លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានគ្រោងទៅទស្សនកិច្ចនៅខេត្តកោះកុងនៅថ្ងៃនេះ ខណៈតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងទៅបំពេញទស្សនកិច្ចនៅដីសម្បទានទំហំ៤៥.០០០ហិកតារបស់ខ្លួនដែលមានជម្លោះជាយូរមកហើយជាមួយអ្នកភូមិជាច្រើនគ្រួសារ។
ការចុះទៅបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅតំបន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីផ្ទះសំបែងរបស់អ្នកភូមិប្រហែល៤៥គ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ដែលមានទឹកប្រាក់៣,៨ពាន់លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDGត្រូវបានដុតកម្ទេចកាលពីខែមករា ដោយកងសន្តិសុខប្រដាប់អាវុធ។ ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG គ្រោងបង្កើតរមណីយដ្ឋានទេសចរណ៍នេះនៅលើដីសម្បទានដ៏ធំដែលខ្លួនទទួលបាន។
លោក វ៉ាង ឆាវ (Wang Chao) អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG បានមានប្រសាសន៍ថា “ លោក សាយ សំអាល់ នឹងមកជួបជាមួយក្រុមហ៊ុន UDG”។ លោកបានមានប្រសាសន៍បន្ថែមថា “ ខ្ញុំមិនច្បាស់ទេថា គោលបំណងរបស់លោកគឺជាអ្វីនោះ។រដ្ឋាភិបាលបានរៀបចំឲ្យមានការទស្សនកិច្ចនេះ ហើយខ្ញុំគិតថា ប្រហែលជាពួកគាត់នឹងមកមើលគម្រោងនេះនិងគម្រោងផ្សេងៗទៀតនៅតាមមាត់សមុទ្រ។ ប្រហែលជាអាចមកមើលអ្វីផ្សេងទៀត ក្រៅពីក្រុមហ៊ុនUDG ។ ខ្ញុំគិតថា លោកនឹងមកទស្សនកិច្ចក្បែរភូមិថ្មី ជាទីដែលអ្នកភូមិបានត្រូវបានផ្លាស់ប្តូរឲ្យទៅរស់នៅទីនោះ ប៉ុន្តែខ្ញុំមិនច្បាស់នោះទេ”។
លោក ប៊ុន លើត អភិបាលខេត្តកោះកុងបានបញ្ជាក់ពីការទៅបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែលោកមិនបាននិយាយអ្វីឡើយនៅពេលត្រូវបានសួរទាក់ទិនការចុះទៅទស្សនកិច្ចក្រុមហ៊ុន UDG។
លោក ប៊ុន លើត បានមានប្រសាសន៍ថា “ លោកបានរៀបចំកម្មវិធីមកទីនេះប៉ុន្តែយើងមិនដឹងច្បាស់ទេថា លោកនឹងធ្វើអ្វីនោះ”។
លោក អន ភារៈ អភិបាលស្រុកបទុមសាគរបានឲ្យដឹងថា លោកក៏បានដឹងពីការមកទស្សនកិច្ចនេះដែរ ប៉ុន្តែលោកបានបង្វែរសំណួរទៅក្រសួងបរិស្ថានវិញ។លោក សៅ សុជាតិ នាយខុទ្ទកាល័យរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏នឹងចុះមកទស្សនកិច្ចស្រុកបទុមសាគរនិងស្រុកគិរីសាគរ ដែលសុទ្ធតែស្ថិតនៅក្នុងព្រំប្រទល់ដីសម្បទានដ៏ធំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG ផងដែរ។
ការមកទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះត្រូវបានធ្វើឡើងពីរថ្ងៃបន្ទាប់លោក សុន ឆ័យ សមាជិកសភាជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិបានជួបជាមួយអ្នកភូមិ ជាច្រើនគ្រួសារដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG ចាប់តាំងពីដីសម្បទានត្រូវបានផ្តល់កាលពីឆ្នាំ២០០៨មក។
លោក សុន ឆ័យ បានលើកឡើងបន្ទាប់ការចុះទៅទស្សនកិច្ចថា ក្រុមហ៊ុនចិនបានចាប់ផ្តើមដាំដំឡូងមីនៅលើដីដែលពួកគេគ្រោងនឹងបង្កើតរមណីយដ្ឋានដ៏ធំ មានដូចជាការសាងសង់សណ្ឋាគារ កន្លែងវាយកូនហ្គូលហ៍ និងអាកាសយានដ្ឋានឯកជនមួយជាដើម។
លោក អិុន គង់ចិត្រ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូប្រចាំខេត្តកោះកុងបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរតែចំណាយពេលវេលានៅក្នុងរបៀបវារៈរបស់លោកដើម្បីចុះមកត្រួតពិនិត្យគ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ចិន UDG។ លោកបានមានប្រសាសន៍ថា “ ប្រសិនបើលោកមិនអាចធ្វើដូច្នេះបាននោះ លោក គួរតែធ្វើការវាយតម្លៃសាជាថ្មីអំពីផលប៉ះពាល់ ដែលបង្កឡើងដោយការអភិវឌ្ឍរបស់ក្រុមហ៊ុនចិននិងស្វែងរកដំណោះស្រាយជូនអ្នកភូមិនោះ”។
អ្នកស្រី ស៊ុន គឹមសឿន អាយុ៥៨ឆ្នាំ អ្នកភូមិម្នាក់មកពីឃុំតានួនស្រុកបទុមសាគរបាននិយាយថា អ្នកស្រីបានដឹងអំពីការមកទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានទេ ប៉ុន្តែអ្នកស្រីសូមអំពាវនាវឲ្យលោកចុះមកត្រួតពិនិត្យដីមានជម្លោះផង។អ្នកស្រីបាននិយាយបន្ថែមទៀតថា “ ខ្ញុំចង់ឲ្យលោកមកត្រួតពិនិត្យកន្លែងមួយចំនួនដែលកើតមានបញ្ហា។ លោកគួរតែមកមើលក្រុមហ៊ុនដែលកំពុងតែឈូសឆាយនិងបំផ្លាញវាលស្រែនិងដំណាំរបស់អ្នកភូមិ”៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Lauren Crothers)