាចឈប់បានឡើយ។ ក៏ប៉ុន្តែ មានបារស៊ីសាប្រហែលជា៣០កន្លែងក្នុងរាជធានីភ្នំពេញនាពេលនេះ ហើយយើងនឹងរួមគ្នាបង្កើតសហជីពមួយប្រឆាំងនឹងបទបញ្ជានេះ ពីព្រោះអ្វីៗដែលយើងធ្វើគឺស្របច្បាប់”។
ទោះបីជាយ៉ាងណា យុវជន គង់ សុខន អាយុ១៩ឆ្នាំដែលអង្គុយជាមួយមិត្តភក្តិពីរនាក់ទៀតនៅបារ Harem កាលពីម្សិលមិញ ទំនងជាមិនបារម្ភដោយសារការគំរាមរបស់លោកអភិបាលនោះទេ។ យុវជនរូបនេះបាននិយាយថា “ យើងឧស្សាហ៍មកទីនេះ ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលគិតថា វាជាបញ្ហាមួយ ហើយបិទបារនេះ វាមិនអាក្រក់ពេកទេ។ ខ្ញុំអាចទៅទិញអីវ៉ាន់ឬដើរលេងបាន។ វាគ្រាន់តែជាទីកន្លែងមួយសម្រាប់កំសាន្តចិត្តប៉ុណ្ណោះ” ៕ ប៊ុននី
(រាយាការណ៍បន្ថែមដោយ សេក ឧត្តម)
អ្នកតវ៉ាប្រហែល៦០នាក់តវ៉ានៅតុលាការកំពូលទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង២១នាក់
ព្រះសង្ឃ និងសកម្មជនសិទ្ធិដីធ្លីប្រហែល៦០អង្គនិងនាក់មកពីសហគមន៍ដែលប្រឈមនឹងការបណ្តេញចេញនៅក្នុងតំបន់ បឹងកក់ បុរីកីឡា និងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានធ្វើការតវ៉ានៅខាងក្រៅតុលាការកំពូលកាលពីម្សិលមិញទាមទារឲ្យដោះលែងមនុស្ស២១នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើកូដកម្មកាលពីខែមករា។
អ្នកតវ៉ាបានកាន់ផ្កាឈូក ធូប និងបដា បានហែក្បួនបីលើកជំុវិញប្លុកមួយនៅទីក្រុងដែលតុលាការស្ថិតនៅ និងបានស្រែកទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង២១នាក់។
អ្នកស្រី ទេព វន្នី សកម្មជនប្រឆាំងការបណ្តេញចេញមកពីតំបន់បឹងកក់បាននិយាយថា “ យើងមិនមែនគ្រាន់តែចង់ឲ្យដោះលែងពួកគេនៅក្រៅឃុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងអស់ ពីព្រោះពួកគេគឺជាជនរងគ្រោះ មិនមែនជាអ្នកមានកំហុសទេ”។ អ្នកស្រី ទេព វន្នី បានលើកឡើងថា “ បើទោះជាសាលាដំបូង និងសាលាឧទ្ធរណ៍បដិសេធមិនព្រមដោះលែង នៅក្រៅឃុំក៏ដោយ ក៏យើងសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេ ពីព្រោះពួកគេគ្មានកំហុសទេ"។
លោក សម រង្ស៊ី ...
រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងចុះទៅត្រួតពិនិត្យគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG នៅខេត្តកោះកុង
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានគ្រោងទៅទស្សនកិច្ចនៅខេត្តកោះកុងនៅថ្ងៃនេះ ខណៈតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងទៅបំពេញទស្សនកិច្ចនៅដីសម្បទានទំហំ៤៥.០០០ហិកតារបស់ខ្លួនដែលមានជម្លោះជាយូរមកហើយជាមួយអ្នកភូមិជាច្រើនគ្រួសារ។
ការចុះទៅបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅតំបន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីផ្ទះសំបែងរបស់អ្នកភូមិប្រហែល៤៥គ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ដែលមានទឹកប្រាក់៣,៨ពាន់លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDGត្រូវបានដុតកម្ទេចកាលពីខែមករា ដោយកងសន្តិសុខប្រដាប់អាវុធ។ ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG គ្រោងបង្កើតរមណីយដ្ឋានទេសចរណ៍នេះនៅលើដីសម្បទានដ៏ធំដែលខ្លួនទទួលបាន។
លោក វ៉ាង ឆាវ (Wang Chao) អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG បានមានប្រសាសន៍ថា “ លោក សាយ សំអាល់ នឹងមកជួបជាមួយក្រុមហ៊ុន UDG”។ លោកបានមានប្រសាសន៍បន្ថែមថា “ ខ្ញុំមិនច្បាស់ទេថា គោលបំណងរបស់លោកគឺជាអ្វីនោះ។រដ្ឋាភិបាលបានរៀបចំឲ្យមានការទស្សនកិច្ចនេះ ហើយខ្ញុំគិតថា ប្រហែលជាពួកគាត់នឹងមកមើលគម្រោងនេះនិងគម្រោងផ្សេងៗទៀតនៅតាមមាត់សមុទ្រ។ ប្រហែលជាអាចមកមើលអ្វីផ្សេងទៀត ក្រៅពីក្រុមហ៊ុនUDG ។ ខ្ញុំគិតថា លោកនឹងមកទស្សនកិច្ចក្បែរភូមិថ្មី ជាទីដែលអ្នកភូមិបានត្រូវបានផ្លាស់ប្តូរឲ្យទៅរស់នៅទីនោះ ប៉ុន្តែខ្ញុំមិនច្បាស់នោះទេ”។
លោក ប៊ុន លើត អភិបាលខេត្តកោះកុងបានបញ្ជាក់ពីការទៅបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែលោកមិនបាននិយាយអ្វីឡើយនៅពេលត្រូវបានសួរទាក់ទិនការចុះទៅទស្សនកិច្ចក្រុមហ៊ុន UDG។
លោក ប៊ុន លើត បានមានប្រសាសន៍ថា “ លោកបានរៀបចំកម្មវិធីមកទីនេះប៉ុន្តែយើងមិនដឹងច្បាស់ទេថា លោកនឹងធ្វើអ្វីនោះ”។
លោក អន ភារៈ អភិបាលស្រុកបទុមសាគរបានឲ្យដឹងថា លោកក៏បានដឹងពីការមកទស្សនកិច្ចនេះដែរ ប៉ុន្តែលោកបានបង្វែរសំណួរទៅក្រសួងបរិស្ថានវិញ។លោក សៅ សុជាតិ នាយខុទ្ទកាល័យរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏នឹងចុះមកទស្សនកិច្ចស្រុកបទុមសាគរនិងស្រុកគិរីសាគរ ដែលសុទ្ធតែស្ថិតនៅក្នុងព្រំប្រទល់ដីសម្បទានដ៏ធំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG ផងដែរ។
ការមកទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះត្រូវបានធ្វើឡើងពីរថ្ងៃបន្ទាប់លោក សុន ឆ័យ សមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិបានជួបជាមួយអ្នកភូមិ ជាច្រើនគ្រួសារដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG ចាប់តាំងពីដីសម្បទានត្រូវបានផ្តល់កាលពីឆ្នាំ២០០៨មក។
លោក សុន ឆ័យ បានលើកឡើងបន្ទាប់ការចុះទៅទស្សនកិច្ចថា ក្រុមហ៊ុនចិនបានចាប់ផ្តើមដាំដំឡូងមីនៅលើដីដែលពួកគេគ្រោងនឹងបង្កើតរមណីយដ្ឋានដ៏ធំ មានដូចជាការសាងសង់សណ្ឋាគារ កន្លែងវាយកូនហ្គូលហ៍ និងអាកាសយានដ្ឋានឯកជនមួយជាដើម។
លោក អិុន គង់ចិត្រ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូប្រចាំខេត្តកោះកុងបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរតែចំណាយពេលវេលានៅក្នុងរបៀបវារៈរបស់លោកដើម្បីចុះមកត្រួតពិនិត្យគ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG។ លោកបានមានប្រសាសន៍ថា “ ប្រសិនបើលោកមិនអាចធ្វើដូច្នេះបាននោះ លោក គួរតែធ្វើការវាយតម្លៃសាជាថ្មីអំពីផលប៉ះពាល់ ដែលបង្កឡើងដោយការអភិវឌ្ឍរបស់ក្រុមហ៊ុនចិននិងស្វែងរកដំណោះស្រាយជូនអ្នកភូមិនោះ”។
អ្នកស្រី ស៊ុន គឹមសឿន អាយុ៥៨ឆ្នាំ អ្នកភូមិម្នាក់មកពីឃុំតានួនស្រុកបទុមសាគរបាននិយាយថា អ្នកស្រីបានដឹងអំពីការមកទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានទេ ប៉ុន្តែអ្នកស្រីសូមអំពាវនាវឲ្យលោកចុះមកត្រួតពិនិត្យដីមានជម្លោះផង។អ្នកស្រីបាននិយាយបន្ថែមទៀតថា “ ខ្ញុំចង់ឲ្យលោកមកត្រួតពិនិត្យកន្លែងមួយចំនួនដែលកើតមានបញ្ហា។ លោកគួរតែមកមើលក្រុមហ៊ុនដែលកំពុងតែឈូសឆាយនិងបំផ្លាញវាលស្រែនិងដំណាំរបស់អ្នកភូមិ”៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Lauren Crothers)
មនុស្សប្រាំពីរនាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បីលើកបង្កឡើងដោយរថយន្តដឹកប្រេងឥន្ធនៈ
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សប្រាំពីរនាក់បានស្លាប់ និង២៤នាក់របួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដាច់ដោយឡែកពីគ្នាបីលើកពាក់ព័ន្ធនឹងរថយន្តដឹកសាំងរបស់ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនប្រេងឥន្ធនៈធំៗនៅក្នុងប្រទេសកម្ពុជា។នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងបីលើកនោះ នគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តធុនធំជាអ្នកទទួលខុសត្រូវ។
លោក សឿន សារឿន អនុប្រធាននគរបាលចរាចររាជធានីភ្នំពេញផ្នែកស្ថិតិបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ចុងក្រោយបានកើតឡើងកាលពីរសៀលថ្ងៃច័ន្ទ នៅម៉ោងប្រហែល៤រសៀលតាមផ្លូវជាតិលេខ៥ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅពេលដែលរថយន្តរបស់ក្រុមហ៊ុនសូគីម៉ិចមួយគ្រឿងបានកិនក្មេងប្រុសអាយុ២ឆ្នាំ និងម្ដាយរបស់វាស្លាប់ ហើយមនុស្សបីនាក់ទៀតរងរបួស ពេលដែលអ្នកទាំងនេះកំពុងអង្គុយនៅលើចិញ្ចើមផ្លូវ។
នគរបាលចាប់ខ្លួនអ្នកបើកបររថយន្តនោះ ដែលគេមិនទាន់បង្ហាញឈ្មោះ និងអាយុ ប៉ុន្តែលោក សារឿន បាននិយាយថា អ្នកបើកបរនោះស្រវឹងស្រានៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍។ លោកបានមានប្រសាសន៍ថា “ អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនសូគីម៉ិចស្រវឹងស្រា”។លោកបន្ថែមថា ជននេះនឹងត្រូវបញ្ជូនទៅតុលាការនៅពេលឆាប់ៗនេះ។
លោក ម៉ៅ សាម៉េត ប្រធានការិយាល័យនគរបាលចរាចរខេត្តព្រៃវែងមានប្រសាសន៍ថា កាលពីយប់ថ្ងៃច័ន្ទ នៅម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រនៅតាមផ្លូវជាតិលេខ៨ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង រថយន្តរបស់ក្រុមហ៊ុនប្រេងឥន្ធនៈតេលា បានបុករថយន្តវ៉ែនមួយគ្រឿង បណ្ដាលឲ្យមនុស្សបីនាក់ស្លាប់និងអ្នកដំណើរ១៦នាក់ទៀតរងរបួស។ លោក សាម៉េត បានមានប្រសាសន៍ថា បុរសអាយុ២៤ឆ្នាំម្នាក់ និងស្ត្រីអាយុ១៧ឆ្នាំម្នាក់បានស្លាប់ភ្លាមៗ ចំណែកឯស្ត្រីអាយុ៥០ឆ្នាំម្នាក់ទៀតបានស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ក្រោយមក នគរបាលបានចាប់ខ្លួនអ្នកបើកបរដែលបានបាក់ជើងទាំងពីរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ។លោក សាម៉េត បានមានប្រសាសន៍ថា “ វាជាកំហុសរបស់អ្នកបើកបររថយន្តធុនធំ ដែលបានបត់ឆ្វេង ហើយបុករថយន្តវ៉ែនតែម្ដង”។ លោកបានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
គ្រោះថ្នាក់ចរាចរណ៍ទី៣ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក ឡុង ម៉េងសែ ប្រធានការិយាល័យនគរបាលចរាចរខេត្តបានមានប្រសាសន៍ថា...
កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់កាន់តែច្រើនឡើងៗពីមួយខែទៅមួយខែ
កាលពីម្សិលមិញមន្ត្រីកំពង់ផែម្នាក់បានឲ្យដឹងថា ទម្ងន់សរុបនៃទំនិញដែលដឹកឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីខែមករា បានកើនឡើង២៦ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣។
ទំនិញជាង៣០៩.២០០តោនបានឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកាលពីខែមុន ពោលគឺខ្ពស់ជាងកាលពីខែមករាឆ្នាំ២០១៣ដែលមានទំនិញឆ្លងកាត់ត្រឹមតែ២៤៤.៧១០តោននោះ។
លោក ជា សម្បត្តិ ប្រធានទទួលបន្ទុកផ្នែកស្ថិតិនិងផែនការនៅកំពង់ផែក្រុងព្រះសីហនុបានឲ្យដឹងថា ការកើនឡើងនៃទំនិញដែលត្រូវបានដឹកឆ្លងកាត់កំពង់ផែគឺជាសញ្ញាមួយនៃកំណើនសេដ្ឋកិច្ច។តួលេខនៃទំនិញសរុបដែលបានឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកាលពីឆ្នាំ២០១៣មានទម្ងន់៣, ០១ លានតោន ជាតួលេខមួយដែលលោក ជា សម្បត្តិ រំពឹងថា អាចនឹងកើនឡើងលើសពីនេះនៅក្នុងឆ្នាំនេះ។
លោក ជា សម្បត្តិ បានមានប្រសាសន៍ថា “ យើងបាននាំចេញស្រូវយ៉ាងច្រើនទៅកាន់ប្រទេសជាង៣០។ ហើយសម្លៀកបំពាក់ក៏នៅតែជាផលិតផលដ៏សំខាន់មួយទៀតដែលយើងបាននាំចេញ”។ ក្នុងចំណោមផលិតផលនាំចេញសរុបកាលពីឆ្នាំមុនរបស់ប្រទេសកម្ពុជា សម្លៀកបំពាក់និងផលិតផលវាយនភណ្ឌ មានរហូតដល់ទៅ៨០ភាគហើយបើគិតជាទំហំទឹកប្រាក់វិញគឺស្មើនឹង ៥, ៥៣ ពាន់លានដុល្លារ៕ ស៊ុយឈាង
នគរបាលចាប់ខ្លួនជនជាតិចិន១២នាក់នៅភ្នំពេញពាក់ព័ន្ធការគំរាមទារប្រាក់តាមអីុនធើណិត
នគរបាលបាននិយាយកាលពីម្សិលមិញថា ជនជាតិចិន១២នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទក្នុងរាជធានីភ្នំពេញចំពោះការជាប់ពាក់ព័ន្ធនឹងការគំរាមទារប្រាក់តាមប្រព័ន្ធអុីនធើណិត។ លោក អុី សុឃី ប្រធាននាយកដ្ឋានស៊ើបអង្កេតក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នគរបាលបានតាមដានជនសង្ស័យទាំងនេះរយៈពេល១ខែមុនពេលចាប់ខ្លួនពួកគេ។
លោកឧត្តមសេនីយ៍ទោ សុឃី បានមានប្រសាសន៍ថា“ ម្សិលមិញ នៅម៉ោង១និង៣០នាទីរសៀល យើងបានចុះបង្ក្រាបពួកគេនៅផ្ទះមួយដែលពួកគេបានជួលស្នាក់នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក”។
ជនជាតិចិននិងចិនតៃវ៉ាន់ជាច្រើននាក់ត្រូវបានចាប់ខ្លួននៅទីនេះ ហើយត្រូវបាននិរទេសក្នុងរយៈពេលពីរឆ្នាំមកនេះពាក់ព័ន្ធផែនការស្រដៀងគ្នា ដែលជារឿយៗ ពាក់ព័ន្ធនឹងការទូរស័ព្ទទៅជនរងគ្រោះក្នុងប្រទេសចិន ហើយប្រាប់ពួកគេថា គណនីធនាគាររបស់ពួកគេត្រូវបានគេលួចចូល ហើយពួកគេត្រូវតែផ្ទេរប្រាក់របស់ខ្លួនចេញ។
កាលពីម្សិលមិញ គេមិនទាន់ច្បាស់ថា តើជនជាតិចិនទាំង១២នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទនោះ ជាផ្នែកមួយនៃក្រុមឆបោកប្រាក់ដ៏ធំឬយ៉ាងណាឡើយ។ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ សុឃី បានបញ្ជាក់ថា មនុស្ស២៨នាក់ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ពីបទឆបោកតាមប្រព័ន្ធអុីនធើណិតនៅភូមិគ្រឹះមួយក្បែរនោះក្នុងសង្កាត់ទឹកល្អក់៕ សារុន
បុគ្គលិកមន្ទីរពេទ្យសម្ភពក្រុងតវ៉ាប្រឆាំងកិច្ចព្រមព្រៀងដោះដូរទីតាំង
កាលពីម្សិលមិញ បុគ្គលិកមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញដែលគេស្គាល់ថា មន្ទីរពេទ្យសម្ភពក្រុង បាននាំគ្នាតវ៉ាប្រឆាំងនឹងមន្ទីរសុខាភិបាលរាជធានី ដោយចោទប្រកាន់ថា មន្ទីរនេះបានប្រគល់អគារមន្ទីរពេទ្យរបស់ពួកគាត់ឲ្យទៅក្រុមហ៊ុនឯកជនមួយនៅក្នុងកិច្ចព្រមព្រៀង “ដោះដូរ” សម្ងាត់មួយទៀតពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ។
ក្រុមគ្រូពេទ្យប្រហែល៨០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដែលជាធម្មតាមានសភាពអ៊ូអរស្ថិតក្នុងខណ្ឌ៧មករា កាលពីម្សិលមិញ ដោយលើកបដាដែលមានសរសេរពាក្យស្លោកដូចជា “ចូលរួមបំបាត់អំពើពុករលួយ គ្មានការលក់ដូរ និងរុះរើ” ជាដើម។ ការតវ៉ានេះបានផ្ទុះឡើងនៅពេលវេជ្ជបណ្ឌិត នេត្រ សុវីរៈ ប្រធានមន្ទីរពេទ្យនេះបានជួបជាមួយលោក សុខ សុឃុន ប្រធានមន្ទីរសុខាភិបាលរាជធានី ដើម្បីពិភាក្សាគ្នាអំពីបទបញ្ជាសម្រាប់ឲ្យបុគ្គលិកមន្ទីរពេទ្យនេះរើចេញទៅអគារមួយផ្សេងទៀត ដែលតូចជាងនេះ...
លោក ហ៊ុន សែន ដកបម្រាមធ្វើបាតុកម្ម និងព្រមានពីការធ្វើបាតុកម្មប្រឆាំងតបវិញ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងផ្តល់សិទ្ធិជួបជុំគ្នាដល់ប្រជាពលរដ្ឋទាំងអស់វិញ ប៉ុន្តែ បានមានប្រសាសន៍ថា ការធ្វើបាតុកម្មណាមួយរបស់គណបក្សប្រឆាំងនឹងមានការធ្វើបាតុកម្មប្រឆាំងវិញពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនអំពាវនាវដោយផ្ទាល់ឲ្យបាតុករគាំទ្ររដ្ឋាភិបាលចេញតវ៉ាតាមផ្លូវនោះទេ ប៉ុន្តែ លោកបានពន្យល់ពីរបៀបដែលអ្នកគាំទ្រលោកទំនងជាធ្វើបាតុកម្មតបវិញ ប្រសិនបើគណបក្សសង្គ្រោះជាតិអនុវត្តសិទ្ធិធ្វើបាតុកម្មរបស់ខ្លួន។ លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងខេត្តព្រះសីហនុថា “ ឥឡូវនេះខ្ញុំមិនអំពាវ នាវឲ្យធ្វើបាតុកម្មទេ ប៉ុន្តែ ខ្ញុំក៏មិនរារាំងការធ្វើបាតុកម្មដែរ។ខ្ញុំគ្រាន់តែចង់ឲ្យ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានសិទ្ធិស្មើគ្នាប៉ុណ្ណោះ”។ លោកបានមានប្រសាសន៍ថា “ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែធានាសន្តិភាពសម្រាប់មនុស្សទាំងអស់គ្នា ព្រមទាំងធានាសិទ្ធិជួបជុំគ្នាសម្រាប់មនុស្សគ្រប់រូបផងដែរ”។ លោកបានមានប្រសាសន៍ថា “ ឥឡូវនេះបាតុកម្មមានពីរក្រុម។ អ្នកគាំទ្ររដ្ឋាភិបាលមានសិទ្ធិធ្វើបាតុកម្ម ហើយអ្នកគាំទ្រគណបក្សប្រឆាំងក៏មានសិទ្ធិដូចគ្នាដែរ”។លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋានគួរត្រៀមកន្លែងសម្រាប់ការធ្វើបាតុកម្មប្រឆាំងវិញ។លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ ខ្ញុំសូមផ្ញើសារដល់អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ថា ប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងមានសិទ្ធិ អ្នកគាំទ្ររដ្ឋាភិបាលក៏មានសិទ្ធិដែរ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ដូច្នេះយើងត្រូវរៀបចំរនាំងថ្ម ឬរនាំងដែកសម្រាប់ឲ្យភាគីមួយធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាល និងសម្រាប់ឲ្យភាគីមួយទៀតធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល” ។ លោកបានបន្ថែមទៀតថា “ ប្រសិនបើភាគីទាំងពីរស្នើសុំទីលានប្រជាធិបតេយ្យទាំងអស់គ្នា សាលារាជធានីភ្នំពេញត្រូវតែត្រៀមខណ្ឌចែកទីលានប្រជាធិបតេយ្យជាពីរផ្នែក មួយផ្នែកសម្រាប់អ្នកគាំទ្ររដ្ឋាភិបាល និងមួយផ្នែកទៀតសម្រាប់អ្នកគាំទ្រគណបក្សប្រឆាំង”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានរិះគន់សម្តីរបស់លោក ហ៊ុន សែន ដោយលើកឡើងថា “ ការនិយាយបែបនេះមិនមែនជាការធានាសិទ្ធិជួបជុំគ្នាតាមរដ្ឋធម្មនុញ្ញនោះទេ ប៉ុន្តែ គឺជាការគំរាមថា ការធ្វើបាតុកម្មណាមួយរបស់គណបក្សប្រឆាំងអាចនាំឲ្យមានការប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រគណបក្សកាន់អំណាច” ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំសូមថ្កោលទោសល្បិចកលរបស់គណបក្សប្រជាជនកម្ពុជាដែលគំរាមយើង។ វាបង្ហាញថា រដ្ឋាភិបាលមិនស្មោះត្រង់ ហើយរដ្ឋាភិបាលបន្តគំរាមគណបក្សប្រឆាំងដើម្បីរារាំងមិនឲ្យគណបក្សប្រឆាំងធ្វើបាតុកម្ម”។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនបើលោក ហ៊ុន សែន ពិតជាចង់ផ្តល់សិទ្ធិសេរីភាពក្នុងការជួបជុំគ្នាឡើងវិញមែននោះ លោកគួរតែធានាថា ការធ្វើបាតុកម្មដោយការប្រកួតប្រជែងកម្លាំងនយោបាយត្រូវធ្វើនៅពេល និងទីកន្លែងខុសគ្នាដើម្បីចៀសវាងកុំឲ្យមានអំពើហិង្សា។ លោក សម រង្ស៊ី មានប្រសាសន៍ថា “ មានកន្លែងជាច្រើនសម្រាប់ធ្វើបាតុកម្ម ហើយគេអាចធ្វើនៅពេល និងទីកន្លែងខុសគ្នា”។ លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលគួរតែទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំងគ្នាទាំងពីរក្រុម ជាជាងរៀបចំឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ។ អ្វីដែលលោក ហ៊ុន សែន ចង់និយាយគឺថា គាត់គំរាមរៀបចំឲ្យមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា សម្តីរបស់នាយករដ្ឋមន្ត្រីស្នើឲ្យផ្តល់សិទ្ធិសេរីភាពធ្វើបាតុកម្មឡើងវិញនេះនឹងជំនួសបម្រាមរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៤ខែមករាដែលប្រកាសមិនឲ្យមានការជួបជុំគ្នាជាសាធារណៈដោយគ្មានកាលកំណត់។ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា “ ប្រសាសន៍របស់នាយករដ្ឋមន្ត្រីខ្ញុំមានតម្លៃជាងសេចក្តីប្រកាសជាសាធារណៈរបស់ក្រសួងមហាផ្ទៃ”។ លោកបានបន្ថែមថា “ យើងនឹងធ្វើតាមគោលការណ៍របស់នាយករដ្ឋមន្ត្រីខ្ញុំ” ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលកម្លាំងសន្តិសុខរបស់លោកបានវាយដំ និងឃាត់ខ្លួនអ្នកតវ៉ាជាច្រើនដងចាប់តាំងពីមានការផ្អាករដ្ឋធម្មនុញ្ញ និងការដាក់បម្រាមមិនឲ្យធ្វើបាតុកម្មកាលពីដើមខែមករាមក បានព្យាយាមធ្វើការអះអាងកាលពីម្សិលមិញថា មិនដែលបដិសេធសិទ្ធិជួបជុំគ្នារបស់ប្រជាពលរដ្ឋឡើយ។ លោកបានអះអាងថា “ យើងមិនដែលហាមឃាត់មិនឲ្យតវ៉ាទេ”។ លោកបានមានប្រសាសន៍ថា “ យើងអាចអនុញ្ញាតឲ្យធ្វើបាតុកម្មដោយគ្មានលក្ខខណ្ឌប្រសិនបើការធ្វើបាតុកម្មនោះធ្វើតាមច្បាប់លើកលែងតែការជួបជុំគ្នាអនាធិបតេយ្យគ្មានការគ្រប់គ្រងត្រឹមត្រូវ”៕គឹមហឿន
Latest news
© 2021, ដេលី. All rights reserved.

