កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធរោងចក្រថាមពលអគ្គិសនីប្រើធ្យូងថ្មថ្មីមួយកន្លែង ដែលអាចផ្គត់ផ្គង់ថាមពលបាន១០០មេហ្គាវ៉ាត់នៅក្នុងខេត្តព្រះសីហនុ និងលើកឡើងនូវផែនការជំរុញវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា ឲ្យបានខ្លាំងក្លា។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅ ក្នុងពិធីសម្ពោធន៍នេះនៅក្នុងស្រុកស្ទឹងហាវថា រោងចក្ររបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Universal Holdings នេះនឹងជួយផ្គត់ផ្គង់ដល់ការប្រើប្រាស់ថាមពលអគ្គិសនីដែលកំពុងកើនឡើងក្នុងរាជធានីភ្នំពេញ។លោក ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងរាជធានីកំពុងតែប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងកាលពី៣០ឆ្នាំមុនរហូតដល់ទៅ១០ដង ពោលគឺបានកើនឡើង២៥ភាគរយក្នុងមួយឆ្នាំ។
លោកបានមានប្រសាសន៍ថា រដូវប្រាំងឆ្នាំមុន គឺជាពេលវេលាគួរឲ្យព្រួយបារម្ភមួយ ពីព្រោះវាបង្ហាញថា វិស័យថាមពលមិនអាចផ្តល់ឲ្យប្រទេសកម្ពុជានូវថាមពលអគ្គិសនីបានគ្រប់គ្រាន់ទេ។ លទ្ធផលនេះគឺថា ខេត្តក្រុងមួយចំនួនរាប់ទាំងរាជធានីភ្នំពេញផង ធ្លាប់មានបញ្ហាដាច់ចរន្តអគ្គិសនីអំឡុងការប្រើប្រាស់អគ្គិសនីអតិបរមាអំឡុងអាកាសធាតុក្តៅ។លោក ហ៊ុន សែន បានលើកឡើងថា បើទោះជាមានសមត្ថភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីជានិរន្តក៏ដោយ ក៏ទំនប់វារីអគ្គិសនីមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជា មិនអាចប្រតិបត្តិការយ៉ាងពេញលេញនៅក្នុងរដូវក្តៅបានដែរ។
នៅក្នុងខេត្តកំពត ទំនប់កំចាយអាចផ្តល់ថាមពល១៩៣មេហ្គាវ៉ាត់នៅរដូវភ្លៀង ក៏ប៉ុន្តែ អំឡុងរដូវប្រាំង ថាមពលរបស់វាថយចុះមកត្រឹម៥០ទៅ៦០មេហ្គាវ៉ាត់។ទំនប់វារីអគ្គិសនីប្រើដោយធ្យូងថ្ម គឺជាផ្នែកមួយនៃគម្រោងនៅក្នុងខេត្តព្រះសីហនុ ដែលនឹងមានគម្រោងសាងសង់រោងចក្រមួយទៀតដែលអាចចែកចាយថាមពលអគ្គិសនីបានជាង៤០០មេហ្គាវ៉ាត់។លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ នេះគឺជារោងចក្រទីមួយហើយដែលនឹងអាចផ្តល់ថាមពល១០០មេហ្គាវ៉ាត់ ហើយនៅចុងឆ្នាំនេះ រោងចក្រមួយទៀតដែលគាំទ្រដោយវិនិយោគិនចិន នឹងត្រូវបានសាងសង់ឲ្យមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនី៤០០មេហ្គាវ៉ាត់”៕ សុធា