កាលពីម្សិលមិញ បុគ្គលិកមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញដែលគេស្គាល់ថា មន្ទីរពេទ្យសម្ភពក្រុង បាននាំគ្នាតវ៉ាប្រឆាំងនឹងមន្ទីរសុខាភិបាលរាជធានី ដោយចោទប្រកាន់ថា មន្ទីរនេះបានប្រគល់អគារមន្ទីរពេទ្យរបស់ពួកគាត់ឲ្យទៅក្រុមហ៊ុនឯកជនមួយនៅក្នុងកិច្ចព្រមព្រៀង “ដោះដូរ” សម្ងាត់មួយទៀតពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ។

ក្រុមគ្រូពេទ្យប្រហែល៨០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដែលជាធម្មតាមានសភាពអ៊ូអរស្ថិតក្នុងខណ្ឌ៧មករា កាលពីម្សិលមិញ ដោយលើកបដាដែលមានសរសេរពាក្យស្លោកដូចជា “ចូលរួមបំបាត់អំពើពុករលួយ គ្មានការលក់ដូរ និងរុះរើ” ជាដើម។ ការតវ៉ានេះបានផ្ទុះឡើងនៅពេលវេជ្ជបណ្ឌិត នេត្រ សុវីរៈ ប្រធានមន្ទីរពេទ្យនេះបានជួបជាមួយលោក សុខ សុឃុន ប្រធានមន្ទីរសុខាភិបាលរាជធានី ដើម្បីពិភាក្សាគ្នាអំពីបទបញ្ជាសម្រាប់ឲ្យបុគ្គលិកមន្ទីរពេទ្យនេះរើចេញទៅអគារមួយផ្សេងទៀត ដែលតូចជាងនេះ ស្ថិតនៅចម្ងាយពីគ្នាប្រហែល៣០០ម៉ែត្រ។
ពេលទាក់ទងបានកាលពីម្សិលមិញ លោក សុខ សុឃុន បានមានប្រសាសន៍ថា មន្ទីរពេទ្យនេះ “មិនគ្រប់ស្ដង់ដារទេ” ហើយថា មន្ទីរសុខាភិបាលរាជធានីមិនចង់ជួសជុលថែទាំវាទេ ហើយក៏បានដោះដូរវាឲ្យទៅក្រុមហ៊ុនឯកជនមួយដែលលោក “មិនចាំឈ្មោះ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពីរឬបីឆ្នាំមុន យើងបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនមួយឲ្យគ្រប់គ្រងអគារមន្ទីរពេទ្យនេះ។ ក្រុមហ៊ុនបានសាងសង់អគារជំនួសមួយសម្រាប់មន្ទីរពេទ្យរើចូលទៅ ហើយពេលនេះគឺដល់ពេលដែលត្រូវរើចេញហើយ។ ហេតុអ្វីបានជាពួកគាត់ធ្វើការតវ៉ា?”។
វេជ្ជបណ្ឌិត នេត្រ សុវីរៈ ប្រធានមន្ទីរពេទ្យនេះបានបដិសេធមិនឆ្លើយបំភ្លឺជុំវិញការតវ៉ាដោយបុគ្គលិករបស់លោកឬអំពីការដោះដូរមន្ទីរពេទ្យរដ្ឋនេះទេ។ ទោះជាយ៉ាងណា អ្នកតវ៉ាទាំងនេះ ដែលរួមមានទាំងវេជ្ជបណ្ឌិត ហុង លីគួង អនុប្រធានមន្ទីរពេទ្យនេះដែរនោះ បានលើកឡើងថា អគារថ្មីមិនគ្រប់គ្រាន់ទេ។ លោកបានមានប្រសាសន៍ថា “យើងជួយសម្រាលទារកជាង២០០នាក់ក្នុងមួយខែនៅក្នុងមន្ទីរពេទ្យនេះ។ នៅក្នុងអគារថ្មីគ្មានទីធ្លាគ្រប់គ្រាន់សម្រាប់សម្រាលទារកទេ”។ លោកថ្លែងបន្តទៀតថា “ពួកគេបានប្រាប់យើងថា មន្ទីរពេទ្យនេះគ្រោះថ្នាក់ណាស់ ហើយថា ពួកគេចង់ជួសជុលវា ប៉ុន្តែពួកគេមិនបានប្រាប់យើងថា តើយើងនឹងត្រូវរើចូលមកវិញ [នៅមន្ទីរពេទ្យបង្អែកនេះ] ឬក៏យ៉ាងណាទេ។ យើងមិនដឹងឡើយ”។
វេជ្ជបណ្ឌិតវ័យ៥៦ឆ្នាំមួយរូប ដែលប្រាប់ឈ្មោះរបស់ខ្លួនត្រឹមតែ ម៉ាលី ដោយសារតែភ័យខ្លាចការធ្វើទុក្ខបុកម្នេញ បានលើកឡើងសំដៅដល់ករណីស្រដៀងគ្នាមួយកាលពីឆ្នាំ២០១១ថា បុគ្គលិកមន្ទីរពេទ្យមិនអាចជឿទុកចិត្តលើមន្ទីរសុខាភិបាលបានទេ។ កាលពីខែមិថុនា ឆ្នាំនោះ លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យបិទមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ដែលស្ថិតនៅកែងមហាវិថីព្រះនរោត្តម និងផ្លូវលេខ២៩៤ រយៈពេលបីខែ ដើម្បីជួសជុល។
បច្ចុប្បន្នមន្ទីរពេទ្យក្នុងខណ្ឌចំការមននេះត្រូវគេទុកចោលដោយគ្រាន់តែវ៉ៃសង្កសីបិទពីក្រៅ ហើយយោងតាមវេជ្ជបណ្ឌិត ម៉ាលី បានឲ្យដឹងថា បុគ្គលិកប្រហែល២០នាក់នៅមន្ទីរពេទ្យនេះបានចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
វេជ្ជបណ្ឌិត ម៉ាលី បានមានប្រសាសន៍ថា “គេបានប្រាប់ពួកយើងឲ្យសម្រាករយៈពេលបីខែ [ពីមន្ទីរពេទ្យបង្អែកខណ្ឌចំការមន]។ នោះជារឿងកាលពីបីឆ្នាំមុន។ តើឲ្យយើងជឿអ្វីដែលពួកគេប្រាប់យើងម៉េចនឹងបានទៅ? យើងជឿថា ពួកគេបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយរបស់វៀតណាម ហើយវាជារឿងផលប្រយោជន៍។ អគារថ្មីនេះទំនងជាមិនមែនមន្ទីរពេទ្យទេ”។ នៅឯអគារថ្មីនេះកាលពីម្សិលមិញ ច្រកជណ្ដើរយន្ត ដែលមិនទាន់មានទ្វារបិទបាំងនៅឡើយ កម្មករសំណង់កំពុងលាបម្នាងសិលា និងលាបថ្នាំនៅឡើយ ហើយបុរសម្នាក់ដេកលក់នៅខាងក្រោយអ្វីដែលទំនងជាតុទទួលភ្ញៀវ។ នៅក្នុងអគារថ្មីកម្ពស់ប្រាំជាន់នេះគ្មានបន្ទប់ណាមួយមានគ្រឿងបរិក្ខាសម្រាប់ត្រៀមទទួលព្យាបាលអ្នកជំងឺទេ។
ទោះបីជាបែបនេះក្ដី ក៏សេចក្ដីប្រកាសលាយលក្ខណ៍អក្សរមួយ ដែលមានឈ្មោះរបស់លោក សុខ សុឃុន ប្រធានមន្ទីរសុខាភិបាលរាជធានី ត្រូវបានចែកចាយឲ្យទៅអ្នកតវ៉ាទាំងនេះកាលពីម្សិលមិញ ដោយព្រមានពួកគេថា ប្រសិនបើបុគ្គលិកផ្នែករដ្ឋបាលនិងបុគ្គលិកផ្នែកគណនេយ្យមិនចាប់ផ្ដើមរើចេញភ្លាមៗទៅអគារថ្មីទេនោះ វេជ្ជបណ្ឌិត នេត្រ សុវីរៈ ប្រធានមន្ទីរពេទ្យនេះនឹងត្រូវបណ្ដេញចោល។
បុគ្គលិកមន្ទីរពេទ្យនេះ មិនព្រមរើចេញទេកាលពីម្សិលមិញ ហើយបានលើកឡើងថា ពួកគាត់នឹងបន្តធ្វើការតវ៉ាតទៅទៀតរហូតទាល់តែមន្ទីរសុខាភិបាលរាជធានីយល់ព្រមសាងសង់អគារពីរបន្ថែមទៀតនៅទីតាំងថ្មីនេះ។ បុគ្គលិកពេទ្យជាច្រើន ដែលធ្វើការតវ៉ាកាលពីម្សិលមិញ ក៏បានលើកឡើងសំដៅដល់បទបញ្ជាឆ្នាំ២០០៧របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាក់ថា ការដោះដូរដី និងទ្រព្យសម្បត្តិរដ្ឋមិនត្រូវពាក់ព័ន្ធនឹងមន្ទីរពេទ្យនិងសាលារៀនឡើយ។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសុន្ទរកថា ជាសាធារណៈនៅពេលនោះថា “សូមឯកឧត្តមព្យាយាមរក្សាទុកទីតាំងចាស់នៃសាលារៀន និងមន្ទីរពេទ្យគ្រប់កម្រិតទាំងអស់…។ មិនត្រូវដោះដូរទីតាំងទាំងនេះដាច់ខាត”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនបានដឹងពីកិច្ចព្រមព្រៀងដោះដូរដីមន្ទីរពេទ្យឬការតវ៉ារបស់ក្រុមគ្រូពេទ្យនេះទេ ហើយបានមានប្រសាសន៍បញ្ជាក់ថា សារាចរណែនាំរបស់លោក ហ៊ុន សែន ហាមប្រាមមិនឲ្យមានកិច្ចព្រមព្រៀងបែបនេះជាមួយក្រុមហ៊ុនបែបនេះ នៅតែមានប្រសិទ្ធិភាពនៅឡើយ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍អំពីបទបញ្ជាឆ្នាំ២០០៧ របស់លោកនាយករដ្ឋមន្ត្រីថា “ប្រសិនបើ [សម្ដេច ហ៊ុន សែន] មានប្រសាសន៍ថាម៉េច គឺអ៊ីចឹងហើយ”។ ប៉ុន្តែលោក ផៃ ស៊ីផាន បានព្រមានថា “វាអាស្រ័យលើថា តើកិច្ចព្រមព្រៀង [ដោះដូរមន្ទីរពេទ្យជាមួយ] ក្រុមហ៊ុនធ្វើឡើងមុន ឬក្រោយ [សម្ដេច ហ៊ុន សែន] មានប្រសាសន៍អំពីវា”៕ សុខុម