30.4 C
Phnom Penh

លោក ហ៊ុន សែន ដក​បម្រាម​ធ្វើ​បាតុកម្ម​ និង​ព្រមាន​​ពី​ការ​ធ្វើ​​បាតុកម្ម​​ប្រឆាំង​តប​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា លោក​នឹង​ផ្តល់​សិទ្ធិ​ជួប​ជុំ​គ្នា​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​​វិញ​ ប៉ុន្តែ បាន​មាន​ប្រសាសន៍ថា ការ​ធ្វើ​បាតុ​កម្ម​​ណាមួយ​របស់​គណបក្ស​ប្រឆាំង​នឹង​មាន​ការធ្វើ​បាតុកម្ម​​ប្រឆាំង​វិញ​ពី​អ្នក​គាំ​ទ្រ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​។

លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ថា លោក​មិន​អំពាវ​នាវ​ដោយ​ផ្ទាល់​ឲ្យ​បាតុករ​គាំ​ទ្រ​រដ្ឋាភិបាល​​ចេញ​តវ៉ា​តាម​ផ្លូវ​នោះ​ទេ ប៉ុន្តែ លោក​បាន​​ពន្យល់​ពី​របៀប​ដែល​អ្នក​គាំទ្រ​លោក​ទំនង​ជា​ធ្វើ​​បាតុកម្ម​តប​វិញ​ ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​​អនុវត្ត​សិទ្ធិ​ធ្វើ​បាតុ​កម្ម​របស់​ខ្លួន​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​​នៅ​​ក្នុង​ខេត្ត​ព្រះ​សីហនុ​ថា “ ឥឡូវ​នេះ​ខ្ញុំ​មិន​អំពាវ នាវ​​​ឲ្យ​ធ្វើ​បាតុកម្ម​ទេ​ ប៉ុន្តែ ខ្ញុំ​ក៏​មិន​រារាំង​ការ​ធ្វើ​បាតុកម្ម​ដែរ។​ខ្ញុំគ្រាន់​តែ​ចង់​ឲ្យ​​ [ អ្នក​គាំទ្រ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​]  និង​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​ស្មើ​គ្នា​ប៉ុណ្ណោះ​”។ លោក​បាន​មាន​ប្រសាសន៍ថា “ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា [ ខ្ញុំ​ ] ត្រូវ​តែ​ធានា​សន្តិភាព​សម្រាប់​​មនុស្សទាំ​ង​អស់​គ្នា​ ព្រម​ទាំង​ធានា​សិទ្ធិ​ជួប​ជុំ​​គ្នា​សម្រាប់​មនុស្ស​គ្រប់​រូប​ផង​ដែរ​”។ លោក​បានមាន​ប្រសាសន៍ថា “ ឥឡូវ​នេះ​បាតុកម្ម​មាន​ពីរក្រុម​។ អ្នក​គាំទ្រ​រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ ហើយ​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ក៏​មាន​សិទ្ធិដូចគ្នា​ដែរ​”។លោ​ក​បាន​បន្ថែម​ថា អាជ្ញាធរ​មូល​ដ្ឋាន​គួរ​ត្រៀម​កន្លែង​សម្រាប់​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វិញ​។លោក​ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​សូម​ផ្ញើសារដល់​អាជ្ញាធរ​គ្រប់​ទី​កន្លែង​ទាំង​អស់​ថា ប្រសិន​បើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ [ ធ្វើ​បាតុកម្ម​ ​] អ្នក​គាំទ្រ​រដ្ឋា​ភិ​បាល​ក៏​មាន​សិទ្ធិ​ដែរ​”។
លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ដូច្នេះ​យើង​ត្រូវ​​រៀប​ចំ​​រនាំង​ថ្ម ឬរ​នាំង​ដែក​សម្រាប់​ឲ្យ​​ភាគី​មួយ​ធ្វើ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​​ និង​សម្រាប់​ឲ្យ​​ភាគី​មួយទៀត​ធ្វើ​បាតុកម្ម​ប្រឆាំ​ង​​រដ្ឋាភិ​បាល​” ។ លោក​បាន​បន្ថែម​ទៀត​ថា “​ ប្រសិន​បើ​ភាគី​ទាំង​ពីរ​ស្នើ​សុំ​ទីលាន​ប្រជាធិបតេយ្យ​​ទាំង​​អស់​គ្នា​ សាលា​រាជធានីភ្នំពេញ​ត្រូវ​តែ​ត្រៀម​​ខណ្ឌចែក​ទីលាន​ប្រជាធិបតេយ្យ​ជា​ពីរ​ផ្នែក​ មួយ​ផ្នែក​សម្រាប់អ្នកគាំទ្រ​រដ្ឋាភិបាល​ និង​មួយ​ផ្នែក​ទៀត​សម្រាប់​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​”។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​រិះគន់​សម្តីរបស់​លោក ហ៊ុន សែន ដោយ​លើក​ឡើង​ថា ​“ ការ​និយាយ​បែប​នេះ​មិន​មែន​ជា​ការធានា​សិទ្ធិ​ជួប​ជុំគ្នា​តាម​រដ្ឋ​ធម្មនុញ្ញ​នោះទេ​ ប៉ុន្តែ គឺជា​ការ​គំរាម​ថា ការ​ធ្វើ​បាតុកម្ម​ណា​មួយ​របស់គណបក្ស​ប្រឆាំង​អាច​​នាំ​ឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​ជាមួ​យ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច” ។ លោក​ សម រង្ស៊ី បានមាន​ប្រសាសន៍​ថា “ខ្ញុំ​​សូម​ថ្កោល​ទោស​ល្បិច​កល​របស់​​​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​ដែ​លគំរាម​យើង​។​ វា​បង្ហាញ​​ថា រដ្ឋាភិបាល​មិន​ស្មោះ​ត្រង់​ ហើយ​រដ្ឋា​ភិបាល​​​​បន្ត​គំរាម​​គណបក្ស​ប្រឆាំង​ដើម្បី​រារាំង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​”។ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​លោក ហ៊ុន សែន ពិត​ជា​ចង់​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​ឡើង​វិញ​មែ​ន​នោះ លោក​គួរ​តែ​ធានាថា ការ​ធ្វើ​បាតុកម្ម​ដោយ​ការ​ប្រកួត​ប្រជែង​កម្លាំង​នយោបាយ​ត្រូ​វធ្វើ​នៅពេល​ និ​ងទីកន្លែង​ខុស​គ្នា​​ដើម្បី​ចៀស​វាង​កុំ​ឲ្យមាន​អំពើ​ហិង្សា។ លោក សម​ រង្ស៊ី ​មាន​ប្រសាសន៍ថា “  មាន​​កន្លែង​ជាច្រើន​សម្រាប់​​ធ្វើ​បាតុកម្ម  ហើយ​​គេ​អាច​ធ្វើនៅពេល​ និង​ទីកន្លែង​ខុស​គ្នា​​​”។ លោក​បានមាន​ប្រសាសន៍ថា “ រដ្ឋាភិ​បាល​​​គួរ​តែ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុមប្រឆាំង​គ្នា​​ទាំង​​ពីរក្រុម​ ជា​ជាង​រៀប​ចំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​​ទាំង​ពីរ​។ អ្វី​ដែល​លោក​ ហ៊ុន សែន ចង់​និយាយ​គឺ​ថា គាត់​គំរាម​រៀប​ចំ​ឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​គាំទ្រ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​​”។

ឧត្តម​សេនីយ៍​ ខៀវ សុភ័គ សមាជិក​​ជាន់​ខ្ពស់​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួ​ង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍ថា ​សម្តី​របស់​នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ផ្តល់​សិទ្ធិ​សេរី​ភាព​ធ្វើ​បាតុកម្ម​ឡើង​វិញ​នេះ​នឹង​ជំនួស​បម្រាម​​​របស់​ក្រសួង​មហាផ្ទៃ​កាល​ពីថ្ងៃ​ទី៤​ខែ​មករា​ដែល​ប្រកាស​មិន​ឲ្យ​​មាន​ការ​ជួប​ជុំ​គ្នា​ជា​សាធា​រណៈ​ដោយ​គ្មាន​កាល​កំណត់​។ លោក​ ខៀវ សុភ័គ​ បានមាន​​ប្រសាសន៍​ថា “ ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ខ្ញុំ​​មាន​តម្លៃ​ជាង​សេចក្តី​ប្រកាស​ជាសាធារណៈ​របស់​​ក្រសួ​ងមហាផ្ទៃ​”។ លោក​បាន​បន្ថែម​ថា “ យើង​នឹង​ធ្វើ​តាម​គោ​លការណ៍​របស់​​នាយក​រដ្ឋមន្ត្រី​ខ្ញុំ​” ។

លោក​ ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ដែល​កម្លាំង​សន្តិសុខ​របស់​លោក​​បាន​វាយ​ដំ​ និង​ឃាត់​ខ្លួន​អ្នក​តវ៉ាជាច្រើន​ដង​​ចាប់​​តាំង​ពី​​មាន​ការ​​ផ្អាក​រដ្ឋ​ធម្ម​នុញ្ញ និង​ការ​ដាក់​បម្រាម​មិន​​ឲ្យ​ធ្វើ​បាតុកម្មកាល​ពីដើមខែ​មករា​មក ​បាន​ព្យាយាម​​ធ្វើការ​អះអាង​កាល​ពីម្សិល​មិញ​ថា មិន​ដែល​បដិសេធ​សិទ្ធិ​ជួប​ជុំគ្នារ​បស់​ប្រជាពល​រដ្ឋ​ឡើយ​។ លោក​បាន​អះអាង​ថា “ យើង​មិន​ដែល​ហាម​ឃាត់​មិន​ឲ្យ​តវ៉ា​ទេ​”។ លោក​បានមាន​ប្រសាសន៍ថា “ យើង​អាច​​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ប្រសិន​បើ​ការ​ធ្វើ​បាតុកម្ម​នោះ​ធ្វើ​តាម​​ច្បាប់​លើក​លែង​តែ​ការ​ជួប​ជុំ​គ្នា​អនាធិបតេយ្យ​គ្មាន​​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​”៕​គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស